Quantcast
Viewing all articles
Browse latest Browse all 11174

កម្ពស់​ទឹក​នៅ​ភូមិ​ស្រែគរ​ចាស់​ខាង​លើ​ទំនប់​វារីអគ្គិសនី​កំពុង​គំរាមកំហែង​ជីវិត​អ្នក​ភូមិ

Image may be NSFW.
Clik here to view.

ទឹក​ទន្លេ​សេសាន​នៅ​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខែត្រ​ស្ទឹងត្រែង​ឡើង​ជិត ៦​ម៉ែត្រ បើ​ធៀប​កម្ពស់​ទឹកទន្លេ​កាលពី​ថ្ងៃទី​៨ តុលា។ អាជ្ញាធរ​ឃុំ​ស្រែគរ​អះអាង​ថា កម្ពស់​ទឹក​នេះ កំពុង​គំរាមកំហែង​អាយុជីវិត​អ្នកភូមិ​ធ្ងន់ធ្ងរ និង ប៉ះពាល់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​មួយ​ចំនួន។

ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទទ្វារ​ទឹកជា​ស្ថាពរ អស់​រយៈពេល​ជាង កន្លះ​ខែ​ហើយ ខណៈ​ទឹកទន្លេ​បាន​ឡើង​លិច​ភូមិ និង​លំនៅឋាន​អ្នកភូមិ​ស្រែគរ​ចាស់ ជាង​ពីរ​សប្ដាហ៍​ហើយ​ដែរ គិត​ត្រឹម​ថ្ងៃទី​១៣ តុលា​។ អ្នកភូមិ​ស្រែគរ​អះអាង​ថា រហូត​មក​ទល់​ពេលនេះ ពុំ​ទាន់​មាន​ស្ថាប័ន​ណាមួយ​របស់​រដ្ឋាភិបាល​ផ្ដល់​ជំនួយ​មនុស្សធម៌​ទឹក​ស្អាត អប់រំ​បញ្ហា​អនាម័យ និង​ផ្ដល់​ជា​មធ្យោបាយ​ទូក​សម្រាប់​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​នៅឡើយ​ទេ មានតែ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យាម​នៅ​ច្រក​ផ្លូវ​ចូល​ភូមិ​ស្រែគរ ក្នុង​បំណង​រឹត​ត្បិត​សេរីភាព​ចេញចូល។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ តុលា​ថា ថ្វីបើ​ទឹកជំនន់​លិច​ភូមិ និង​លំនៅឋាន​ពួកគាត់​ក្ដី តែ​ពួកគាត់​នៅតែ​ក្រាញននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន និង​បាន​ដឹកជញ្ជូន​សម្ភារៈ សត្វ​ចិញ្ចឹម​តាម​ទូក​ដោយ​ខ្លួនឯង ទៅកាន់​ទី​ទួល​ខ្ពស់។ តែ​យ៉ាងណា​លោក​បារម្ភ​ថា ស្រូវ​កសិកម្ម​របស់​ពល​រដ្ឋ​ច្រើន​គ្រួសារ​ត្រូវ​លិចលង់​ទាំងស្រុង ហើយ​ផ្លូវលំ​មួយ​ចំនួន​ត្រូវ​ខូចខាត បង្ក​ការ​លំបាក​ដល់​ការ​ធ្វើដំណើរ។ លោក​បញ្ជាក់​ថា អ្នកភូមិ​ខ្លះ​បាន​ទៅ​រស់នៅ​ដីចម្ការ​របស់​ខ្លួន ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ចាស់ ចាប់ពី​៣ ទៅ ៥​គីឡួម៉ែត្រ ចៀស​ផុត​ពី​ទឹកជំនន់ ហេតុនេះ​ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​ផ្ដល់​សេវា​សាធារណៈ​ដល់​ពួកគាត់​ដែល​ទៅ​រស់នៅ​តំបន់​នោះ៖ «មាន​បំណង​តែមួយ​គាត់​ចង់​រស់នៅ​ភូមិ​ចាស់ ដោយ​មាន​ទីកន្លែង ចម្ការ​របស់​គាត់ កន្លែង​ទី​ទួល​សុវត្ថិភាព គឺ​គាត់​ទៅ​រស់នៅ​កន្លែង​ហ្នឹង​បណ្ដោះអាសន្ន​សិន»

ចំណែក​ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​រមាស​ចាស់ ខាងលើ​ទំនប់​លោក ប្រ៉ច រិទ្ធី ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេលនេះ កម្ពស់​ទឹក​នៅ​មិនទាន់​ឡើង លិច​ភូមិ​នៅឡើយ​ទេ ពោល​គឺ​កម្ពស់​ទឹក​ឡើង​ត្រឹម​ច្រាំងទន្លេ ខ្ពស់​ជាង​ថ្ងៃ​ធម្មតា ជាង ២​ម៉ែត្រ។ លើស​ពី​នេះ អ្នក​ភូមិ​បាន​ត្រៀម​ក្បូន​បណ្ដែត​ទឹក និង​ទីទួល​សុវត្ថិភាព​រួចហើយ។ លោក​ចោទ​ថា អាជ្ញាធរ​ខែត្រ​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​ចេញចូល​របស់​អ្នក​ខាងក្រៅ មិន​ឲ្យ​ចូល​តំបន់​នោះ​ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព៖ «គេ​ចង់​ចាប់ខ្លួន​ដល់​យើង ដើម្បី​កុំ​ឲ្យ​មាន​ចលនា​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​គាត់ គេ​ចង់​ចាប់ខ្លួន​ពួក​ខ្ញុំ​ប៉ុន្មាន​នាក់។ ពលរដ្ឋ​នៅ​ហ្នឹង​គាត់​ក្រោកឈរ​ដោយ​ខ្លួនឯង ហើយ​គាត់​នឹង​តស៊ូ​មតិ​រៀងៗ​ខ្លួន ហើយ​ពួកគាត់​ក៏​មិន​ព្រម​ចាកចេញ​ដែរ»

