
អ្នកវិភាគនយោបាយ យល់ឃើញថា សភាតំណាងរាស្ត្រពីខាងគណបក្សប្រជាជនកម្ពុជា គឺពិតជាលំបាកណាស់ ដើម្បីអាចរកសំឡេងឲ្យគ្រប់ចំនួន ៣ភាគ៤ ក្នុងការផ្អាកសកម្មភាពរបស់តុលាការ មិនឲ្យបន្តនីតិវិធីរឿងក្ដីលោក កឹម សុខា។ បើទោះជាបែបណា សមាជិកសភាពីខាងបក្សអំណាច អះអាងថា សភាពេញអង្គនឹងបើកសម័យប្រជុំវិសាមញ្ញទៅតាមការគ្រោងទុករបស់ខ្លួនដែរ។ ដោយឡែក សមាជិកសភាពីខាងបក្សប្រឆាំង ប្រកាសជំហរមិនចូលរួមប្រជុំសភា ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១១ កញ្ញា ខាងមុខនេះទេ។
អ្នកឃ្លាំមើលផ្នែកនយោបាយ ហៅការប្រជុំវិសាមញ្ញរបស់រដ្ឋសភា ដែលអះអាងថានឹងពិនិត្យលើសំណុំរឿងប្រធានគណបក្សប្រឆាំងនេះថា ជាដំណើរប្រព្រឹត្តទៅដើម្បីបង្គ្រប់កិច្ច ឬធ្វើអោយល្អមើលប៉ុណ្ណោះ ខណៈសមាជិកសភាពីខាងបក្សប្រជាជនកម្ពុជា មិនមានសំឡេងគ្រប់ក្នុងការស្នើឲ្យតុលាការផ្អាក នីតិវិធីលើរឿងក្ដីលោក កឹម សុខា នេះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ យល់ឃើញថា អ្វីដែលមិនអាចទៅរួចនោះនៅត្រង់ថា សំឡេងតំណាងរាស្ត្រដើម្បីស្នើឲ្យតុលាការផ្អាកនីតិវិធីលើសំណុំរឿងលោក កឹម សុខា ពីខាងបក្សកាន់អំណាចនេះ គឺមិនគ្រប់គ្រាន់ឡើយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅសេចក្ដីសម្រេចរបស់រដ្ឋសភានៅពេលនេះថា ជាការធ្វើឡើងដើម្បីឲ្យមើលឃើញថា កុំឲ្យសភានៅស្ងៀមប៉ុណ្ណោះ៖ «រឿងនេះគេអាចចាត់ទុកថាគណបក្សសង្គ្រោះជាតិបានចូលរួមដែរ។ ដូច្នេះកាលដែលមិនបានទទួលសំឡេងភាគច្រើនគឺបីភាគបួនហ្នឹងធ្វើម៉េចគេខំប្រឹងប្រែងថាផ្អាកដែរ»។
ទាក់ទិនរឿងក្ដីដែលរងការរិះគន់ដ៏ចម្រូងចម្រាសពីសហគមន៍អន្តរជាតិ របស់លោក កឹម សុខា នេះកាលពីថ្ងៃទី ៧ កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានតែសំឡេងពីខាងបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើសយកថ្ងៃទី១១ ខែកញ្ញា ពេលព្រឹក ដើម្បីស្នើពីសមាជិកសភាផ្ដល់សេចក្ដីទុកចិត្ត ជំរុញឲ្យតុលាការផ្អាកនីតិវិធីរឿងក្ដីលោក កឹម សុខា។
លោក ឈាង វុន សមាជិកសភារបស់បក្សកាន់អំណាច បានអះអាង ថា មូលហេតុនៃការការស្នើឲ្យតុលាការផ្អាកនីតិវិធីនេះ ព្រោះមេបក្សប្រឆាំង ក៏ជាសមាជិកសភាដូចសមាជិកសភាដទៃទៀតដែរ។ លោបន្តថា បើទោះជាបែបណាមកដល់ពេលនេះ នៅមិនទាន់ប្រាកដនៅឡើយទេថា តើសមាជិកសភានឹងមានសំឡេងគ្រប់គ្រាន់ ដើម្បីស្នើសុំឲ្យតុលាការផ្អាកនីតិវិធីដែរ ឬបន្តទៅមុខទៀតយ៉ាងណានៅឡើនោះទេ៖ «មូលហេតុសំខាន់ណាស់ កឹម សុខា គាត់ជាសមាជិកសភាម្នាក់។ គាត់ខុសទាស់យ៉ាងម៉េចក៏ដោយត្រូវឲ្យសមាជិកសភាដូចគាត់អ៊ីចឹងដែលជាគ្រួសារតែមួយត្រូវសម្រេចថាតើទោសរបស់គាត់ត្រូវបន្តនីតិវិធី ឬឲ្យយើងស្នើឲ្យតុលាការផ្អាក។ បើសិនចង់ឲ្យតុលាការផ្អាកទាល់តែមានសំឡេងបីភាគបួន»។
គណបក្សប្រឆាំងចាត់ទុកថា នេះគឺជាការអនុវត្តច្បាប់ដោយបំពានទាំងស្រុងលើមាត្រា ៨០នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៧ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ ជាពិសេសរំលោភលើមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា បើផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលគឺអ្នកតំណាងរាស្ត្រមិនអាចត្រូវបានចាប់ខ្លួន ឃាត់ខ្លួន និងចោទប្រកាន់បានទេ លុះត្រាតែបានប្រព្រឹត្តជាក់ស្តែង។ ប៉ុន្តែអ្នកវិភាគនយោបាយជើងចាស់រូបនេះ សង្កេតឃើញថា ការចាប់ខ្លួនតំណាងរាស្ត្រ និងមេបក្សប្រឆាំងគឺចាប់ខ្លួនទាំងនៅមានអភ័យឯកសិទ្ធិសភា ដែលជាអាវក្រោះការពាររបស់អ្នកតំណាងរាស្ត្រ ក្នុងពេលមិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយជាញឹកញាប់រដ្ឋអំណាច តែងអនុវត្តដោយមិនខ្វល់អំពីគោលការណ៍ច្បាប់ថែមទៀតផង។
ដោយឡែកមាត្រា៨១ នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី៥កំណត់ថា ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាក តាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា បើផ្អែកលើគោលការណ៍នេះ សមាជិកសភាបក្សប្រជាជនកម្ពុជា នឹងមិនអាចរកសំឡេងឲ្យគ្រប់បានឡើយ ព្រោះបីភាគបួនត្រូវទាមទាររហូតដល់៩៣សំឡេង។
ជុំវិញរឿងក្ដីនេះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បដិសេធថា សមាជិកសភាទាំងអស់របស់បក្សប្រឆាំង នឹងធ្វើពហិការក្នុងការចូលរួមប្រជុំសភា ដូចការគ្រោងទុកនេះ។ អ្នកស្រី យល់ឃើញថា អ្វីដែលសមាជិកសភាពីខាងបក្សកាន់អំណាច រៀបចំនេះ គឺពុំមានអ្វីផ្សេងក្រៅពីដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីប៉ុណ្ណោះ៖ «តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិមិនអាចចូលរួមនូវនីតិវិធីណាដែលរៀបចំឡើងដើម្បីឲ្យតុលាការបន្តដើម្បីស៊ើបអង្កេតលើករណីលោក កឹម សុខា ទេ។ ហើយអ្វីដែលប៉ះពាល់ទៅដល់រដ្ឋធម្មនុញ្ញយើងនៅតែការពារជំហរនោះ»។
អ្នកស្រី មូរ សុខហួរ ឲ្យដឹងថា មកដល់ពេលនេះ លោក កឹម សុខា ត្រូវខាងពន្ធនាគារត្រពាំងផ្លុង បង្គាប់ឲ្យដូរខោអាវជាអ្នកជាប់ឃុំ និងរស់នៅក្នុងបន្ទប់ជាមួយអ្នកជាប់ចោទដទៃទៀតដែរ នៅក្នុងមន្ទីរឃុំឃាំងហើយ៕