Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ក្រចេះ​រាប់​រយ​នាក់​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី​ក្រុមហ៊ុន

Image may be NSFW.
Clik here to view.

ពលរដ្ឋ​ជាង ១០០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤០០​គ្រួសារ រស់​នៅ​ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​លើក​គ្នា​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា ប្រឆាំង​ការ​បណ្ដេញ​ពួកគាត់​ពី​ដី​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម។ អ្នក​ភូមិ​ថា អាជ្ញាធរ​ខែត្រ​បង្គាប់​ឲ្យ​ពលរដ្ឋ​ចាត់​តំណាង ៣​នាក់ សម្របសម្រួល​ជាមួយ​អាជ្ញាធរ និង​កំណត់​ព្រំប្រទល់​ដី​របស់​ក្រុមហ៊ុន ដើម្បី​បញ្ឈប់​ការទន្ទ្រាន​ជា​បន្ត​ទៀត។

​ពលរដ្ឋ​រស់នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​៦ កញ្ញា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​អភិបាល​ខែត្រ​ក្រចេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ក្រុមហ៊ុន​ចម្ការកៅស៊ូ មេមត់ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច ជូន​ពលរដ្ឋ​ដែល​ក្រីក្រ​គ្មាន​ដី និង​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។ ការ​អំពាវនាវ​នេះ​នៅ​គ្រា​ដែល​អាជ្ញាធរ​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ជាង ៤០០​គ្រួសារ រុះរើ​ផ្ទះ​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​វៀតណាម ឲ្យ​បាន​មុន​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត រស់​នៅ​ឃុំ​ពីរ​ធ្នូ លោកស្រី ម៉េត សារ៉េត ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​មក​តាំង​ទី​លំនៅ​តំបន់​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ខ្លះ​មាន​ដី​ក្បាល​ចាប់​ពី ៥​ម៉ែត្រ ដល់ ៤០​ម៉ែត្រ បណ្ដោយ​ចាប់​ពី ២៥០​ម៉ែត្រ ដល់ ៤០០​ម៉ែត្រ ដែល​ដី​សរុប​មាន​ជាង ៣០​ហិកតារ។ ដី​នេះ ជា​ប្រភេទ​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្នែក​ខ្លះ​មាន​ដំណាំ​ដំឡូងមី និង​ស្វាយចន្ទី ជាដើម។ លោកស្រី​ថា កាល​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា អាជ្ញាធរ​ខែត្រ​បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​សហការ​ជាមួយ​ក្រុមហ៊ុន​ឈូស​ឆាយ​កំណត់​ព្រំដែន​ជាក់ស្ដែង បំណង​ការពារ​កុំ​ឲ្យ​ពលរដ្ឋ​ទន្ទ្រាន​បន្ត​ទៀត។ ក៏ប៉ុន្តែ​ពលរដ្ឋ​បារម្ភ​ថា ការ​កំណត់​ព្រំប្រទល់​ដី​នៅ​ខែ​វស្សា នឹង​ប៉ះពាល់​ដល់​ផល​ដំណាំ​ពលរដ្ឋ៖ «គ្រាន់​តែ​តវ៉ា​ឲ្យ​ចែក​ប្លង់​ជូន​ពលរដ្ឋ​សិន​ទៅ ចាំ​ឈូស​ឆាយ។ គេ​ចង់​ឲ្យ​ពលរដ្ឋ​កាយ​ក្រវាត់​ឈូស​ឆាយ​ទៅ ដើម្បី​ឲ្យ​គេ​បង់​ពន្ធ​ចូល​រាជការ»

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់​កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈពេល ៥០​ឆ្នាំ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

