Clik here to view.

ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង គណបក្សសង្គ្រោះជាតិប្ដេជ្ញាជាថ្មី ថា នៅតែបន្តការងារអភិវឌ្ឍក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយមិនងាករេឡើយ ទោះបីជាអាជ្ញាធរធ្វើទុក្ខបុកម្នេញក៏ដោយ។ ចៅសង្កាត់រូបនេះ អះអាងថា មូលហេតុដែលកញ្ញាមិនរាថយ ដោយយល់ឃើញការងារទាំងអស់នោះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង។
ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មានប្រសាសន៍នៅថ្ងៃទី១១ តុលាថា បើទោះជាស្ថានការណ៍នយោបាយក្ដៅគគុកយ៉ាងនេះក្ដី ក៏កញ្ញានៅតែបន្តការងារចុះជួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយមិនរុញរាឡើយ។ ចៅសង្កាត់គណបក្សប្រឆាំងរូបនេះ អះអាងថា មូលហេតុដែលសកម្មការងារទៅមុខ ពីព្រោះគិតថា ការងារដែលខ្លួនអនុវត្តគឺគ្មានអ្វីខុសនោះទេ៖ «ហើយមកដល់ពេលខ្ញុំមិនបានយកចិត្តទុកដាក់ រឿងភ័យខ្លាចឬដើរថយក្រោយនោះទេ។ ព្រោះយើងជាប់ជាចៅសង្កាត់ហើយមិនបម្រើពលរដ្ឋគឺគ្មានន័យទេ ហើយធ្វើប្រជាពលរដ្ឋអស់សង្ឃឹមដោយសារយើងមិនធ្វើការងារជូនពួកគាត់»។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចារ ភាគច្រើនគាំទ្រនឹងការអភិវឌ្ឍរបស់ចៅសង្កាត់មួយនេះ ហើយថែមទាំងលើកឡើងថា ជាចៅសង្កាត់សកម្មការងារ ដើម្បីប្រយោជន៍រួម។
ពលរដ្ឋរស់នៅភូមិអណ្ដូងចេញ សង្កាត់អូរចារអះអាងថា ផ្លូវនៅមុខផ្ទះរបស់អ្នកស្រីលិចទឹករាល់ឆ្នាំ ដោយពុំមានចៅសង្កាត់ណាជួយសាងសង់ឲ្យនោះទេ គឺ មានតែចៅសង្កាត់ជាប់ឆ្នោតថ្មីរូបនេះ បានដាក់លូសង់ផ្លូវឲ្យពួកគាត់ធ្វើដំណើរបានស្រួល៖ «ខ្ញុំត្រូវការឲ្យគាត់ធ្វើការងារបន្តទៀត ព្រោះគាត់ធ្វើការល្អ ហើយគាត់ចិត្តល្អណាស់ ជួយពលរដ្ឋដោយមិនរើសអើងគណបក្សនយោបាយទេ»។
ចំណែកពលរដ្ឋនៅភូមិអណ្ដូងចេញម្នាក់ទៀត ថ្លែងថា អ្នកស្រីពេញចិត្តនិងគាំទ្រនូវការអភិវឌ្ឍរបស់សង្កាត់អូរចារ ពីព្រោះចៅសង្កាត់រូបនេះធ្វើការដើម្បីប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំអរណាស់ដែលចៅសង្កាត់បានមកធ្វើផ្លូវឲ្យពួកគាត់នេះ ព្រោះកាលពីមុនខ្ញុំដើរលុយទឹក ទើបតែឥឡូវជាប់ចៅសង្កាត់ថ្មីគាត់ធ្វើផ្លូវឲ្យ ខ្ញុំសូមអរគុណដែលជួយឲ្យខ្ញុំបានផ្លូវដើរនេះ ព្រោះក្មេងទៅសាលារៀនមិនពិបាកដូចមុនទេ។ ហើយមេឃុំថ្មីនេះសំដីសំដៅគេល្អណាស់»។
កន្លងមក ចៅសង្កាត់វ័យក្មេងរូបនេះត្រូវបានសាលាក្រុងបាត់ដំបងចេញលិខិតកោះហៅទៅព្រមានជាច្រើនលើករួចមកហើយ ដោយសារស្ដីបន្ទោសឲ្យបំពេញការងារតាមបែបរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ។ មិនតែប៉ុណ្ណោះ ការងាររបស់ចៅសង្កាត់រូបនេះ ជំរុញឲ្យសមាជិករដ្ឋសភា លោក ឈាង វុន ឈរជើងមិននឹងក៏បានចុះមកពិនិត្យមើលដល់ទីកន្លែងជាច្រើនលើក។ លោក ឈាង វុន ថែមទាំងបានស្ដីបន្ទោសទៅចៅសង្កាត់បក្សប្រឆាំងរូបនេះ ថាអភិវឌ្ឍខុសបច្ចេកទេស និងគ្មានស្តង់ដារទៀតផង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ការងារអភិវឌ្ឍរបស់ចៅសង្កាត់អូរចារ ពុំមានអ្វីខុសច្បាប់នោះទេ ហើយលោកក៏សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធគួរតែងាកមករកការពិភាក្សាគ្នាប្រសើរជាងការទម្លាក់កំហុស ទៅលើបុគ្គលម្នាក់ៗ៖ «យើងអត់ត្រូវបន្ទោសទេ យើងត្រូវចូលរួមទៅវិញ ខ្ញុំគិតថា ចូលរួមដើម្បីធ្វើឲ្យការងារនឹងបានប្រសើរទៅវិញ ដូចជាការដាក់លូ ប្រសិនជាគាត់ធ្វើមិនត្រឹមត្រូវ យើងនាំគ្នាចូលទៅមើល ហើយប្រជុំជជែកគ្នាទៅថា ការដាក់លូនឹងមិនត្រឹមត្រូវទេ ឥឡូវយើងធ្វើរបៀបណាវិញដើម្បីឲ្យការដាក់លូបានល្អ នេះជាការចូលរួមហើយវាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះពេលនេះទឹកលិចក្នុងភូមិឃុំរបស់គាត់»។
ចាប់តាំងពីជាប់ឆ្នោតធ្វើជាចៅសង្កាត់អូរចារមកទល់ពេលនេះ មានរយៈពេលជិត៣ខែហើយ។ អំឡុងកាន់តំណែងជាចៅសង្កាត់មួយនេះ ច្រើនតែបង្ហោះសកម្មភាពការងាររបស់ខ្លួនតាមហ្វេសប៊ុក(Facebook) ស្ទើររៀងរាល់ថ្ងៃ ទាំងការងារនៅក្នុងសង្កាត់ និងចុះតាមភូមិ ដូចជាការធ្វើផ្លូវក្រាលគ្រួសក្រហម និងការស្ដារប្រឡាយទឹកជាដើម។ ចៅសង្កាត់រូបនេះ ប្ដេជ្ញានឹងបំពេញការងាររបស់ខ្លួនជូនប្រជាពលរដ្ឋទៅមុខទៀត ដោយមិនរាថយឡើយ៕