រលកនៃការតវ៉ារបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា នឹងបន្តបោកបក់ ទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូយក នៅថ្ងៃ សុក្រ នេះទៀត។
គាប់ជួន ពេលដែលអង្គការសហប្រជាជាតិ កំពុងបើកមហាសន្និបាតលើកទី ៧២ របស់ខ្លួននៅទីក្រុង New York ពលរដ្ឋខ្មែរនៅតាមបណ្តារដ្ឋនានា នឹងប្រមូលផ្តុំគ្នាតវ៉ា នៅខាងមុខស្នាក់ការ របស់អង្គការសហប្រជាជាតិ នៅថ្ងៃ សុក្រ ទី ២២ ខែ កញ្ញា នេះ។ ពលរដ្ឋខ្មែរអាមេរិកម្នាក់គឺលោក អ៊ុង ឬទ្ធី មកពីក្រុងឡូវែល ដែលនឹងចូលរួមតវ៉ាឲ្យដោះលែង លោក កឹម សុខា ប្រាប់អាស៊ីសេរី ថាពលរដ្ឋខ្មែរអាមេរិកាំង ជាច្រើនបានសំណូមពរ ឲ្យនាំគ្នាធ្វើបាតុកម្មនៅកន្លែងមហាសន្និបាត របស់អង្គការសហប្រជាជាតិនេះ ដោយសារចង់ផ្ញើសារ ឲ្យឮដល់មេដឹកនាំនៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដែលមកចូលរួមក្នុងសន្និបាត នោះ បានដឹងពីការរំលោភ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា៖ “យើងចង់ផ្ញើសារទៅពិភពលោក ឲ្យដឹង ឲ្យជួយដោះស្រាយបញ្ហាប្រទេសរបស់យើង ជាពិសេសពាក់ព័ន្ធនឹងការចាប់ឃុំឃាំងប្រធានគណបក្សសង្គ្រោះ ជាតិ។ ទីពីរប្រសិនជាមានការចាប់ចងប្រធានគណបក្សអ៊ីចឹង ការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តទៅដោយត្រឹមត្រូវ និង យុត្តិធម៌។ ទីបី សុំឲ្យមានស្ថិរភាព ក្នុងរឿងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង ព្រោះកំពុងរងការលំបាក និង ដើរថយក្រោយ។ ទីបួន គឺសុំទាមទារឲ្យអង្គការសហប្រជាជាតិ ជួយបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខនេះ”។
ក្នុងមហាសន្និបាតលើកទី ៧២ របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ ខែ កញ្ញានេះ ប្រទេសកម្ពុជា បានចាត់រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន ឲ្យមកចូលរួមប្រជុំ។ ប៉ុន្តែ លោក អ៊ុង ឬទ្ធី បញ្ជាក់ ថាការធ្វើបាតុកម្មនេះ គឺដើម្បីផ្ញើសារទៅមេដឹកនាំពិភពលោក រួមទាំងម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនសំខាន់ថាមាន ឬ គ្មានវត្តមានតំណាងរដ្ឋាភិបាលលោក ហ៊ុន សែន មកចូលរួមប្រជុំនោះទេ៖ “ទោះបីលោក ប្រាក់ សុខុន មកឬមិនមក សំខាន់យើងចង់ធ្វើម៉េចក្នុងនាមយើងជាជនជាតិខ្មែរ ដែលរស់នៅប្រទេសក្រៅ យើងចង់ឲ្យពិភពលោក ដឹងថាយើងមិនពេញចិត្តនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសព្វថ្ងៃនេះឡើយ”។
តាំងពីក្រោយការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា រលកបាតុកម្ម របស់សហគមន៍ខ្មែរនៅក្រៅប្រទេស ដែលប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្ទុះឡើងស្ទើរគ្រប់ទីន្លែងដែលមានខ្មែររស់នៅ។ នៅថ្ងៃទី ២៦ ខែ កញ្ញាខាងមុខនេះ ពលរដ្ឋខ្មែរមកពីរបណ្ដាប្រទេសសហគមន៍អឺរ៉ុប នឹងធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា នៅមុខការិល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ចំណែកឯពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នឹងនាំគ្នាធ្វើមហាបាតុកម្មទាមទារដូចគ្នានេះដែរ នៅថ្ងៃទី ០១ ខែ តុលា ខាងមុខនេះ៕