
តំណាងប្រជាពលរដ្ឋទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនលោក ហេង ហ៊ុយ ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ជា សុផារ៉ា ដែលបានជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ ជូនពួកគាត់ប្រើប្រាស់អាស្រ័យផលដូចដើមវិញ។
សង្គមស៊ីវិល ក៏ស្នើដល់ប្រមុខដឹកនាំជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃ ឈានទៅផ្ដល់យុត្តិធម៌ ជូនប្រជាពលរដ្ឋរាប់រយគ្រួសារទៀត ដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករស ឬស្ករអំពៅ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចប់ឲ្យបានឆាប់ដែរ។
តំណាងពលរដ្ឋទាំង ១៥គ្រួសារ រស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ប្រាប់អាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី៩ ខែតុលាថា លោកស្រី បានសរសេរលិខិតថ្លែងអំណរគុណ ដល់លោកនាយករដ្ឋមន្ត្រី ដែលប្រមុខដឹកនាំបានចាត់ឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះស្រាយបញ្ចប់ជម្លោះដីធ្លីជូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អស់រយៈពេលជិត ១០ឆ្នាំ។
លិខិតចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ មានផ្ដិតស្នាមមេដៃលោកស្រី ផាវ ញ៉ើង តំណាងប្រជាពលរដ្ឋទាំង ១៥គ្រួសារ បានបង្ហាញក្ដីរំភើប និងបានសន្យាថា នឹងចងចាំអស់មួយជីវិត ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំអំពៅផលិតស្ករសសម្រាប់នាំចេញទៅក្រៅប្រទេស មានទីតាំងនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
លិខិតដដែល បានប្ដេជ្ញាគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារៀងរហូត ដើម្បីដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរីកចំរើន។
បន្ថែមលើនេះ អ្នកស្រី ផាវ ញ៉ើង ក៏ស្នើដល់ លោក ជា សុផារ៉ា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពន្លឿនចេញប្លង់កម្មសិទ្ធិដីលំនៅឋានជូនពួកគាត់ ប្រើប្រាស់ស្របច្បាប់ឲ្យបានឆាប់។ ជាងនេះ ក៏នៅមានប្រជា ពលរដ្ឋរាប់រយគ្រួសារទៀត នៅរស់នៅស្រុកស្រែអំបិល ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករស ឬស្ករអំពៅ ដែលមិនទាន់ដោះស្រាយបញ្ចប់ ជម្លោះក៏ស្នើឲ្យប្រមុខដឹក នាំជួយដោះស្រាយ បញ្ចប់វិវាទឲ្យបានឆាប់ដែរ។
បញ្ហានេះ លោក ញៀប សំអឿន អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង ស្វាគមន៍ចំណាត់ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងពលរដ្ឋ ១៥គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុន ហេង ហ៊ុយ ជូនប្រជាពលរដ្ឋ នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិលពេលនេះ។ ទន្ទឹមគ្នានេះ លោកក៏ស្នើដល់លោក ជា សុផារ៉ា ពិសេសប្រមុខដឹកនាំ ឲ្យជួយបន្តដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋរាប់រយគ្រួសារទៀត ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចំនួន ២ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចប់ឲ្យបានឆាប់ដែរ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារដោះស្រាយវិវាទដីធ្លីទី៨ របស់ក្រសួងរៀបចំដែនដី ដឹកនាំដោយ លោក ទេព ធន បានជួបប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន ១៥គ្រួសារ រស់នៅភូមិព្រែកជីក ឃុំជីខក្រោម ដែលមានទំនាស់ដីធ្លី ជាមួយភាគី លោក ហេង ហ៊ុយ នាយកក្រុមហ៊ុន ហេង ហ៊ុយ ដោយភាគីវិវាទ បានឯកភាពបញ្ចប់ជម្លោះដីធ្លីនេះជាស្ថាពរហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីពេលថ្មីៗនេះ៕