Clik here to view.

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) ប្រកាសអបអរសាទរចំពោះវត្តមាន កូនសត្វផ្សោត មួយក្បាលដែលទើបនឹងចាប់កំណើត ក្នុងទន្លេមេគង្គ ខេត្តក្រចេះ។
សត្វផ្សោតជាពូជសត្វជិតផុតពូជ ហើយវត្តមានរបស់វាមានប្រមាណ ៨០ក្បាលប៉ុណ្ណោះ តាមដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ WWF-Cambodia ចេញផ្សាយនៅថ្ងៃទី៤ ឲ្យដឹងថា កូនសត្វផ្សោតដែលទើបចាប់កំណើតនេះ ត្រូវបានអ្នកបើកទូកទេសចរណ៍ បានប្រទះឃើញកាលពីថ្ងៃទី២៩ ខែកញ្ញា។
នាយករងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក តាន់ សុមេធប៊ុនវឌ្ឍន៍ សន្និដ្ឋានថា កូនផ្សោតនេះមានអាយុប្រមាណ ៣ថ្ងៃហើយ។
សេចក្ដីប្រកាសព័ត៌មានដដែល ឲ្យដឹងថា ចាប់តាំងពីខែមករា ក្រុមអ្នកអភិរក្សប្រទះឃើញវត្តមានកូនផ្សោតកើតថ្មីចំនួន ៩ក្បាលហើយ តែស្លាប់ទៅវិញចំនួន ២ក្បាល ដោយឡែកកាលពីឆ្នាំ ២០១៦ កូនផ្សោតកើតថ្មីមានចំនួន ៤ក្បាល និងស្លាប់ទៅវិញទាំង៤ក្បាល។
សត្វផ្សោត ជាពិសេសកូនផ្សោតនៅប្រទេសកម្ពុជា កំពុងរងការគំរាមកំហែងខ្លាំង ដោយសារតែគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងការនេសាទខុសច្បាប់៕