Quantcast
Viewing all articles
Browse latest Browse all 11174

គ្រួសារ​ខ្មែរ​ដែល​វៀតណាម​ព្រួត​វាយ​សម្លាប់​នៅ​ព្រៃវែង​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី

Image may be NSFW.
Clik here to view.

គ្រួសារ​ខ្មែរ​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់ នៅ​ឃុំ​អ្នក​លឿង ស្រុកពាមរក៏ ខេត្ត​ព្រៃវែង អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី ខណៈ​សំណុំ​រឿង​នេះ បាន​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ ដោយសារតែ​តុលាការ​ចេះតែ​ពន្យារ​ពេល មិន​ចាត់ការ​តាម​នីតិវិធី។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លើក ឡើង​ថា តុលាការ​គួរតែ​ពន្លឿន​នីតិវិធី​តាម​ការ​ស្នើ​សុំ​របស់​ជនរងគ្រោះ ព្រោះ​ពួកគេ​កំពុង​មាន​វិបត្តិ ផ្លូវចិត្ត និង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ។

សំណុំរឿង​ជនជាតិ​វៀតណាម ព្រួត​គ្នា​វាយ​សម្លាប់​បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ភូមិ​អ្នកលឿងក្រោម ឃុំ​អ្នកលឿង ជាប់​នឹង​ភូមិ​៦ ឃុំ​ព្រែកខ្សាយ​ខ ស្រុក​ពាមរក៏ ខេត្ត​ព្រៃវែង​នោះ បាន​អូស​បន្លាយ​ពេល ជាង​មួយ​ឆ្នាំ​ទៅ​ហើយ។ គ្រួសារ​ជនរងគ្រោះ អះអាង​ថា តុលាការ ហាក់​ទុក​សំណុំ​រឿង​នេះ ចោល ដោយ​មិន​ចាត់ការ​ឲ្យ​លឿន​ទៅមុខ​សោះ ខណៈ​ពួកគាត់ កំពុង​រស់​រង​ទុក្ខវេទនា និង​ទន្ទឹង​ចាំ​យុត្តិធម៌។

ភរិយា​ជនរងគ្រោះ អ្នកស្រី ចាន់ ស៊ីណា រៀបរាប់​ថា សំណុំរឿង​ឃាតកម្ម​ដ៏​ឃោរឃៅ​ដែល​ប្រព្រឹត្ត ដោយ​ជនជាតិ01​វៀតណាម លើ​ប្ដី​អ្នកស្រី​នេះ គឺ​តុលាការ​បាន​កោះហៅ​អ្នកស្រី​អោយ​ទៅ​ជួប​តែ​ម្ដង​គត់ កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​តុលាការ​គ្រាន់តែ​ប្រាប់​ថា សំណុំ​រឿង​នេះ​ត្រូវ​ពន្យារ​ពេល ហើយ​តុលាការ​ក៏​មិនបាន​បញ្ជាក់​ថា នឹង​ចាប់​ផ្ដើម​ជំនុំជម្រះ​នៅ​ពេល​ណា​នោះ​ឡើយ៖ «គេ (តុលាការ) គ្រាន់តែ​ប្រាប់​យើង​ថា លើក​ថ្ងៃមួយ​មាត់គត់ ហើយ​គេ​អោយ​យើង ត្រឡប់​មក​ផ្ទះ​វិញ។ ខ្ញុំ​ភ័យខ្លាច​តែ​គេ​អត់​កាត់​ក្ដី។ សូម​អោយ​តុលាការ​កាត់​ក្ដី​ឲ្យ​លឿនៗ​ទៅ ដើម្បី​បាន​សំណង​ខ្លះ​យក​មក​រកស៊ី​នៅ​តាម​ខេត្ត​ផ្សេងៗ ដូចជា​ទៅ​សៀមរាប​អី​អញ្ចឹង ព្រោះ​ខ្ញុំ​មិន​ចង់​នៅ​អ្នកលឿង ដោយសារ​នៅ​អ្នកលឿង​ពិបាក​រកស៊ី​ណាស់»

អ្នកស្រី ចាន់ ស៊ីណា ប្ដឹង​ទាមទារ​ឲ្យ​អាជ្ញាធរ និង​តុលាការ​បន្ត​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត និង​ស្នើ ឲ្យ​ពន្លឿន​នីតិវិធី​លើ​សំណុំ​រឿង​នេះ។ អ្នកស្រី​ប្ដឹង​ទាមទារ​សំណង​ចំនួន ៣០​លាន​រៀល និង​ឲ្យ តុលាការ​ផ្ដន្ទាទោស​ជនល្មើស​តាមច្បាប់។

