
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សខ្មែររួបរួមជាតិប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី៨ តុលា បានជួបជុំគ្នាប្រជុំពង្រឹងសមាជិកបក្សនៅទីស្នាក់ការគណបក្ស នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រធានគណបក្សខ្មែររួបរួមជាតិ ខេត្តបន្ទាយមានជ័យ លោក សៅ នី មានប្រសាសន៍ថា ការជួបជុំគ្នានេះមានលក្ខណទ្រង់ទ្រាយធំ ជាលើកដំបូងក្នុងចំណោម៣លើក ក្រោយពីសមត្ថកិច្ចឃុំខ្លួនអតីតប្រធានគណបក្ស លោក ញឹក ប៊ុនឆៃ កាលពីដើមខែសីហាកន្លងទៅ។ លោក សៅ នី សង្កត់ធ្ងន់ទៀតថា ការប្រជុំនេះ ដើម្បីពង្រឹងសមាជិកគណបក្សត្រៀមខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងនៅឆ្នាំ២០១៨ខាងមុខ៖ «ក្នុងខេត្តបន្ទាយមានជ័យខ្ញុំមានសង្ឃឹម ថាខ្ញុំឈ្នះឆ្នោត ព្រោះក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិកបក្សរបស់ខ្ញុំនៅតាមភូមិមានច្រើន ដោយពុំបានចាកចេញទៅគណបក្សផ្សេងនោះទេ បើទោះជាមាន ក៏មានចំនួនតិចតួចប៉ុណ្ណោះ»។
កាលពីថ្ងៃទី២៤ កញ្ញា គណបក្សមួយនេះបានធ្វើសមាជវិសាមញ្ញ និងបានអនុម័តការធ្វើវិសោធនកម្មកែសម្រួលលក្ខន្តិក និងជ្រើសតាំងលោក សឹង គីរី ជាប្រធានគណបក្ស និងលោក អ៊ុំ សុមន្ថា ជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ ក្រោយពីប្រធានគណបក្សគឺលោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន ជាប់ចោទពីបទឃុបឃិតក្នុងការជួញដូរគ្រឿងញៀន៕