អភិបាល​ខែត្រ​ក្រចេះ លោក សរ ចំរុង បដិសេធ​មិន​អធិប្បាយ​រឿង​នេះ ដោយ​បង្គាប់​ឲ្យ​អាស៊ីសេរី ធ្វើ​លិខិត​ជូន​ព័ត៌មាន​ពី​លេខ​ទូរស័ព្ទ​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី មក​រដ្ឋបាល​ខែត្រ​ក្រចេះ ជាមុន​សិន៖ «ធ្វើ​លិខិត​មួយ​ជូន​ព័ត៌មាន​មក​ថា លេខ​អាស៊ីសេរី មាន​ប៉ុណ្ណឹង​លេខ កាន់​ដោយ​ឈ្មោះ​អី ឈ្មោះ​អី ហើយ​ក្រុម​នេះ​មាន​តែ​អាស៊ីសេរី និង វី.អូ.អេ និង ខេមបូឌា ដេលី ទេ ដែល​ធ្វើ​លិខិត​ហ្នឹង​តែ​បី​នាក់​ហ្នឹង​ទេ អ៊ីចឹង​មាន​ន័យ​ថា ការ​រៀបចំ​របស់​វិទ្យុ​ទាំង​ប៉ុន្មាន​ហ្នឹង មិន​ដឹង​ថា មែន ឬ​មិន​មែន​ទេ​ជាមួយ​ហ្នឹង​ពួក​ដែល​បាន​ប្រព្រឹត្ត​ខុស​បទបញ្ជា ០១ របស់​រាជរដ្ឋាភិបាល​ហ្នឹង។ ប្អូន​ឃើញ​លិខិត​ហ្នឹង​ហើយ អ្នក​ណា​ស៊ីញ៉េ​ប្អូន​សួរ​អ្នក​ហ្នឹង​ទៅ»

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ពីរ​ធ្នូ បង្ហាញ​ថា ពលរដ្ឋ​ដែល​ទៅ​រស់​នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​វៀតណាម មាន ៤១៨​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ចំណាក​ស្រុក​ប្រហែល ៧០​ភាគរយ។ ពលរដ្ឋ​ទាំង​នោះ​មក​រស់​នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​វាយតម្លៃ​ផល​ប៉ះពាល់ ហើយ​នៅ​គ្រា​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​សិក្សា​ផល​ប៉ះពាល់ បាន​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង ២០០​ហិកតារ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដី​រស់​នៅ ព្រោះ​ជីវភាព​ខ្វះខាត និង​គ្មាន​ដី​រស់​នៅ ដែល​ជាមួយ​ហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​ចោទ​ប្រកាន់។ លោក​ថា បើ​អាជ្ញាធរ​បង្ក្រាប និង​បណ្ដេញ​ពលរដ្ឋ​ចេញ គឺ​ជា​បន្ទុក​បន្ថែម​ទៀត​ដែល​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ឡើង។ ចំណែក​ឯ​ដី​ព្រៃ​សាធារណៈ​រាប់ពាន់​ហិកតារ​ដែល​ត្រូវ​បាន​អ្នក​មាន​អំណាច​កាន់​កាប់ កម្រ​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ណាស់៖ «ដក​ហួត​យក​ដី ពី​ពួកគាត់​ត្រូវតែ​ដក​ហូត​យក​ដី​ពី​អ្នក​មាន​អំណាច​មាន​លុយ​ទាំង​អស់​ហ្នឹង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ផ្ទេរ​ដី​ដែល​ចោទ​ប្រកាន់​ថា ខុស​ច្បាប់​ហ្នឹង​ទៅ​ឲ្យ​ពលរដ្ឋ​ក្រីក្រ»

លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខែត្រ​ក្រចេះ ចុះ​ថ្ងៃ​ទី​២១ ខែ​សីហា បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រុះរើ​រោង​ស្នាក់​នៅ​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់ បញ្ឈប់​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន និង​ឈប់​ទិញ​លក់​ដូរ​ដី​របស់​ក្រុមហ៊ុន រួម​ទាំង​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ ចំពោះ​ពលរដ្ឋ​ណា​ដែល​ទទួល​បាន​ដី​តាមរយៈ​បទបញ្ជា ០១ របស់​រាជរដ្ឋាភិបាល​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន ហើយ​ក្នុង​ករណី​ពលរដ្ឋ​ខ្វះខាត​ដី​រស់​នៅ​ពិត​ប្រាកដ ត្រូវ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន ហើយ​អាជ្ញាធរ​ខែត្រ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាម​នីតិវិធី​របស់​ក្រសួង​សុរិយោដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles