Clik here to view.

មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរថា គណបក្សនេះ នឹងធ្វើពហិការ មិនចូលរួមការបោះឆ្នោតជាតិ នាឆ្នាំ២០១៨ ខាងមុខ បើស្ថានការណ៍នយោបាយ នៅតែអាក្រក់ខ្លាំង ដូចពេលបច្ចុប្បន្ន។ ចំណែកមន្ត្រីរដ្ឋាភិបាល ធ្លាប់អះអាងថា បើអត់គណបក្សសង្គ្រោះជាតិ ក៏នៅមានគណបក្សដទៃជាច្រើនទៀត ចូលរួមបោះឆ្នោតដែរ។ ប៉ុន្តែ មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការបោះឆ្នោត ដែលគ្មានគណបក្សប្រឆាំងធំជាងគេតែមួយនៅកម្ពុជា ចូលរួម នឹងគ្មានភាពស្របច្បាប់ ហើយសហគមន៍អន្តរជាតិ នឹងមិនទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីលទ្ធផលបោះឆ្នោតបែបនេះទេ។
ក្រោយពីប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតំណាងអយ្យការ នៃតុលាការក្រុងភ្នំពេញ ចោទប្រកាន់ជាផ្លូវការពីទោសក្បត់ជាតិ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ ថាគណបក្សសង្គ្រោះជាតិ នឹងមិនដាក់នរណាម្នាក់ឲ្យឡើងជំនួសលោក កឹម សុខា នោះទេ ព្រោះទោះជាដាក់នរណាថ្មីជំនួស ក៏គង់តែគេចាប់ជាបន្តបន្ទាប់ទៀតដដែល។ ថ្លែងក្នុងបទសម្ភាសន៍ នៃកម្មវិធីផ្សាយរបស់ទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី ០៥ ខែ កញ្ញា នេះ លោក អេង ឆៃអ៊ាង បញ្ជាក់បន្ថែម ថាគណបក្សសង្គ្រោះជាតិ មិនខ្វល់ខ្វាយរឿងគេរំលាយគណបក្សនេះចោលនោះទេ ព្រោះក្នុងស្ថានភាពដ៏អាក្រក់បែបនេះ ទោះបីជាគេ មិនរំលាយគណបក្សនេះចោល ក៏ការបោះឆ្នោតជាតិខាងមុខ គ្មានន័យអ្វីនោះដែរ។ មិនតែប៉ុណ្ណោះ បើស្ថានភាពនៅតែអាប់អួខ្លាំង ហើយគ្មានដំណោះស្រាយ គណបក្សសង្គ្រោះជាតិ និងពិនិត្យលទ្ធភាពក្នុងការធ្វើពហិការ មិនចូលរួមការបោះឆ្នោត។ ទោះជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង អះអាង ថា គណបក្សសង្គ្រោះជាតិ នឹងប្ដេជ្ញាតស៊ូ រើបម្រះពីការគាបសង្កត់នេះ៖ «យើងមិនអាចនៅស្ងៀមឲ្យគេធ្វើទុក្ខបុកម្នេញ ធ្វើបាបមេដឹកនាំយើងតាមអំពើចិត្តទៀតទេ អ៊ីចឹងយើងត្រូវតែរួបរួមជាមួយនឹងកម្លាំងអន្តរជាតិ ដើម្បីជួយជំរុញធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្ដូរសភាពការណ៍នយោបាយនៅកម្ពុជានេះ បើយើងចង់ឲ្យមានការបោះឆ្នោតនៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ហ្នឹង ហើយដើម្បីឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមបោះឆ្នោតឲ្យពេញលេញហ្នឹង»។
ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិនេះដែរ មន្ត្រីគណបក្សកាន់អំណាច ធ្លាប់បញ្ជាក់ជាហូរហែរួចមកហើយ ថាបើទោះបីជាអត់គណបក្សសង្គ្រោះជាតិមួយ ក៏នៅមានគណបក្សនយោបាយជាច្រើនផ្សេងទៀត ចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិខាងមុខនោះដែរ។
ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ យល់ឃើញថា ការបោះឆ្នោត ដែលគ្មានការចូលរួមពីគណបក្សប្រឆាំង នឹងមិនទទួលបានការស្វាគមន៍ ពីសហគមន៍អន្តរជាតិនោះទេ។ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើង ថាការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺទាល់តែគណបក្សកាន់អំណាច ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងដូចសព្វថ្ងៃនេះ៖ «ការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅក្នុងបរិយាកាសអាប់អួបែបនេះ នឹងត្រូវចាត់ទុកថា ជាការបោះឆ្នោតមិនស្របច្បាប់។ ខ្ញុំជឿថា ការណ៍ដែលលោក ហ៊ុន សែន ជឿទុកចិត្តខ្លាំង ថាចិននឹងជួយគាត់គ្រប់ពេល គឺជាការយល់ខុសធំណាស់ ព្រោះសហគមន៍អន្តរជាតិ បង្ហាញប្រតិកម្មយ៉ាងខ្លាំង និង បានថ្កោលទោសរដ្ឋាភិបាលកម្ពុជាស្ទើរគ្រប់ទិសទីទៅហើយនៅពេលនេះ។ សហគមន៍អន្តរជាតិ មិនព្រងើយកន្តើយក្នុងរឿងនេះទេ។ មិនយូរមិនឆាប់ គេនឹងដាក់ទណ្ឌកម្មកម្ពុជា បើនៅតែគ្មានដំណោះស្រាយ។ ម្យ៉ាងទៀត ខ្ញុំជឿថា ពលរដ្ឋខ្មែរ ក៏មិននៅស្ងៀម ស៊ូទ្រាំឲ្យគេធ្វើបាបដូច្នេះតទៅនោះដែរ។ ខ្ញុំជឿថា នឹងមានការក្រោកតវ៉ា និងធ្វើបាតុកម្មតាមផ្លូវ ក្នុងពេលណាមួយជាក់ជាមិនខាន។ ខ្ញុំមិនដឹងថាថ្ងៃណាទេ ប៉ុន្តែ ខ្ញុំជឿថានឹងអាចមានបាតុកម្ម ព្រោះពួកគាត់មិនអាចទទួលយកបាន»។
ក្រៅពីការចាប់ខ្លួនលោក កឹម សុខា រដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការក្ដៅលើប្រព័ន្ធផ្សព្វផ្សាយ និង អង្គការសង្គមស៊ីវិលផងដែរ។ ថ្មីៗនេះ រដ្ឋាភិបាលបានបណ្ដេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និង កំណត់ឲ្យកាសែតបរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់ពន្ធយ៉ាងសន្ធឹកសន្ទាប់ រហូតដល់កាសែតនេះសម្រេចបិទការផ្សាយកាលពីថ្ងៃទី៤ ខែកញ្ញា។ ស្ថានីយវិទ្យុអេហ្វ អឹម (FM) ក្នុងស្រុកទាំងអស់ ត្រូវបានក្រសួងព័ត៌មានបញ្ជាឲ្យបញ្ឈប់ការផ្សាយបន្តកម្មវិធីផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងវិទ្យុអាស៊ីសេរី។ នៅមុននេះ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យបិទបន្ទប់ស្ថានការណ៍បោះឆ្នោត ដែលជាបណ្ដុំអង្គការសង្គមស៊ីវិល ៤០ បង្កើតឡើងដើម្បីតាមដានដំណើរការបោះឆ្នោតនៅកម្ពុជា។
រដ្ឋាភិបាលប្រទេសសេរីជាច្រើន រួមទាំងអង្គការសិទ្ធិមនុស្សអន្តរជាតិ និង អង្គការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិផង សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍ធ្ងន់ៗ សម្ដែងក្ដីបារម្ភ និង ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនមេគណបក្សប្រឆាំងដោយបំពានច្បាប់។ ប៉ុន្តែប្រទេសកុម្មុយនិស្ត តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ជេង ហ្សួង (Geng Shuang) បញ្ជាក់ជំហរគាំទ្រកម្ពុជា ដោយយល់ថា ការចាប់លោក កឹម សុខា នេះ គឺដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពជាតិ។
ចំណែកឯពលរដ្ឋសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងបារាំង បានរៀបចំធ្វើបាតុកម្ម និងបន្តគ្រោងធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និង ស្តារស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ឲ្យមានលក្ខណៈអំណោយផល សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