Clik here to view.

ក្រុមអ្នកច្បាប់ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបញ្ជូនសេចក្ដីស្នើច្បាប់ចំនួន៤ ទៅ គណៈកម្មាធិការអចិន្ត្រៃយ៍សភា ស្នើសុំវិសោធនកម្ម ដើម្បីយកអាសនៈរបស់គណបក្សដែលត្រូវ តុលាការរំលាយ ចែកឲ្យគណបក្សផ្សេងដែលគ្មានសំឡេងនៅក្នុងសភានោះ ថាជារឿងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធនៅថ្ងៃទី១០ តុលា ថា មិនដឹងរឿងនេះទេ។
ក្រុមអ្នកច្បាប់បញ្ចេញប្រតិកម្មភ្លាមៗ ក្រោយពេលអ្នកច្បាប់របស់គណបក្សកាន់អំណាចបញ្ជូនសេចក្ដីស្នើសុំវិសោធនកម្មច្បាប់ចំនួនបួននេះថា ជាការប្លន់អំណាច ជាន់ឈ្លីប្រជាពលរដ្ឋ និងជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មានប្រសាសន៍ថា លោកសោកស្ដាយដែលតំណាងរាស្ត្រគណបក្សកាន់អំណាចស្នើសុំវិសោធនកម្មច្បាប់ទាំងបួននេះថា ជាការក្បត់ឆន្ទៈប្រជាពលរដ្ឋ និងជារឿងអយុត្តិធម៌ ជាទីបំផុតសម្រាប់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ នៅក្រោយពេលក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបញ្ជូនសេចក្ដីស្នើសុំវិសោធនកម្ម ច្បាប់ចំនួនបួន គឺ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ខ្លឹមសារនៃការសុំធ្វើវិសោធនកម្មច្បាប់ទាំងបួន នេះ គឺយកអាសនៈរបស់គណបក្សដែលត្រូវតុលាការរំលាយ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទាំងបួននេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់នៅថ្ងៃទី១០ តុលាថា លោកមិន បានដឹងពីរឿងនេះទេ។
ទោះបីជាយ៉ាងនេះក្ដី អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានទទួលការស្នើសុំវិសោធនកម្មច្បាប់ទាំង៤នេះ ពីខាងគណបក្សប្រជាជនកម្ពុជា និងបញ្ជូន ទៅគណៈកម្មាធិការអចិន្ត្រៃយ៍សភា ដែលនឹងប្រជុំពិភាក្សានៅថ្ងៃទី១២ តុលា នៅមុនពេលកិច្ចប្រជុំសភាលើកទី៩ នីតិកាលទី៥ចាប់ផ្ដើម ដើម្បីបញ្ជូនបន្តទៅគណៈកម្មការនីតិកម្មនៃរដ្ឋសភា។
ការស្នើសុំវិសោធនកម្មច្បាប់ទាំងបួននេះ នៅក្រោយពេលក្រសួងមហាផ្ទៃបានដាក់ពាក្យប្ដឹងទៅតុលាការកំពូល ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ យោងតាមបណ្ដឹងគណបក្សតូចៗចំនួនពីរ ដែលគ្មានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សធ្លាប់ឈ្នះឆ្នោតដឹក រដ្ឋាភិបាល ហើយបានបាត់បងសំឡេងជាបន្តបន្ទាប់រហូតដល់រលាយអាសនៈទាំងអស់នៅក្នុងរដ្ឋសភា និងគណបក្សទើបបង្កើតថ្មោងថ្មី គឺគណបក្សយុវជនកម្ពុជា ដែលអ្នកវិភាគចាត់ទុកគណបក្សទាំងពីរនេះ ថាជាគណបក្សអាយ៉ង ឬជាឧបករណ៍របស់គណបក្សកាន់អំណាច។
ក្រៅពីនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីទៀត នៅថ្ងៃទី១០ តុលា នេះ ថា គេនឹងរំលាយគណបក្សសង្គ្រោះជាតិចោល បើសិនជានៅតែការពារលោក កឹម សុខា។
ការចង់រំលាយគណបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ជាង ៣លាននាក់នេះ ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្សកាន់អំណាចកំសាកខ្លាចចាញ់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ ហើយក្រោយពីរំលាយ យកអាសនៈទាំងឡាយរបស់គណបក្សប្រឆាំងប្រគល់ជូនបក្ស ដែលគ្មានអាសនៈក្នុងសភា ដើម្បីឲ្យគេមើលឃើញថា មានសមាជិកសភាចម្រុះមកពីគណបក្សផ្សេងនៅក្នុងរដ្ឋសភា។
សមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ សម្រាប់នីតិកាលទី៥នេះ មានចំនួន ៥៥រូប សមាជិកព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧ មានជាង៥ពាន់នាក់ សមាជិកក្រុមប្រឹក្សាស្រុក រាជធានី-ខែត្រ មានជិត៨០០នាក់ និងសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី មានចំនួន១១រួប។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំនៅថ្ងៃទី១២ តុលា នេះទេ ដោយសារតែការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ពិសេសការចាប់លោក កឹម សុខា ជាដើម។ លោក អេង ឆៃអ៊ាង បញ្ចេញប្រតិកម្មថា គណបក្សកាន់អំណាចអាចធ្វើអ្វីៗតាមចិត្តបាន តែមិនត្រូវរំលោភឆន្ទៈប្រជាពលរដ្ឋដូច្នេះទេ។
ក្រុមអ្នកច្បាប់ចាត់ទុក ការស្នើសុំវិសោធនកម្មច្បាប់នេះថា ជាការប្លន់អំណាច ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋមួយចំហៀងប្រទេស។
រដ្ឋធម្មនុញ្ញមាត្រា៧៨ ចែងថា នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីស្បថចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។
មេធាវីមួយរូបសុំមិនបញ្ចេញឈ្មោះ ពន្យល់ថា នៅក្នុងប្រទេសដែលអនុវត្តច្បាប់ត្រឹមត្រូវនោះ ការធ្វើ វិសោធនកម្មច្បាប់ណាមួយបាន លុះត្រាតែច្បាប់ដែលមានជាធរមានហើយអនុវត្តទៅប៉ះពាល់ផល ប្រយោជន៍ជាតិ និងប្រជារាស្ត្រ ទើបគេស្នើសុំធ្វើវិសោធនកម្ម។ ម្យ៉ាងទៀតដើម្បីវិសោធនកម្មបាន គឺគេធ្វើវិសោធនកម្មច្បាប់ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ លោកមេធាវីរូបនេះ ហៅទង្វើរបស់គណបក្សកាន់អំណាចទាំងនេះ ជាទង្វើមើលប្រជាពលរដ្ឋ ក្បត់ឆន្ទៈពលរដ្ឋ និងជា ទង្វើធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ដែលច្បាប់ផ្សេងទៀត មិនអាចរំលោភបាន។
អ្នកច្បាប់អះអាងថា សមាជិកសភាគណបក្សប្រជាជនកម្ពុជា តែងតែរំលោភរដ្ឋធម្មនុញ្ញម្ដងហើយ ម្ដងទៀត ពោលនៅពេលដែលខ្លួនចង់ធ្វើអ្វីមួយ គឺតែងតែធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធតាមក្រោយ ដើម្បីជារូបភាពមើលពីខាងក្រៅថាស្របច្បាប់ ដូចជាការចង់កម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ គណបក្សប្រជាជនកម្ពុជាបានធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយម្ដងជាពីរដង ដែលចែងមិនឲ្យអ្នកទោសធ្វើប្រធានបក្ស និងច្បាប់ផ្សេងៗទៀតជាដើម។
លើសពីនេះទៀត លោក យឿង សុធារា អះអាងថា ជារឿងមិនសមរម្យសោះឡើយ ដែលសមាជិក សភាគណបក្សកាន់អំណាច ធ្វើវិសោធនកម្មដោយឯកបក្ស តម្រូវទៅតាមអ្វីដែលខ្លួនចង់បាន ដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងបែបនេះ។
ទោះបីជាគណបក្សប្រឆាំងប្រកាសមិនចូលរួមប្រជុំសភានៅថ្ងៃទី១២ តុលា និងអ្នកច្បាប់លើកឡើងថា ការគ្រោងធ្វើវិសោធនកម្មសេចក្ដីស្នើច្បាប់ទាំង៤នេះ ជាការធ្វើរដ្ឋប្រហាររធម្មនុញ្ញ និងក្បត់ ឆន្ទៈប្រជាពលរដ្ឋក្ដី ប៉ុន្តែអគ្គលេខាធិការរដ្ឋសភាអះអាងថា គេនៅតែបន្តនីតិវិធីប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ ដើម្បីពិនិត្យមើលសេចក្ដីស្នើនេះ និងសមាជិកសភាគណបក្សកាន់អំណាចនៅតែបើកកិច្ច ប្រជុំ ដើម្បីពិភាក្សាលើរបៀបវារៈផ្សេងមួយចំនួនទៀត។
ការបោះជំហានទៅមុខរបស់គណបក្សកាន់អំណាចនៅពេលនេះ គឺគណបក្សនេះ ហាក់មិនខ្វល់អំពី ការព្រួយបារម្ភ និងថ្កោលទោសពីសហគមន៍អន្តរជាតិសោះឡើយ។
សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍មួយថ្មីទៀតកាលពីថ្ងៃទី៩ តុលា ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញ ចំពោះការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ពីព្រោះថា គណបក្ស នេះ ជាគណបក្សដែលទទួលបានសំឡេងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាម បែបប្រជាធិបតេយ្យសេរីពហុបក្សនោះ មានអ្នកគាំទ្រជាង៤០% ដែរ។
សហភាពអឺរ៉ុបនៅតែព្រួយបារម្ភ ដែលបានចេញសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗដែរ ចំពោះការវិវឌ្ឍនយោបាយនាពេលបច្ចុប្បន្ន ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ពិសេសការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ហើយអាជ្ញាធរកម្ពុជាចាត់ចែង ដើម្បីស្វែងរកការរំលាយគណបក្សប្រឆាំង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
អ្នកវិភាគលើកឡើងថា គ្រប់សកម្មភាពរបស់គណបក្សកាន់អំណាចធ្វើនេះ អាចជោគជ័យនូវអ្វី ដែលខ្លួនចង់ធ្វើនៅពេលនេះ ក៏ប៉ុន្តែមិនសន្មតថា អាចទទួលបានជ័យជំនះយូរអង្វែងឡើយ ថ្វីត្បិតតែ ពលរដ្ឋហាក់នៅស្ងៀមស្ងាត់ ក៏ប៉ុន្តែពុំមានន័យថា ពួកគាត់ខ្លាចនោះឡើយ ពលរដ្ឋនឹងអាចប្រើសិទ្ធិ របស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ងើបតតាំងទាមទារសិទ្ធិរបស់ខ្លួនវិញ នៅពេលណាមួយ មិនខាន៕