Clik here to view.

អាជ្ញាធរខេត្តស្វាយរៀង ចាប់ផ្ដើមជម្លៀសពលរដ្ឋ និងព្រះសង្ឃ ដែលរស់នៅជិតកន្លែងផ្ទុកគ្រាប់គីមីចេញពីលំនៅឋានបណ្ដោះអាសន្ន ខណៈក្រុមជំនាញចាប់ផ្ដើមជីកយកគ្រាប់បែកគីមីចេញ ពីក្នុងដីនៅថ្ងៃនេះ។ អាជ្ញាធរជម្លៀសពលរដ្ឋចេញលំនៅឋាន តែក្នុងពេលក្រុមជំនាញដោះគ្រាប់បែកធ្វើសកម្មភាពជីកយកគ្រាប់ប៉ុណ្ណោះ គឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោងរសៀល នៅពេលយប់ពលរដ្ឋចូលមករស់នៅក្នុងផ្ទះដូចធម្មតា។
យុទ្ធនាការដោះគ្រាប់បែកគីមី របស់រដ្ឋាភិបាលលោក ហ៊ុន សែន អាជ្ញាធរជម្លៀសពលរដ្ឋចេញចម្ងាយជាងមួយគីឡូម៉ែត្រពីកន្លែងដោះគ្រាប់បែក។ ថ្ងៃទី៣ ខែតុលានេះ ជាថ្ងៃទី១នៃការជម្លៀសពលរដ្ឋចេញពីផ្ទះ ដើម្បីដោះគ្រាប់បែកគីមីចំនួនពីរគ្រាប់ ដែលកប់ក្នុងដីអស់រយៈពេលជិត ៥០ឆ្នាំមកហើយ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ការចាប់ផ្ដើមយុទ្ធនាការមិនទាន់មានភាពមិនប្រក្រតីអ្វីកើតឡើងនៅឡើយដែរ។
មេភូមិគគីរ ឃុំគគីរ ស្រុករមាសហែក លោក ព្រាប សំអាង ឲ្យដឹងថា អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ៨៨គ្រួសារ ចេញពីផ្ទះសំបែង ដើម្បីរស់នៅទីទួលសុវត្ថិភាព។ លោកថា តាមគម្រោងនៃការដោះគ្រាប់បែកនេះ ត្រូវចំណាយពេលពី៧ ទៅ១០ថ្ងៃ ហើយពលរដ្ឋដែលត្រូវជម្លៀសចេញមានជាង១០០គ្រួសារ។ លោកមេភូមិឲ្យដឹងទៀតថា អាជ្ញាធរបានសាងសង់រោងឲ្យពលរដ្ឋរស់នៅ ចំណែកព្រះសង្ឃត្រូវនិមន្តទៅគង់នៅវត្តផ្សេងបណ្ដោះអាសន្ន៖ «ឥឡូវជម្លៀសមួយគីឡូម៉ែត្រជាងមកនៅទីតាំងផ្លូវមកភ្នំពេញ ក្រុមស៊ីម៉ាក់គេឈប់ការងារ គេអោយទៅផ្ទះវិញ ព្រឹកឡើងមកវិញទៀត»។
លោកថា កន្លែងដែលឲ្យពលរដ្ឋរស់នៅបណ្ដោះអាសន្ន មានសង់រោងឲ្យពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន ហើយអាជ្ញាធរមានចែកបាយកញ្ចប់ ជីកអណ្ដូង និងធ្វើបង្គន់ឲ្យពលរដ្ឋ។
ពលរដ្ឋម្នាក់លោក ស្មា យុទ្ធ ដែលត្រូវបានអាជ្ញាធរជម្លៀសចេញពីផ្ទះ ប្រាប់ថា ការជម្លៀសចេញធ្វើឲ្យលោកជួបការលំបាក ប៉ុន្តែដើម្បីសុវត្ថិភាព លោកត្រូវតែចេញពីផ្ទះតាមការរៀបចំរបស់អាជ្ញាធរ។ ពលរដ្ឋរូបនេះ ថា នេះជាលើកទីមួយនៃការជម្លៀសចេញពីផ្ទះព្រោះការដោះគ្រាប់បែក៖ «មានការព្រួយដែរក្រែងមានគ្រោះថ្នាក់អីណឹងចេះតែបារម្ភអ៊ីចឹង»។
ការបង្ហាញរូបភាពជម្លៀសពលរដ្ឋចេញពីផ្ទះ ព្រោះការដោះគ្រាប់បែកគីមីដែលរដ្ឋាភិបាលចោទប្រកាន់ថា គ្រាប់បែកគីមីនេះ ជារបស់អាមេរិកទម្លាក់នេះ ស្របពេលលោក ហ៊ុន សែន វាយប្រហារសហរដ្ឋអាមេរិកផ្ទួនៗ ដើម្បីឲ្យលុបបំណុលជិត ៥០០លានដុល្លារ និងចោទប្រកាន់ថា សហរដ្ឋអាមេរិកនៅពីក្រោយចលនាបដិវត្តពណ៌ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
ទាក់ទងសកម្មភាពដោះគ្រាប់បែកគីមីនេះដែរ អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ លោកឧត្ដមសេនីយ៍ឯក កេ ដា ដែលទទួលដោះគ្រាប់បែកនេះ ឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ជំហានទី១ នៃការចាប់ផ្ដើមក្រុមមន្ត្រីជំនាញ ត្រួតពិនិត្យឡើងវិញ និងរាវរកជាតិផ្ទុះជុំវិញទីតាំងប្រតិបត្តិការមុននឹងចាប់ផ្ដើមជីករកគ្រាប់បែកគីមី។
មិនទាន់មានការបញ្ជាក់ណាមួយថា គម្រោងដោះគ្រាប់បែកនេះនឹង ត្រូវចំណាយទឹកប្រាក់អស់ប៉ុន្មាននោះទេ ខណៈលោក ហ៊ុន សែន ប្រកាសប្រើថវិការដ្ឋមិនសុំពីបរទេស ឬសហរដ្ឋអាមេរិក។ មន្ត្រីជំនាញសន្និដ្ឋានថា អាចនឹងប្រើប្រាស់ទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បានចោទប្រកាសស្ថានទូតសហរដ្ឋអាមេរិកថា មិនអើពើករណីគ្រាប់បែកគីមី ប៉ុន្តែស្ថានទូតអាមេរិកបដិសេធថា ខ្លួនមិនដែលបានទទួលសំណើពីរដ្ឋាភិបាលកម្ពុជា រឿងស្នើឲ្យជួយសម្អាតគ្រាប់បែកគីមីកប់ក្នុងដីនៅខេត្តស្វាយរៀងទេ៕