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នៅ​ឃុំ​ស្រែគរ​ឡើង​ដល់​ជាង ៧១​ម៉ែត្រ​ធៀប​រយៈកម្ពស់​នីវ៉ូ​ទឹក​សមុទ្រ និង​ឡើង​ជិត ៦​ម៉ែត្រ​នៅ​ភូមិ​ស្រែគរ​ចាស់ បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​ត្រូវ​លិចលង់​ស្ទើរ​ទាំងស្រុង។

មេឃុំ​ស្រែគរ​លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​នៅ​ភូមិ​ស្រែគរ​ចាស់ បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ហើយ​អាជ្ញាធរ​ខែត្រ​គ្រោង​រៀបចំ​កម្លាំង​អន្តរាគមន៍​សង្គ្រោះ។ លោក​រក​ឃើញ​ថា ពលរដ្ឋ​បដិសេធ​មិន​ទទួល​សំណង មាន​បញ្ហា​ប្រឈម​ច្រើន​រួមមាន ការ​លំបាក​ធ្វើ​ចរាចរ កង្វះ​ទឹក​ស្អាត សុវត្ថិភាព​កុមារ ខូចខាត​ស្រូវ​កសិកម្ម ទ្រព្យសម្បត្តិ និង​ការបោះបង់​ការ​សិក្សា​របស់​កុមារ​ជាដើម នៅ​គ្រា​ដែល​ទឹកជំនន់​កំពុង​គំរាមកំហែង​លំនៅឋាន​ពួកគាត់។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​បញ្ហា​នេះ​ជូន​ថ្នាក់លើ​ហើយ រីឯ​អាជ្ញាធរ​ខែត្រ​ក៏​គ្រោង​ចុះ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ដែរ និង​បាន​ត្រៀម​ផ្ទះ​ជាស្រេច ក្នុង​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សំណង ហើយ​ចង់​នៅ​លើ​ដី​កំណើត​ដូនតា​របស់​ខ្លួន​វិញ៖ «យើង​ចុះ​ទៅតាម​ផ្ទះ​ពួកគាត់ អប់រំ​ពួកគាត់​ឲ្យ​គាត់​ប្រយ័ត្នប្រយែង បញ្ហា​សុខភាព»

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ​អោយ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ។

អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ភូ ប៊ុនថាន់ រក​ឃើញ​ថា អាជ្ញាធរ​ខែត្រ​បាន​ដាក់​កម្លាំង​ពង្រាយ​នោះ ទំនង​ពុំ​មែន​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​នោះ​ទេ ខណៈ​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តំបន់​នោះ មិន​ចំ​ទីតាំង​ដែល​ត្រូវ​ជួយ​សង្គ្រោះ។ លើស​ពី​នេះ សមត្ថកិច្ច​ទាំងនោះ ត្រូវ​ពលរដ្ឋ​ចោទ​ថា បាន​រំខាន​ដល់​សេរីភាព​ធ្វើដំណើរ​របស់​ពួកគាត់ និង​រារាំង​អ្នក​ខាងក្រៅ​មិន​អោយ​ចូល​តំបន់​នោះ​ជាដើម៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរតែ​ចុះ​មូលដ្ឋាន មិន​ចាំបាច់​ចុះ​ខាងក្រៅ​ទេ ព្រោះ​ដាក់​ខាងក្រៅ​មិន​ដឹង​ធ្វើ​អី ។ បើ​ចុះ​មូលដ្ឋាន​ទើប​ដឹង​ស្ថានភាព​ច្បាស់​ជាក់ស្ដែង​យ៉ាងម៉េច ហើយ​គួរ​ជួយ​យ៉ាងម៉េច»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់ថា ពលរដ្ឋ​ដែល​មិន​ទទួល​សំណង ក៏​ជា​អ្នក​ដែល​ចូលរួម​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ជាមួយ​រដ្ឋាភិបាល​ដែរ ហេតុនេះ​ជីវភាព​រស់នៅ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ត្រូវ​បាន​ធានា​ដោយ​អង្គការ​រដ្ឋ អនុលោម​តាមច្បាប់។ លោក​ថា អាជ្ញាធរ​ខែត្រ​គួរតែ​រក​មធ្យោបាយ​អន្តរាគមន៍​សង្គ្រោះ​ពួកគាត់ ដោយ​ផ្ដល់​ជា​ថ្នាំពេទ្យ ទឹក​ស្អាត អប់រំ​ផ្នែក​អនាម័យ និង​មធ្យោបាយ​សង្គ្រោះ​នានា ចៀសវាង​បាតុភាព​អាក្រក់​កើតឡើង​ហើយ​អាជ្ញាធរ​ខែត្រ​នឹង​រង​ការ​រិះគន់៖ «ឆន្ទៈ​របស់​អាជ្ញាធរ​មាន​តែ​សកម្មភាព​គាត់​មិន​សូវ​បាន​ដិតដល់ ទៅ​ហ្នឹង​ការ​ឆ្លើយតប​អ្វី​ដែល​ចង់បាន​ពី​ពលរដ្ឋ»

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ គឺ​មាន ៣​ក្រុមហ៊ុន ដែល​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។ ទំនប់​នេះ​នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី១ នៅ​ដើម​ឆ្នាំ ២០១៨ ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles