Quantcast
Viewing all articles
Browse latest Browse all 11174

សកម្មជន​បរិស្ថាន​ចោទ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា​បិទ​សេរីភាព​ពលរដ្ឋ​រងគ្រោះ​នៅ​សេសាន

Image may be NSFW.
Clik here to view.

ក្រុម​យុវជន​ជា​សិស្ស​និស្សិត និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មាន​គ្នា​ប្រមាណ ៣០​នាក់ ដែល​ប៉ុនប៉ង​ចូល​ទៅ​កាន់​ភូមិ​ស្រែគរ​ចាស់ និង​ភូមិ​ក្បាលរមាស ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា​នឹង​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ទទួល​បាន​ទំនាក់ទំនង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ បន្ទាប់​ពី​អ្នក​ភូមិ​មិន​ព្រម​ចាកចេញ​ពី​លំនៅឋាន ដែល​នឹង​ត្រូវ​ទឹក​លិច​នៅ​ពេល​ក្រុមហ៊ុន​បិទ​ទឹក​បញ្ចូល​អាង។

ការ​អះអាង​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​សេសាន បាន​រារាំង​មិន​ឲ្យ​ក្រុម​សកម្មជន​បរិស្ថាន​មាន​គ្នា​ប្រមាណ ៣០​នាក់​ចូល​ទៅ​ជួប​ពលរដ្ឋ​ទាំង​ពីរ​ភូមិ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា រួម​ទាំង​ប្រើ​កង​កម្លាំង​អម​ដំណើរ​ក្រុម​សកម្មជន ឲ្យ​ត្រឡប់​ចេញ​ផុត​ពី​ទឹកដី​ខេត្ត​ស្ទឹងត្រែង។

សកម្មជន​មួយ​រូប គឺ​លោក សាន់ ម៉ាឡា បញ្ជាក់​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​មិន​ព្រម​ចាកចេញ​ពី​ភូមិ​ចាស់ កំពុង​ឋិត​ក្រោម​ការ​បំបិទ​សេរីភាព​ធ្ងន់ធ្ងរ​ពី​អាជ្ញាធរ ជាពិសេស​ផ្ដាច់​ការ​ទាក់ទង​ពលរដ្ឋ​ពី​ខាង​ក្រៅ​មិន​ឲ្យ​ចូល​ជួប​អ្នក​ភូមិ​ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​ខាង​ក្រៅ។ លោក​បន្ត​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កង​ប៉ូលិស​ប្រដាប់​អាវុធ បាន​រារាំង​មិន​ឲ្យ​សកម្មជន និង​សហគមន៍​ពី​ខាង​ក្រៅ​ចូល​ភូមិ៖ «បច្ចុប្បន្ន​កំពុង​តែ​ផ្តាច់​ទំនាក់ទំនង​រវាង​ប្រជាជន​ខាង​ក្រៅ និង​ខាង​ក្នុង វា​ជា​ការ​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ»

ក្រុម​សកម្មជន​ដែល​មាន​បំណង​ទៅ​កាន់​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​កាន់​រាជធានី​ភ្នំពេញ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​នៅ​ចំណុច​បំបែក​ភូមិ​ច្រប់ ក្នុង​ឃុំ​ក្បាលរមាស។ ពួក​គេ​បាន​ចុះ​ពី​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ប្រមាណ ២​គីឡូម៉ែត្រ​ទៀត ដើម្បី​ចូល​ភូមិ ប៉ុន្តែ​សមត្ថកិច្ច​បាន​បន្ត​ថែម​កម្លាំង ហើយ​បង្ខំ​ឲ្យ​ពួក​គេ​ឡើង​រថយន្ត​ចាកចេញ​ពី​តំបន់​នោះ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​ថា តំបន់​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់ គឺ​ជា​តំបន់​ប្រឈម​គ្រោះថ្នាក់ ខណៈ​ទីនោះ​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក ពីព្រោះ​ឱសានវាទ​នៃ​ការ​បិទ​ទ្វារ​ទំនប់​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ចុង​ខែ​កញ្ញា នេះ។ លោក​ថា អាជ្ញាធរ​បាន​ដាក់​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​តំបន់​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រួច​ហើយ ហេតុ​នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ក្រៅ​ចូល​តំបន់​នោះ​ទេ៖ «មក​ដល់​ដំណាក់កាល​នេះ អាជ្ញាធរ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ជួយ​គិតគូរ​ត្រៀម​រៀបចំ​ជួយ​ពលរដ្ឋ​នៅ​តំបន់​នោះ ដូច្នេះ​ហើយ​សូម​កុំ​ឲ្យ​មាន​ក្រុម ឬ​សកម្មភាព​ណា​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​ទីនោះ​ទេ»

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​ចាត់​ក្រុម​ការងារ​ចុះ​ផ្សព្វផ្សាយ​ឱសានវាទ​បិទ​ទ្វារ​ទំនប់​ផ្លូវការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ ប្រុង​ប្រយ័ត្ន និង​កែប្រែ​ចិត្ត​ទទួល​យក​សំណង ហើយ​ចាកចេញ​ទៅ​រស់នៅ​ភូមិ​ថ្មី​ដូច​ពលរដ្ឋ​ផ្សេង​ទៀត។

មេ​ឃុំ​សេសាន លោក សៀក មេគង្គ បញ្ជាក់​ថា អាជ្ញាធរ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​របស់​អ្នក​ភូមិ​ដល់​ទីបំផុត ប៉ុន្តែ​អ្នក​ភូមិ​ប្រកាន់​ជំហរ​ដាច់ខាត ហេតុ​នេះ​អាជ្ញាធរ​គ្មាន​គោលការណ៍​បង្ខំ​អ្នក​ភូមិ​ឡើយ។ លោក​ថា ក្រុម​សកម្មជន​មិន​ជូន​ដំណឹង​អាជ្ញាធរ ទើប​មិន​បាន​ដឹង​ពី​បម្រាម​ទៅ​កាន់​តំបន់​នោះ៖ «សារព័ត៌មាន​ទាក់ទង​កាសែត​ស្អី​ហ្នឹង មុន​នឹង​ចូល​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​សាលា​ខេត្ត»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ​ចាស់​ទាំង​ពីរ​ភូមិ និង​ភូមិ​ក្បាលរមាស ជាង ១២០​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ ប្រកាន់​ជំហរ​ថា​នឹង​នាំ​គ្នា​រស់នៅ​ទីទួល​សុវត្ថិភាព​ក្បែរ​ភូមិ​ចាស់ ប្រសិន​បើ​ទឹក​លិច​ភូមិ​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles