Clik here to view.

ក្រសួងពាណិជ្ជកម្ម នឹងប្រារព្ធទិវាដំឡូងមី ជាលើកទី២ នៅខែត្រប៉ៃលិន នៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីជំរុញការនាំចេញ នៃកសិផលដំឡូងមីកម្ពុជា។ កសិករដាំដំឡូងមី អបអរសាទរនឹងការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម ដោយស្នើឲ្យមានការជួយជំរុញខ្លាំងពីភាគីរដ្ឋ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយក្រុមប្រឹក្សាកម្មវិធី ពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ហៅថា ELS ដែលជាផ្នែកមួយនៃអង្គការពាណិជ្ជកម្មពិភពលោក ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១១ តុលា នៅសណ្ឋាគារភ្នំពេញ ថា គោលនយោបាយដំឡូងមី មានរួចរាល់ហើយ នៅលើក្រដាស ហើយកំពុងតែអនុវត្តគោលនយោបាយនេះ ដើម្បីជំរុញឲ្យមានការវិនិយោគលើដំណាំដំឡូងមីនៅកម្ពុជា។
កាលពីខែមីនាឆ្នាំ២០១៧ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន បានឲ្យដឹងថា កម្ពុជាជាប្រទេសឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសដែលបានផលិតដំឡូងមី ធំៗទាំង១០លើពិភពលោក។ ការបញ្ជាក់នេះ គឺបន្ទាប់ពី លោក បាន ចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២ ស្ដីពីម្សៅដំឡូងមី (Second World Starch) នៃទីក្រុងឌូបៃ (Dubai) នៃប្រទេសអារ៉ាប់រួម។ ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ គឺប្រទេសនីហ្សេរីយ៉ា (Nigeria) លេខ២ ប្រទេសថៃ ចំណែកលេខ៣ គឺប្រទេសឥណ្ឌូណេស៊ី។
កសិករដាំដំឡូងមីម្នាក់ រស់នៅខែត្រត្បូងឃ្មុំ ប្រាប់ថា តម្លៃដំឡូងមីបច្ចុប្បន្នមានតម្លៃជាង៣០០រៀលក្នុងមួយគីឡូ។ តម្លៃនេះ កសិករអាចទទួលយកបាន ប៉ុន្តែកសិករព្រួយបារម្ភថា តម្លៃដំឡូងធ្លាក់ចុះជាងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច របស់កសិករ។
ក្រុមកសិករដែលប្រកបរបរដាំដំឡូងមី បានរៀបរាប់ថា តម្លៃដំឡូងមី ទើបតែបានឡើងថ្លៃល្មមទទួលយកបាននៅឆ្នាំនេះទេ ដោយប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃដំឡូងមី បានធ្លាក់ថ្លៃដល់កម្រិតដែលកសិករខ្លះ មិនមានលទ្ធភាពដកលក់ឲ្យឈ្មួញ។
ឈ្មួញដែលដើរទិញដំឡូងមីរបស់កសិករភាគច្រើន គឺជាជនជាតិថៃ និងវៀតណាម។ ក្រុមកសិករខ្លះ ប្រាប់ថា ជាញឹកញយក្រុមឈ្មួញបានទម្លាក់តម្លៃដំឡូងមី ដូចកសិផលដទៃទៀតដែរ។ ពួកគេបានសំណូមពរឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ជួយរក្សាតម្លៃដំឡូងមី ដែលកសិករផលិតបានក្នុងមួយឆ្នាំៗ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ រៀបរាប់ថា ដំណាំដំឡូងមី មានសក្ដានុពលខ្ពស់ណាស់ ព្រោះដំឡូងមីត្រូវបានគេយកទៅប្រើប្រាស់ជាស្បៀងអាហារផង និងផលិតជាឥន្ធនៈបានដែរ។ លោក ប៉ាន សូរសក្ដិ រំពឹងថា ទិវាដំឡូងមីលើកទី២ នៅខែត្រប៉ៃលិន នឹងពង្រីកទីផ្សារដំឡូងមីរបស់កសិករនៅកម្ពុជា៕