Clik here to view.

សមាជិកសមាគមពន្លឺសិរិអារ្យមេត្រីប្រមាណជិត១០នាក់ កាលពីថ្ងៃទី០២ ខែតុលា បាននាំគ្នាទៅធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា។ តាមប្រភពកាសែតក្នុងស្រុកឱ្យដឹងថា ក្រុមពន្លឺសិរិអារ្យមេត្រីនេះ បានលើកបដាធំៗ ទាមទារឱ្យលុបបំបាត់របបដឹកនាំផ្ដាច់ការ មកជាការដឹកនាំប្រកបដោយសេរី សន្តិភាព និងបង្រួបបង្រួមលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះដែរ ក្រុមនេះក៏បាន ស្នើឱ្យមេដឹកនាំមហាអំណាចទាំងអស់បញ្ចប់វិបត្តិសង្គ្រាមលោកលើកទី៣ ការបង្រួបបង្រួមសាសនាឱ្យមានតែមួយក្នុងពិភពលោក និងការផ្សព្វផ្សាយរូបមន្តសម្រាប់កសាងសន្តិភាពជូនពិភពលោក។
ប្រភពដដែលឱ្យដឹងបន្តថា ក្រុមបាតុករត្រូវបានក្រុមអាជ្ញាធរសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការបំបែក និងឃាត់ខ្លួនដើម្បីធ្វើការសាកសួរ។
ប្រភពដដែលបញ្ជាក់ថា ក្រុមពន្លឺសិរិអារ្យមេត្រីនេះ បានជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញរួចហើយ ដោយការធ្វើបាតុកម្មនេះរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០២ និងទី០៣ ខែតុលា ដោយធ្វើការជួបជុំនៅមុខស្ថានទូតអាមេរិក នៅពេលព្រឹក និងពេលរសៀលហែក្បួនចេញពីវត្តភ្នំ ឆ្ពោះទៅសួនច្បារវិមានឯករាជ្យ និងមុខស្ថានទូតកូរ៉េខាងជើង។
នេះជាលើកទីមួយហើយ ដែលក្រុមអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា ចេះឈឺឆ្អាល ហ៊ានចេញមុខធ្វើបាតុកម្មទាមទារឱ្យមានការលុបបំបាត់របបដឹកនាំផ្ដាច់ការ និងទាមទារឱ្យការដឹកនាំប្រកបដោយសេរី សន្តិភាព និងការបង្រួបបង្រួមលទ្ធិប្រជាធិបតេយ្យ៕