ជនរងគ្រោះ​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​មានឈ្មោះ រ័ត្ន ធី អាយុ ៣៣​ឆ្នាំ។ ភរិយា​ជន រងគ្រោះ រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៦ ប្ដី​អ្នកស្រី បាន​ដើរ​ទៅ​ទិញ​បារី​នៅ​តូប លក់ដូរ​ក្បែរ​ផ្ទះ​។​ពេលនោះ ជនជាតិ​វៀតណាម​ម្នាក់ បាន​សម្លុត​ទារ​បារី តែ​ប្ដី​អ្នកស្រី​មិន​ឲ្យ ក៏​កើតជា​ទំនាស់​ពាក្យសម្ដី​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​កាន់តែ​ធំ ដោយ​មាន​ជនជាតិ​វៀតណាម​លើស​ពី​២០ នាក់ ប្រដាប់​ដោយ​ដំបង ឈើ​មូល ឈើ​ជ្រុង ដែកគាស់ និង​កាំបិត ចូលរួម​ព្រួត​វាយ​ប្ដី​អ្នកស្រី​រហូត ដល់​ស្លាប់ និង​មានបំណង​សម្លាប់​អ្នកស្រី និង​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ហ៊ាន​ចូល​ជួយ​ទៀត​ផង។

ក្នុង​សំណុំ​រឿង​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​ចោទប្រកាន់​មនុស្ស​៧​នាក់ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​បទ​ចោទ​ស្ថាន​ទម្ងន់​ទោស ដោយសារ​មរណភាព​នៃ​ជន រងគ្រោះ ដែល​នឹង​ជាប់ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ១៥​ឆ្នាំ និង​មាត្រា​២៩ នៃ​ច្បាប់ អន្តោប្រវេសន៍​ពី​បទ ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត។ ក្នុងចំណោម​ជនជាប់ចោទ​ទាំង​៧​នាក់​នោះ មាន ម្នាក់​ឈ្មោះ​វៀន យ៉ាងស៊ុយ ជា​ជនជាតិ​វៀតណាម គឺ​តុលាការ​កំពុង​តាម​ចាប់ខ្លួន ហើយ​ម្នាក់​ឈ្មោះ តូ យ៉ាងហុក ត្រូវ​បាន​ដោះលែង​វិញ។ បច្ចុប្បន្ន​នេះ នៅ​មាន​ជនជាប់ចោទ​៥​នាក់​ទៀត កំពុង​ឃុំខ្លួន ក្នុង​ពន្ធនាការ រួមមាន​ទី​១​ឈ្មោះ វៀន យ៉ាងកង ទី​២ ឈ្មោះ​វៀន យ៉ាងងឿ ទី​៣ ឈ្មោះ ឡាំ យ៉ាងសៀង ទី​៤​ឈ្មោះ វីរៈ ដែន និង​ទី​៥ ឈ្មោះ ជិន បារាំង។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី មាន​ប្រ សាសន៍​ថា ករណី​ជនជាតិ​វៀតណាម ព្រួត​វាយ​លើ​ពលរដ្ឋ​កម្ពុជា​នេះ គឺ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​ទាម ទារ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​តុលាការ ត្រូវតែ​ចាត់វិធានការ​ឲ្យ​ម៉ឺងម៉ាត់ និង​បន្ទាន់​ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ៖ «តុលាការ​គួរតែ​ពន្លឿន​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​នូវ​ភាព​យុត្តិធម៌។ កាត់ទោស​ឲ្យ ជន​ប្រព្រឹត្ត បាន​ទទួលទោស​តាមច្បាប់​ហើយ​គាត់​ក៏​ទទួល​បាន​សំណង​ដែរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​គាត់ ព្រោះថា គាត់​បាន​បាត់បង់​សសរ​រឹងមាំ​នៅ​ក្នុង​គ្រួសារ ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់ ក្រីក្រ»

សព្វថ្ងៃ អ្នកស្រី ចាន់ ស៊ីណា កំពុង​រស់នៅ​ចិញ្ចឹម​កូន ៦​នាក់ ដោយ​កូនប្រុស​ពៅ អាយុ​ទើបបាន ១​ឆ្នាំ។ ជីវភាព​អ្នកស្រី​កាន់តែ​ធ្លាក់​ដុនដាប បន្ទាប់ពី​ស្វាមី​ស្លាប់​ទៅ។ អ្នក​ជិតខាង​ផ្ទះ​ជនរងគ្រោះ សុទ្ធតែ បង្ហាញ​ក្ដី អាណិតអាសូរ​ចំពោះ​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ ដែល​ខិតខំ​តស៊ូ​ទាំង​ត្រដាបត្រដួស។ ពួកគេ​ថា តុលាការ​គួរតែ​ចាត់វិធានការ​ឲ្យ​បាន​លឿន និង​មាន​យុត្តិធម៌​ពេញលេញ ដើម្បី​បន្សាប​ការ​ឈឺចាប់ ផ្លូវចិត្ត​របស់​គ្រួសារ​ជនរងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles