Clik here to view.

មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង រិះគន់អាជ្ញាធរមូលដ្ឋាននៅក្នុងខេត្តនេះថា រារាំងមិនឲ្យសកម្មជនគណបក្សខ្លួនផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ហើយធ្វើឲ្យពលរដ្ឋមិនបានដឹងព័ត៌មានពីការចុះឈ្មោះបោះឆ្នោតឲ្យបានទូលំទូលាយ។
មន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបង សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅក្នុងខេត្តនេះមានចំនួនតិច។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ជា ជីវ មានប្រសាសន៍ នៅថ្ងៃទី១០ តុលា ថា មូលហេតុដែលប្រជាពលរដ្ឋនៅខេត្តមួយនេះ ទៅចុះឈ្មោះបោះឆ្នោតតិច ដោយសារអាជ្ញាធរមិនបានផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឲ្យបានទូលំទូលាយ។ លោកបន្ថែមទៀតថា កន្លងមកមន្ត្រីឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ ព្យាយាមចុះផ្សព្វផ្សាយដំណឹងជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដែរ ក៏ប៉ុន្តែអាជ្ញាធរនៅតាមមូលដ្ឋាន បានហាមឃាត់មិនឲ្យពួកគាត់ធ្វើយុទ្ធនាការនេះជូនដំណឹងទៅប្រជាពលរដ្ឋឡើយ៖ «ទី២ ពលរដ្ឋចំណាកស្រុកហើយរួមផ្សំនីតិវិធីនៃកាចុះឈ្មោះបោះឆ្នោតលំបាក ពីមុនប្រជាពលរដ្ឋគ្រាន់តែទៅឃុំ-សង្កាត់ ដោយការស្នាក់នៅបណ្ដោះអាសន្ន គាត់អាចសុំបញ្ជាក់ពីមេឃុំដើម្បីចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែនៅពេលនីតិវិធីត្រូវទៅប៉ូលិសឃុំ-សង្កាត់ ដើម្បីធ្វើសៀវភៅក៨ និងក៩ ទើបអាចទៅចុះឈ្មោះបោះឆ្នោតបាន»។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាបានទេនៅថ្ងៃទី១០ តុលា។
ទោះជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា គ្រប់គណបក្សនយោបាយមានសិទ្ធិធ្វើយុទ្ធនាការជំរុញ ឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបាន ដោយពុំខុសច្បាប់ឡើយ លើកលែងតែមន្ត្រីទាំងនោះ ប្រើប្រាស់សារនយោបាយ ឬការបញ្ចុះបញ្ចូលញុះញង់ ដែលពុំមែនជាសារអប់រំជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត «បើយើងមើលករណីនេះ បើសិនជាក្នុងករណីមន្ត្រីបក្សប្រឆាំងគាត់យកព័ត៌មានផ្សព្វផ្សាយស្ដីពីការចុះឈ្មោះបោះឆ្នោត ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត វាអត់មានខុសទេ គឺអាជ្ញាធរទៅវិញទេដែលខុស ពីព្រោះអាជ្ញាធរបានរារាំង។ ព្រោះការផ្សព្វផ្សាយអប់រំទៅចុះឈ្មោះបោះឆ្នោត គឺធ្វើដោយបើកចំហ ដែលមានគ.ជ.ប អនុញ្ញាតឲ្យគ្រប់ភាគី»។
របាយការណ៍គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ឲ្យដឹងថា ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួច នៅក្នុងខេត្តបាត់ដំបងគិតត្រឹមថ្ងៃទី៩ តុលា មានជាង២ម៉ឺន ២ពាន់នាក់ (២២,៥០៦) ក្នុងនោះអ្នកដែលផ្ទេរចូលពីខាងក្រៅចំនួនជាង១ពាន់ ៥០០នាក់ (១,៥២១) អ្នកប្ដូរការិយាល័យក្នុងឃុំ-សង្កាត់មានជាង ៧៨០នាក់ និងអ្នកផ្ទេរចេញពីឃុំ-សង្កាត់មាន ១ពាន់ ៥០០នាក់(១,៥៣២)។ចំណែកពលរដ្ឋដែលត្រូវចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតថ្មី មានជាង ២០ម៉ឺន(២០០,០០០)នាក់៕