Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទទូច​ឲ្យ​រដ្ឋាភិបាល​កុំ​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ

$
0
0

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) អំពាវនាវ​ឲ្យ​អ្នកនយោបាយ​បញ្ឈប់​ការ ធ្វើ​នយោបាយ​ជះ​កំហឹង​ដាក់គ្នា ដោយ​ងាក​មក​ចាប់​ដៃ​គ្នា​ក្នុង​ការ​សាង​ប្រទេសជាតិ និង​បញ្ឈប់​នូវ​ការ​ចាប់ចង ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស ដែល​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​នោះ។ ការ​លើក​ឡើង​បែបនេះ នៅ​ក្រោយ​ពេល មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤ ចំនួន​នាក់ មាន លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា លោក នី សុខា អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង​គជ.ប លោក នី ចរិយា​បាន​ទទួល​ពានរង្វាន់ ម៉ាទីន អេណល (Martin Ennals) ពី​អង្គការ​អន្តរជាតិ​ចំនួន​១០ ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក អះអាង​កាលពី​ថ្ងៃ​ទី​១២ តុលា​ថា ពួក​លោក​នៅតែ​បន្ត​បេសកកម្ម​ការងារ​សិទ្ធិមនុស្ស​បន្ត​ទៀត ទោះបីជា​សំណុំរឿង​ពួកគាត់​មិនទាន់​បញ្ចប់​នៅ​តុលាការ​នៅឡើយ​ក្ដី។

លោក យី សុខ សាន មាន​ប្រសាសន៍​ថា លោក​មាន​មោទនភាព​លាយឡំ និង​ភាព​ឈឺចាប់ ពី​ព្រោះ​ថា ការងារ​របស់​ពួកគាត់​ជា​ការងារ​មនុស្សធម៌​ដើម្បី​ជួយ​ពលរដ្ឋ និង​សង្គម​មិន​ខុស​ពី​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា​ទេ តែ​បែរ​ជា​ពួកគាត់​ត្រូវ​បាន​ចោទប្រកាន់ និង​ទទួលទោស​ទៅវិញ។

ការ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ទៀត​នេះ នៅ​ក្រោយ​ពី មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​ចំនួន​នាក់ និង​អគ្គលេខាធិការ​រង​គជ​ប លោក នី ចរិយា បាន​ទទួល​ពានរង្វាន់ ម៉ាទីន អេណល នៅ​ទីក្រុង​ហ្សឺណេវ (Geneva) ប្រទេស​ស្វីស (Switzerland) កាលពី​ថ្ងៃ​ទី​១០ តុលា។

ក៏ប៉ុន្តែ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង ៤​រូប រួម​ទាំង​លោក នី ចរិយា ផង មិន​បាន​ទៅ​ទទួល​ពាន់​រង្វាន់​នេះ​ដោយ​ផ្ទាល់​ទេ ដោយ​កូនៗ​របស់​គាត់​បាន​ទៅ​ទទួល​ជំនួស​វិញ ដោយសារតែ​ពួកគាត់ ត្រូវ​បាន​តុលាការ​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅឡើយ។

មន្ត្រី​អាដហុក​ទាំង ៤​រួប និង​លោក នី ចរិយា ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា ក៏ប៉ុន្តែ​តុលាការ​បានសម្រេច​រក្សា​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​កំណត់​កាតព្វកិច្ច ឲ្យ​ជូន​ត្រូវ​ចោទ​បី​ចំណុច គឺ​ទី​១ មិន​ឲ្យ​ផ្លាស់ប្ដូរ​ទីលំនៅ​ឋាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​តុលាការ ទី​២ មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត​ពី​តុលាការ និង​ទី​៣ ត្រូវ​ឆ្លើយតប និង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​តុលាការ។

ពាន់​រង្វាន់​នេះ ត្រូវ​បាន​ប្រគល់​ជូន​អ្នកការពារ​សិទ្ធិមនុស្ស មកពី​តំណាង​បី​ប្រទេស ដែល​បាន​ជ្រើសរើស គឺ​មាន ប្រទេស​កម្ពុជា ប្រទេស​សាវ៉ាឌ័រ (Savader) និង​ប្រទេស​អេស៊ីប (Egypt) ដែល​គេ​ចាត់​ទុក​ប្រទេស​ទាំងនេះ​ថា ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​ពួកគាត់​បាន​ធ្វើ​ការ​ប្ដូរ​ផ្ដាច់​និង​ភាព​ក្លាហាន ដើម្បី​ការពារ និង​លើកស្ទួយ​វិស័យ​សិទ្ធិមនុស្ស ទោះបីជា​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ក្ដី។

លោក នី សុខា និង​លោក យី សុខ សាន្ត សំដែង​ក្ដី​រំភើប​ដូចគ្នា​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​នេះ ដែល​បញ្ជាក់​ថា ការងារ​របស់​ពួកគាត់​កន្លងមក​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នកការពារ​សិទ្ធិមនុស្ស ពិសេស​ស្ថានភាព​សិទ្ធិមនុស្ស​កំពុង​ស្ថិតនៅ​ក្នុង​ភាព​ប្រថុយប្រថាន​នៅឡើយ​នេះ។

ទោះបីជា​បែបនេះ​ក្ដី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ជា​ប្រទេស​សម្រាប់​ឋានសួគ៌​របស់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​ផ្នែក​អង្កេត​សិទិ្ធ​មនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា ថ្លែង​ថា កម្ពុជា​ជា​ប្រទេស​ឋានសួគ៌​របស់​គណបក្ស​នយោបាយ ឬ​សង្គម​ស៊ីវិល​យ៉ាងណា​នោះ គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​លោក ហ៊ុន សែន ក៏ប៉ុន្តែ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន លោក​បញ្ជាក់​ថា នៅ​មាន​កម្រិត​នៅឡើយ ។ លោក នី សុខា នៅតែ​ប្ដេជ្ញា​ថា ទោះបីជា​តុលាការ​មិនទាន់​បញ្ចប់​សំណុំរឿង​ពួកគាត់ ដែល​ជា​កត្តា​រាំងស្ទះ​ខ្លះ​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគាត់​ក្ដី ប៉ុន្តែ​លោក​មិន​រា​ថយ​ចំពោះ​បេសកកម្ម​របស់​លោក ក្នុង​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស​ឡើយ។

ទន្ទឹម​នឹង​នេះ ការិយាល័យ​នៃ​ឧត្តមស្នងការ​របស់​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ បាន​សម្ដែង​ការ​ភ័យ​ព្រួយ​ជា​ខ្លាំង ចំពោះ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។ អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​មួយ​នេះ ទាមទារ​ឲ្យ​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គោរព​ការពារ​សិទ្ធិមនុស្ស និង​គោរព​រដ្ឋធម្មនុញ្ញ ដើម្បី​ទប់ស្កាត់​ការ​វិល​ត្រឡប់​ទៅ​រក​ការ​ដឹកនាំ​បែប​រដ្ឋ​ឯកតោភាគី​ឡើងវិញ។

ចំពោះ នាយក​ផ្នែក​ច្បាប់ និង​គោលនយោបាយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ចេម រ៉ូស អះអាង​ថា ការ​បង្ក្រាប​ចុងក្រោយ​របស់​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​អាវុធ​ពិឃាដ​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំងស្រុង​តែម្ដង។ លោក​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ នៅ​សល់តែ ៨ ខែ​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ចូល​មកដល់។ លោក​អំពាវនាវ​ឲ្យ ប្រទេស​នានា​ដែល​បាន​ផ្ដួចផ្ដើម​ឲ្យ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​មាន​ចែង​អំពី​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ ឲ្យ​រស់រាន​ឡើងវិញ។

លោក នី សុខា និង លោក យី សុខសាន្ត ទទូច​ទៅ​រដ្ឋាភិបាល ឬ​តុលាការ សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំងឡាយ​មក​លើ​ពួក​លោក ដែល​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាំង​៤​រូប និង​លោក នី ចរិយា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ​សមគំនិត និង​សូកប៉ាន់​សាក្សី កាលពី​ថ្ងៃទី​១ ខែ ឧសភា ឆ្នាំ​២០១៦ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​សាកសួរ និង​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​បន្ត​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ជុំវិញ​ការចោទប្រកាន់​របស់​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ គិត​ត្រឹម​ថ្ងៃ​ដោះលែង​កាលពី​ខែ​មិថុនា​នោះ អ្នក​ទាំង​៥​រួប ជាប់ពន្ធនាគារ​មាន​រយៈពេល​ជាង​១​ឆ្នាំ។

ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា​មើល​ឃើញ​ថា អ្នក​ទាំង​៥​នាក់​នេះ ជា​មនុស្ស​មានទោស​ក្ដី ក៏ប៉ុន្តែ​សហគមន៍​អន្តរជាតិ មើល​ឃើញ​ពី​ការ​លះបង់​របស់​ពួកគាត់​ក្នុង​ការ​ប្ដូរ​ផ្ដាច់​ការពារ​សិទ្ធិមនុស្ស​ឥត​ខ្លាច​រអា​ទោះ​ស្ថិត​នៅ​ក្នុង​ភាព​គំរាមកំហែង​ក្ដី។

ចំពោះ​ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៣ សម្រាប់​ផ្តល់​ជូន​ជា​លក្ខណៈ​អន្តរជាតិ ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ​នៅ​ទូទាំង​ពិភពលោក ដែល​ហ៊ាន​ធ្វើការ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ភាព​ក្លាហាន និង​ត្រូវ​បាន​ការ​ការពារ​ជា​សាធារណៈ។

ពាន់​រង្វាន់​នេះ​គេ​ផ្ដល់​ជូន អ្នកការពារ​សិទ្ធិមនុស្ស​ដែល​មាន​សេចក្ដីក្លាហាន​ជា​រៀងរាល់​ឆ្នាំ​នៅ​ទីក្រុង ហ្សឺណេវ ប្រទេស​ស្វីស ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​១០ រួមមាន អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​ហ្រ្វន់ឡាញ (Frontline) និង​អង្គការ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles