Clik here to view.

សហជីពធំៗនៅកម្ពុជាចំនួន១០ នាំគ្នាធ្វើការទាមទារដើម្បីស្នើទៅថៅកែរោងចក្រ និងអ្នកពាក់ព័ន្ធឲ្យបញ្ឈប់កិច្ចសន្យាការងារមិនទៀងទាត់ ឬកិច្ចសន្យាការងារប្រភេទខ្លី។ ក្រុមសហជីពលើកឡើងថា ប្រភេទកិច្ចសន្យានេះធ្វើអោយកម្មករជួបវិបត្តិការងារ ព្រមទាំងប្រឈមនឹងការបាត់បង់ការងារ រួមទាំងមិនទទួលបានអត្ថប្រយោជន៍អ្វីពីការងារគេនោះទេ។
ក្រុមសហជីព និងកម្មករកម្មការិនីនៅតាមបណ្ដារោងចក្រនានា បានយកថ្ងៃទី៧ ខែ តុលា ដែលជាទិវាការងារសមរម្យសម្រាប់ពិភពលោក ធ្វើការទាមទារទៅថៅកែរោងចក្របញ្ឈប់ការជួលកម្មករធ្វើការក្នុងរយៈពេលខ្លី ឬជាប្រភេទកិច្ចសន្យាការងារមិនទៀងទាត់។ ពាក្យថា បញ្ឈប់ការងារមិនទៀងទាត់ ជាប្រធានបទដែលសហជីពជាតិ និងអន្តរជាតិលើកឡើងទិវាការងារសមរម្យសម្រាប់ពិភពលោកនូវឆ្នាំនេះ។
ក្រុមកម្មករនាំឈរនៅមុខរោងចក្រនានាក្នុងថ្ងៃនេះ ក្នុងពេលសម្រាកទទួលទានអាហារថ្ងៃត្រង់លើកបដាដោយមានពាក្យស្លោកថា បញ្ឈប់ការងារមិនទៀងទៀត។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា កិច្ចសន្យាការការងារខ្លី ជាប្រភេទកិច្ចសន្យាខុសច្បាប់ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍កម្មករ និងរំលោភទៅលើសិទ្ធិរបស់កម្មករ។
លោកថា យុទ្ធនាការនេះមានរយៈតែមួយថ្ងៃនេះទេ ហើយក៏មិនទាន់មានការឆ្លើយតបពីថៅកែរោងចក្រ ក្រសួងការងារ និងអ្នកពាក់ព័ន្ធនៅឡើយទេ។ ប៉ុន្តែ លោក ប៉ាវ ស៊ីណា រំពឹងថា រដ្ឋាភិបាលនឹងពិនិត្យមើលឡើងវិញប្រភេទកិច្ចសន្យាខ្លីនេះ។
លោកឲ្យដឹងដែរ លោកបានទាមទារឲ្យបញ្ឈប់កិច្ចសន្យាការងារប្រភេទនេះ ជាង ៦ឆ្នាំ មកហើយប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ យ៉ាងក៏ដោយចុះ មួយរយៈពេលចុងក្រោយនេះដើម្បីប្រជាប្រិយភាពគណបក្សកាន់អំណាច ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះជួបកម្មករនៅតាមរោងចក្រដើម្បីសុំការគាំទ្រពីក្រុមកម្មករ។ ទោះលោក ហ៊ុន សែន មិនទាន់មានការសន្យាដល់កម្មកររោងចក្រកាត់ដេរ ជាផលប្រយោជន៍ដុំកំភួនក្ដី ប៉ុន្តែក្រុមសហជីពរំពឹងថា លោកនាយករដ្ឋមន្ត្រីនឹងលុបប្រភេទកិច្ចសន្យាខ្លីនេះចោលដែលជាការជួយលើកកម្ពស់សិទ្ធិ និងប្រយោជន៍របស់កម្មករ៕