
លេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានទម្លាក់ថវិកា និងស៊ីឌីថតសំឡេងផ្សព្វផ្សាយស្ដីពីការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ដើម្បីបម្រើឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ទៅឲ្យឃុំ-សង្កាត់ទាំង៧០ នៅទូទាំងខេត្តនេះរួចហើយ។ ក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ នឹងចាប់ផ្ដើមប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយតាមភូមិរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកញ្ញា នេះ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត សង្ឃឹមថាវិធានការផ្សព្វផ្សាយសារជាសំឡេងស្ដីពីការចុះឈ្មោះបោះឆ្នោតតាមមេក្រូ ឬឧបករណ៍បំពងសំឡេងតាមភូមិដែលរៀបចំដោយក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងជួយឲ្យពលរដ្ឋទៅចុះឈ្មោះបានកាន់តែច្រើន ខណៈដែលក្រុមចុះឈ្មោះបោះឆ្នោតដាក់ការិយាល័យចុះឈ្មោះនៅឃុំ-សង្កាត់ មុននឹងចល័តការិយាល័យតាមភូមិ។
ប្រធានលេខាធិការដ្ឋាន អ្នកស្រី នួន ចាន់នី មានប្រសាសន៍ថា បើទោះបីជាការផ្សព្វផ្សាយតាមមេក្រូមានរយៈពេលខ្លី មិនអាចឲ្យពលរដ្ឋគ្រប់គ្នាជ្រាបច្បាស់ ប៉ុន្តែវាជាផ្នែកមួយជួយដាស់តឿនឲ្យពួកគេទៅចុះឈ្មោះបានទាន់ពេលវេលាដែរ។ អ្នកស្រីថា គ.ជ.ប មានកញ្ចប់ថវិកា ៦ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ជួលមេក្រូ ឬធ្វើសកម្មភាពផ្សព្វផ្សាយទៅតាមភូមិរបស់ខ្លួន៖ «ផ្សព្វផ្សាយហ្នឹងរយៈពេលបីថ្ងៃ ប៉ុន្តែខាង គ.ជ.ប ក៏ដូចជាខាងលេខាធិការដ្ឋានសំណូមពរឲ្យឃុំជួយផ្សព្វផ្សាយពេលភ្ជុំនេះ ព្រោះអីនៅតាមវត្តមានមេក្រូហ្នឹងហើយយកទៅជួយផ្សព្វផ្សាយផងទៅ»។
អ្នកស្រីជឿថា ក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ មិនសូវគិតរឿងលុយកាក់ ឬកម្លាំងពលកម្មច្រើនជាងដំណើរការផ្សព្វផ្សាយនេះទេ។ ក្រុមប្រឹក្សាអាចប្រើបច្ចេកទេសរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយបន្ថែមដូចជាថតចម្លងស៊ីឌីទៅចាក់ផ្សាយបន្តតាមវត្តអារាម ឬតាមភូមិឲ្យពលរដ្ឋបានជ្រួតជ្រាបកាន់តែច្បាស់ និងមកចុះឈ្មោះទាន់ពេលកំណត់។
លេខាធិការរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) ប្រចាំខេត្តកំពង់ឆ្នាំង លោក លាភ ប៊ុនលាង យល់ថា ការផ្សព្វផ្សាយរយៈពេលខ្លី និងមិនចំថ្ងៃបុណ្យភ្ជុំធំទៀតនោះ គឺពុំសូវមានប្រសិទ្ធភាពឡើយ ព្រោះសិស្សនិស្សិត និងកម្មករចំណាកស្រុកនៅមិនទាន់មានឱកាសត្រឡប់មកភូមិកំណើត ដើម្បីទទួលបានព័ត៌មាន ឬទៅចុះឈ្មោះបាននៅឡើយ៖ «យើងគិតថាបើរយៈពេលបីថ្ងៃវាមិនអាចជ្រួតជ្រាបទេ ព្រោះថាសំខាន់ប្រជាពលរដ្ឋដែលយើងសង្ឃឹមថាគាត់បានចុះឈ្មោះគ្រប់គ្នានៅពេលដែលគាត់ត្រឡប់មកពីតាមកន្លែងធ្វើការ មកពីចំណាកស្រុកឆ្ងាយៗ គឺគាត់មកអាពេលហ្នឹងយើងផ្សព្វផ្សាយបានមានប្រសិទ្ធភាព»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់រយៈពេល ៧០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត។ នៅខេត្តកំពង់ឆ្នាំង មានពលរដ្ឋទៅចុះឈ្មោះបានជាង ៥% នៃពលរដ្ឋត្រូវចុះឈ្មោះថ្មីសរុបជិត ៤ម៉ឺននាក់ (៣៦.៥៣១នាក់) នៅក្នុងរយៈពេលជាងមួយសប្ដាហ៍នៃដំណើរការចុះឈ្មោះនេះ៕