
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន សម្រេចរុះរើបដាដែលដាក់តវ៉ាស្នើឲ្យតុលាការដោះលែងលោក កឹម សុខា ចេញពីមុខទីស្នាក់ការបក្ស ក្រោយពីទទួលបានលិខិតបញ្ជារបស់អភិបាលខេត្តនេះកាលពីរសៀលថ្ងៃទី៦ តុលាការ។ មន្ត្រីបក្សប្រឆាំងអះអាងថា មូលហេតុដែលរើបដាចេញដោយបារម្ភខ្លាចអាជ្ញាធរបង្ក្រាបនាំឲ្យកើតហិង្សាដាក់គ្នា។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ហៅលិខិតបញ្ជាឲ្យដកបដាចេញដោយអភិបាលខេត្តនេះ ថា ជាការគំរាមកំហែងធ្ងន់ធ្ងរមកលើបក្សប្រឆាំងមិនអាចទទួលយកបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន លោក ឃឹម ប៉ុន ឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ថា ពួកគាត់បាននាំគ្នាទៅទម្លាក់បដាដែលដាក់តវ៉ាឲ្យតុលាការដោះលែង ប្រធានគណបក្សរបស់ខ្លួនចេញ ក្រោយពីទទួលលិខិតពីអាជ្ញាធរប្រមាណ៤ម៉ោង។ ប៉ុន្តែ លោកអះអាងថា អាជ្ញាធរបង្គាប់ឲ្យពួកគាត់ទម្លាក់បដាចេញពីមុខទីស្នាក់ការគណបក្សខេត្តប៉ៃលិននេះ គឺមិនអាចទទួលយកបានឡើយ ក៏ប៉ុន្តែដោយមិនចង់ឲ្យមានការប៉ះទង្គិចជាមួយអាជ្ញាធរ ក៏សម្រេចដោះបដាចេញតែម្ដង។
កាលពីរសៀលថ្ងៃទី៦ តុលា អភិបាលខេត្តប៉ៃលិន លោក កើត សុធា ចេញលិខិតជូនដំណឹងបង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិ ខេត្តនេះ ដោះផ្ទាំងបដាទាមទារឲ្យដោះលែងលោក កឹម សុខាចេញពីមុខទីស្នាក់ការគណបក្សខេត្តមួយនេះជាបន្ទាន់ គឺក្នុងរយៈពេលយ៉ាង៨ម៉ោង ចាប់ពីទទួលដំណឹងនេះក្រោមហេតុផលដោយថា ការលើកបដានេះ គឺអាចជាដើមហេតុបង្កើតឲ្យមានសភាពការណ៍ ឬព្រឹត្តិការណ៍ណាមួយមិនល្អនៅក្នុងខេត្តប៉ៃលិន។ ករណីរឹងរូសមិនព្រមធ្វើតាមនោះ សមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។ ក៏ប៉ុន្តែលិខិតបញ្ជាអោយរុះរើផ្លាកនោះមិនបានបញ្ជាក់ថា យោងទៅលើច្បាប់អ្វីនោះទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើកឡើងថា មន្ត្រីគណបក្សប្រឆាំងដាក់បដា ទាមទារឲ្យដោះលែងប្រធានគណបក្សរបស់ខ្លួនអាចធ្វើទៅបាន ព្រោះអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ។ លោក បន្ថែមទៀតថា ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងដែលថា បទបញ្ជាអោយទម្លាក់ផ្លាកនេះ គឺជាការគំរាមកំហែងនោះ គឺជារឿងត្រឹមត្រូវ ពីព្រោះអាជ្ញាធរខេត្តបានបញ្ជាឲ្យពួកគាត់ទម្លាក់បដាចេញ ខណៈតុលាការមិនទាន់សម្រេចថាលោក កឹម សុខា មានទោសកំហុសនៅឡើយ។
កន្លងមកអាជ្ញាធរបានបញ្ជាឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ទម្លាក់បដាដែលទាមទារតុលាការដោះលែងប្រធានគណបក្សរបស់ខ្លួនចេញជាបន្តបន្ទាប់ ដូចនៅខេត្តកំពង់ចាម ស្វាយរៀង និងខេត្តប៉ៃលិនជាដើម។ ដោយឡែកនៅខេត្តកែបពេលថ្មីនេះ រដ្ឋអំណាចមិនហ៊ានបង្គាប់អោយរុះរើទម្លាក់បដានោះទេ ទំនងជាដឹងថា ធ្វើរបៀបនោះវាខុសនឹងច្បាប់ ប៉ុន្តែនៅពេលយប់វិញស្រាប់តែមានជនល្មើសលបលួច ទៅបំផ្លាញបដាដែលទាមទារឲ្យតុលាការដោះលែងលោក កឹម សុខា នោះ។
ដោយឡែកនៅខេត្តប៉ៃលិន មន្ត្រីគណបក្សប្រឆាំងដាក់បដាតវ៉ានេះ នៅមុខទីស្នាក់ការគណបក្សខេត្តកាលពីថ្ងៃទី២៨ កញ្ញា នឹងបានទម្លាក់វិញនៅរសៀលថ្ងៃទី៦ តុលាការ។ លោក ឃឹម ប៉ុន អះអាងថា គណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន មិនទាន់មានគម្រោងថា នឹងធ្វើអ្វីបន្តទៀតនោះទេ ក្រោមហេតុផលដើម្បីរក្សាភាពស្ងប់ស្ងាត់ និងមិនចង់មានបញ្ហាជាមួយសមត្ថកិច្ច៕