
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គត្រាស់បង្គាប់តែងតាំងមន្ត្រីក្នុងក្របខ័ណ្ឌនគរបាលជាតិចំនួន ១៥នាក់ នៅថ្ងៃទី៦ ខែតុលា ចាប់ពីថ្នាក់វរសេនីយ៍ រហូតដល់នាយឧត្ដមសេនីយ៍។ អ្នកវិភាគបញ្ហាសង្គម យល់ឃើញថា ការដំឡើងតួនាទីច្រើនបែបនេះ នឹងធ្វើឲ្យសង្គមវ៉ល់ទៅវិញ មិនដឹងអ្នកណាធំជាងអ្នកណា។
ការដំឡើងតួនាទីបន្ថែមទៀតក្នុងជួរនគរបាលនេះ ស្របពេលកម្ពុជាមានវិបត្តិនយោបាយ ដែលសហគមន៍អន្តរជាតិ កំពុងព្រួយបារម្ភពីជោគវាសនាប្រទេសកម្ពុជា និងអំពាវនាវ ឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវវិលទៅរកគន្លងប្រជាធិបតេយ្យឡើងវិញ។
ព្រះរាជក្រឹត្យដែលចេញក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី៦ ខែតុលា គឺបានដំឡើងឋានន្តរសក្ដិ"នាយឧត្ដមសេនីយ៍" ផ្កាយបួនចំនួន ៤នាក់ ក្នុងនោះមានលោក ទូច ណារ៉ុថ លោក ម៉ក់ ជីតូ លោក ហ៊ឹម យ៉ាន និងលោក ឃុន សំបូរ ដែលមុខងារបច្ចុប្បន្នរបស់មន្ត្រីនគរបាលទាំងបួនរូបនេះជា ឧត្ដមសេនីយ៍ឯកផ្កាយបី។
ក្រៅពីនេះ នៅមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដាច់ឡែកមួយផ្សេងទៀត ដែលចេញក្នុងថ្ងៃតែមួយ ព្រះអង្គក៏សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងមន្ត្រីនគរបាលចំនួន ១១រូបផ្សេងទៀត ចាប់ពីវរសេនីយ៍ រហូតដល់ថ្នាក់ ឧត្ដមសេនីយ៍ដែរ។
អ្នកវិភាគនយោបាយ យល់ឃើញថា ការព្យាយាមដំឡើងមុខងារ ឬ តួនាទីដ៏ច្រើនបែបនេះ មិនមែនជាសញ្ញាល្អប៉ុន្មាននោះឡើយ។ លោកបណ្ឌិត មាស នី ចាត់ទុកថា ការបន្តឡើងឋានៈដល់មន្ត្រីគ្រាក់ៗទាំងនេះ ពុំមានអ្វីក្រៅពីដើម្បីព្យាយាមការពារ និងរក្សាអំណាចរបស់រដ្ឋាភិបាលទេ។ លោកបន្តថា ក្នុងស្ថានភាពនយោបាយ កាន់តែអាប់អួបែបនេះ ការព្យាយាមដំឡើងតួនាទីដល់កងកម្លាំងប្រដាប់អាវុធ គឺជាជម្រើសតែមួយគត់ របស់រដ្ឋាភិបាល ធ្វើបែបណាអាចរក្សាអំណាច ឲ្យកាន់តែរឹងមាំ។
ការព្យាយាមដំឡើងតួនាទីគ្រាក់ៗ ដល់មន្ត្រីនគរបាលនៅពេលនេះ ធ្វើឡើងក្រោយពីមានព្រះរាជក្រឹត្យដូចគ្នានេះដែរ ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្ដីពី កាលពីចុងខែកញ្ញា និង ដើមខែតុលា បានតែងតាំងក្រុមសមាជិកលេខារបស់លោក ហ៊ុន សែន ចំនួន ៥០នាក់ និង មនុស្សចំនួន ៩នាក់ផ្សេងទៀត ត្រូវដំឡើងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ ការតែងតាំងដ៏ច្រើនរាប់ភ្លេចនេះ គឺនៅមិនទាន់គិតដល់ទីប្រឹក្សា ដែលមានស្រាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ។ ការដំឡើងតួនាទី ដល់ជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីដទៃទៀត ជាបន្តបន្ទាប់នេះ ក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិនយោបាយ គឺស្របពេលបក្សប្រឆាំង កំពុងត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមកម្ចាត់ចេញពីឆាកនយោបាយ សំឡេងសង្គមស៊ីវិលត្រូវបានបង្ក្រាប និងប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋាភិបាល ត្រូវបិទទ្វារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវរងការរិះគន់ថា កំពុងធ្វើយុទ្ធនាការកម្ចាត់សំឡេងប្រឆាំងនៅមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។
ទាក់ទិនរឿងនេះ លោកបណ្ឌិត មាស នី យល់ឃើញថា ការព្យាយាមដំឡើងឋានៈ យ៉ាងច្រើនស្អេកស្កះនេះ នឹងនាំឲ្យខាតថវិការដ្ឋ មានវិបត្តិការងារនិងតួនាទីរបស់មន្ត្រីទាំងនោះទៅវិញទេ។ ម្យ៉ាងទៀត ការដំឡើងមុខងារនេះ អាចនឹងកើតការច្រណែន រវាងមន្ត្រីដែលបំពេញកិច្ចការច្រើនឆ្នាំ តែពុំមានបក្សពួក ឬសែស្រឡាយ ជំរុញឲ្យកើតការគុំកួន និងចង់កំហឹង។
អ្នកវិភាគនយោបាយយល់ឃើញថា ប្រទេសមួយដែលអាចកំណត់បានថា ដឹកនាំប្រទេសទៅរករបបផ្ដាច់ការ ឬតាមបែបយោធានិយមនោះ គឺមេដឹកនាំប្រទេសព្យាយាមប្រមូលកងកម្លាំងដាក់ក្បែរខ្លួន ដើម្បីការពារអំណាច ហើយព្យាយាមដំឡើងតួនាទីដល់មន្ត្រីទាំងនោះដើម្បីលួងលោមយកចិត្តពួកគេ។
នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ មន្ត្រីយោធាចាប់ពីថ្នាក់នាយឧត្ដមសេនីយ៍ជាដើម បានប្រកាសការពារក្រុមគ្រួសារត្រកូល ហ៊ុន ហើយព្រមានចាត់វិធានការ ប្រឆាំងក្រុមណាដែលចង់បំផ្លាញរដ្ឋាភិបាល និងលោក ហ៊ុន សែន៕