Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ប្រឆាំង​ពីរ​អាច​នឹង​បញ្ចប់​ការងារ​មុន​ផុត​អាណត្តិ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ណែនាំ​ពី​ការ​អនុវត្ត​គោលការណ៍ និង​នីតិវិធី​ចំពោះ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ និង​ខេត្ត ដែល​ទៅ​ឈរ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី។ ក្នុង​នោះ​បង្ហាញ​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស អាច​នឹង​បាត់បង់​តួនាទី​របស់​ខ្លួន ក្រោយ​ពី​បាន​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។

ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មើល​ឃើញ​ថា នៅ​ពេល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មិន​មាន​ចំនួន​គ្រប់​ទៅ​ធ្វើ​ការ​នោះ នឹង​ប៉ះពាល់​ដល់​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំងមូល។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស អាច​នឹង​បញ្ចប់​តួនាទី​មុន​ផុត​អាណត្តិ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​មិន​ដាក់​សមាជិក​ថ្មី​ជំនួស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ទៅ​ឈរ​ជា​បេក្ខជន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាង​មុខ។

លិខិត​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា បញ្ជាក់​ថា សមាជិក​ក្រុម​ប្រឹក្សា​ដែល​បាត់បង់​សមាជិកភាព នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រជុំ ចំណែក​ប្រាក់​បៀវត្សរ៍ និង​ប្រាក់​ឧបត្ថម្ភ ក៏​ត្រូវ​ពិនិត្យ​តាម​ច្បាប់​ដែរ។ លិខិត​ដដែល​លើក​ឡើង​ថា តាម​ច្បាប់ សមាជិក​ក្រុម​ប្រឹក្សា​ដែល​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ដទៃ​ពី​គណបក្ស​កាល​ពី​ក្នុង​អាណត្តិ​ចាស់ នឹង​ត្រូវ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​ចាស់​ដោយ​ស្វ័យប្រវត្តិ ហើយ​ក៏​បាត់បង់​សុពលភាព​ការងារ​របស់​ខ្លួន​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែរ។

ចំពោះ​ប្រធាន​គណបក្ស សម រង្ស៊ី ដែល​បាន​ដក​ឃ្លា​ទៅ​ថែទាំ​សុខភាព លោក គង់ គាំ មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​នឹង​មិន​ដាក់​សមាជិក​ជំនួស​អ្នក​ដែល​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ៖ «ខ្ញុំ​មិន​យល់​អ៊ីចឹង​ទេ​បាទ គឺ​គាត់​នៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា ដែរ​គឺ​អស់​សុពលភាព​នៅ​ពេល​ក្រុម​ប្រឹក្សា​ថ្មី​ឆ្នាំ​២០១៧ ចូល​កាន់​តំណែង​នោះ គឺ​ជា​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១២ ដូច​តែ​គណបក្ស​ប្រជាជន​ដែរ»

ចំពោះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស សរុប​ជាង ៣.០០០​នាក់​នោះ គឺ​មាន​ស្ទើរ​តែ​ទាំងអស់​បាន​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អេង ឆៃអ៊ាង ថា បើ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​មិន​គ្រប់​ចំនួន ក៏​មិន​អាច​បំពេញ​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់​បាន​ដែរ៖ «ប្រសិន​បើ​ជា​ក្រសួង​មហាផ្ទៃ ណែនាំ​បែប​ហ្នឹង គឺ​បាន​ន័យ​ថា​តាម​ឃុំ-សង្កាត់​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ចំនួន​ពី​ពីរ​គណបក្ស​ឡើង​ទៅ​ហ្នឹង គឺ​អាសនៈ​វា​អត់​គ្រប់ អ៊ីចឹង​វា​ខុស​ច្បាប់​ទាំងអស់​គ្នា មិន​បាច់​បើក​ប្រាក់​ខែ​ប្រាក់​ថ្ងៃ​អី​ឲ្យ​ទាំងអស់​គ្នា​ទេ»

គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ថ្មី​ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ កាល​ពី​ឆ្នាំ​២០១៣។

ចំពោះ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា តាម​ច្បាប់ សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស​ទាំង​ពីរ គឺ​នឹង​ត្រូវ​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​មែន ប៉ុន្តែ​លោក​សំណូមពរ​ឲ្យ​រក្សា​អ្នក​ទាំងនោះ​ក្នុង​តួនាទី​សិន ដើម្បី​សម្រួល​ដល់​សុពលភាព​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់៖ «ត្រូវ​តែ​បន្ត​សុពលភាព​ឲ្យ​ចប់​អាណត្តិ​របស់​គេ​ប្រាំ​ឆ្នាំ​សិន ហើយ​មិន​អាច​យក​បេក្ខជន​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ផ្សេង​មក​ជំនួស​បាន​ទេ ព្រោះ​សំឡេង​ឆ្នោត​ប្រជាពលរដ្ឋ​គាត់​បោះ​ឲ្យ​គណបក្ស​ហ្នុង​តើ! វា​ជា​បញ្ហា​ចម្រូងចម្រាស​នៅ​ត្រង់​កន្លែង​ហ្នឹង វា​ដំណើរការ​នៃ​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ វា​ប៉ះពាល់ វា​ខុស​ច្បាប់ វា​អត់​គ្រប់​ក្រុម​ចំពោះ​ការ​ប្រជុំ​អី​ហ្នឹង»

បើ​ទោះ​ជា​យ៉ាង​ណា ចំពោះ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ចំពោះ​ផល​ប៉ះពាល់​ទៅ​លើ​ការងារ​នៃ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ គឺ​អាស្រ័យ​ទៅ​តាម​ឃុំ-សង្កាត់​នីមួយៗ៖ «បើ​សិន​ជា​ឃុំ​-សង្កាត់​គាត់​គិត​ថា​ប៉ះពាល់ គឺ​វា​ប៉ះពាល់ តែ​បើ​គាត់​យល់​ថា​វា​គ្មាន​អី​ប៉ះពាល់ គឺ​វា​ជា​រឿង​របស់​ក្រុម​គាត់»

មាត្រា​១៤ និង​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ចែង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ក្នុង​ករណី​ដែល​បុគ្គល​មួយ​រូប​ចូល​ជា​សមាជិក​គណបក្ស​នានា​ជាច្រើន សមាជិកភាព​ជាមួយ​គណបក្ស​ចុង​ក្រោយ​ត្រូវ​ចាត់​ទុក​ជា​បាន​ការ។ ចំណែក​មាត្រា​១៦ នៃ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ចែង​ថា ការ​បាត់បង់​សមាជិកភាព​គណបក្ស នឹង​នាំ​ឲ្យ​សាមី​ខ្លួន​បាត់បង់​សមាជិកភាព​ពី​ក្រុម​ប្រឹក្សា​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles