Clik here to view.

ថ្ងៃទី៦ ខែកញ្ញា នេះ ជាថ្ងៃកាន់បិណ្ឌទី១ របស់ពលរដ្ឋដែលមានជំនឿលើព្រះពុទ្ធសាសនា។ ថ្ងៃកាន់បិណ្ឌរួមនេះ មនុស្សម្នានាំគ្នាទៅវត្តតាំងពីម៉ោង ៤ទៀបភ្លឺម្ល៉េះ ដោយនាំគ្នាបោះបាយបិណ្ឌ និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃជាដើម។
សូរស័ព្ទព្រះធម៌ និងសំឡេងវាយគងទូងស្គរលាន់ឮពេញវត្តអារាមដែលជាថ្ងៃចាប់ផ្តើមពិធីកាន់បិណ្ឌទី១។ ចាប់ពីម៉ោង ៤ទៀបភ្លឺ ក្រុមពលរដ្ឋនាំគ្នាមកវត្តបោះបាយបិណ្ឌ ដែលពួកគេមានជំនឿថា សាច់ញាតិពួកគេដែលក្លាយជាប្រេត នឹងទទួលបានបាយបិណ្ឌនេះជាអាហារ។ ពេលព្រឹកព្រលឹមស្រាងៗ ពួកគេនាំគ្នាយកបាយចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសឲ្យបានដល់សាច់ញាតិដែលបានចែកឋានទៅនោះ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ដែលដើរពូនភ្នំខ្សាច់ក្នុងបរិវេណវត្តស្ទឹងមានជ័យ ក្រោយពីប្រគេនចង្ហាន់ដល់ព្រះសង្ឃ គឺលោកស្រី ប៉ាង បណ្ដូល ប្រាប់ថា លោកស្រីរៀបចំចង្ហាន់តាំងពីម៉ោង ២ទៀបភ្លឺ ដើម្បីឲ្យទាន់ចង្ហាន់ព្រឹក។ លោកស្រីប្រាប់ថា ថ្ងៃបិណ្ឌថ្ងៃដំបូងនេះ លោកស្រីនឹងទៅវត្តធ្វើបុណ្យឲ្យបានយ៉ាងហោចណាស់ពីរវត្ត ហើយក្រៅពីធ្វើបុណ្យនៅវត្ត លោកស្រីក៏ធ្វើបុណ្យនឹងអ្នកជិតខាងដែរ៖ «បន្ទាប់ពីធ្វើបុណ្យនៅវត្តរួចហើយ ខ្ញុំទៅផ្ទះវិញរៀបចំធ្វើម្ហូបអាហារជូនចាស់ៗនៅក្បែរផ្ទះខ្ញុំ»។
ពលរដ្ឋម្នាក់ទៀត កញ្ញា ថុន ស្រីណូ ដែលនាំបងប្អូនមកធ្វើបុណ្យដាក់បាត្រ ឲ្យដឹងថា ជារៀងរាល់ឆ្នាំ កញ្ញាតែងមកវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ កញ្ញាបន្តថា នៅពេលបានធ្វើបុណ្យ ធ្វើឲ្យកញ្ញាជ្រះថ្លាក្នុងចិត្ត៖ «មានអារម្មណ៍សប្បាយជ្រះថ្លាក្នុងការធ្វើបុណ្យដាក់ទានគោលបំណង គឺចង់ឧទ្ទិសកុសលដល់ញាតិកាដែលបានចែកឋាន»។
សៀវភៅ "ពិធីប្រចាំដប់ពីរខែ" របស់អ្នកស្រី ពេជ្រ សល់ សរសេរអំពីដើមកំណើតនៃពិធីបុណ្យភ្ជុំបិណ្ឌនេះថា ផ្អែកតាមសិលាចារឹករបស់ព្រះបាទ យសោវរ្ម័ន គ្រងរាជសម្បត្តិរវាង គ.ស ៨៨៩ ដល់ ៩១០ ព្រះអង្គបានសាងអាវាស (វត្ត ឬទីលំនៅ) ជាច្រើន ហើយទ្រង់តែងធ្វើពិធីបូជាបាយបិណ្ឌជារៀងរាល់ខែ ដើម្បីឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងចម្បាំង និងចំពោះខ្មោចទាំងឡាយដែលគ្មានបងប្អូន គ្រួសារ ញាតិសន្ដាន។
ព្រះតេជព្រះគុណ សួស ស៊ុនលី គង់នៅវត្តស្ទឹងមានជ័យ មានថេរដីកាថា ថ្ងៃបិណ្ឌទីមួយឆ្នាំនេះមានពុទ្ធបរិស័ទមកវត្តច្រើន។ ព្រះតេជព្រះគុណបន្តថា ពិធីកាន់បិណ្ឌនេះ ក្រៅពីដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដែលបានចែកឋាន ក៏ជាឱកាសធ្វើឲ្យពុទ្ធបរិស័ទ និងព្រះសង្ឃដឹងសុខទុក្ខ និងសាមគ្គីគ្នាដែរ៖ «នៅពេលមានពិធីបុណ្យកាន់បិណ្ឌនៅក្នុងវត្តនីមួយៗ ទាំងព្រះសង្ឃ និងបរិស័ទមានការជួបជុំគ្នា ដល់មានការជួបជុំគ្នាចឹងទៅ លោកម្ចាស់គ្រប់អង្គអាចមានថេរដីកាទាក់ទងអីផ្សេងៗរឿងធម៌អារ្យ»។
កាលពីសម័យដើម ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌមានរយៈពេល ៣ខែ ប៉ុន្តែពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនៅសម័យនេះមានរយៈពេល ១៥ថ្ងៃ គឺពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដែលថ្ងៃចុងក្រោយ គេហៅថាពិធីបុណ្យភ្ជុំបិណ្ឌ៕