Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បារម្ភ​ពលរដ្ឋ​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន

Image may be NSFW.
Clik here to view.

សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាក់​ទឹក​ចិត្ត​ដោយ​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត តាម​ការ​អំពាវនាវ​របស់ គ..ប។ មន្ត្រី គ..ប បញ្ជាក់​ថា ការ​ទៅ​ចុះ​ឈ្មោះ ឬ​មិន​ទៅ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ផ្ទាល់ ខណៈ គ..ប ធ្វើ​ការ​តាម​តែ​អ្វី​ដែល​ច្បាប់​បាន​ចែង។

ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល នៅ​ពេល​មាន​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា​មិន​មាន​គម្រោង​ទៅ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ ចំណែក​អ្នក​ដែល​ត្រៀម​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន បាន​ដំអក់​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ ដោយសារ​ពួក​គាត់​បាក់​ទឹក​ចិត្ត​នៅ​ពេល​ដឹង​ថា មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន។

សំឡេង​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ភ្នំពេញ លោក អ៊ឹង ឆាយ៖ «ប្រធាន​គណបក្ស​មិន​អាច​ឈរ​ឈ្មោះ​ជា​គណបក្ស​ប្រឆាំង​ដដែល មាន​ន័យ​ថា​ទាំង​ខ្ញុំ​ទាំង​គេ សុទ្ធតែ​បាក់​ទឹក​ចិត្ត​ទាំងអស់​គ្នា​ហ្នឹង»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ កញ្ញា សង្គម​ស៊ីវិល​មើល​ឃើញ​អ្នក​ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិចតួច​ខ្លាំង ដោយ​ការិយាល័យ​ខ្លះ​មាន​តែ ៥ ទៅ ៦​នាក់​តែ​ប៉ុណ្ណោះ​បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​មួយ​ថ្ងៃ។ កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ថយ​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត លោក សំ គន្ធាមី ប្រាប់​ថា ដោយសារ​អាកាសធាតុ គឺ​ភ្លៀង ព័ត៌មាន​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ចង្អៀត និង​ឯកសារ​បញ្ជាក់​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តែ​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត។

ចំណែក​ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា លោក សំ គន្ធាមី អង្កេត​ឃើញ​ថា មិន​សូវ​ប៉ះពាល់​ខ្លាំង​ដល់​ទឹក​ចិត្ត​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ទើប​មាន​ការ​បង្កើន​ការ​ផ្សព្វផ្សាយ និង​បង្កើន​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «យើង​ព្រួយ​បារម្ភ យើង​បង្កើន​ការ​ផ្សព្វផ្សាយ។ យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា ជា​គោល​បំណង​របស់​យើង។ ចឹង​ហើយ​បាន​យើង​បង្កើន​ការ​ផ្សព្វផ្សាយ​ថា បង​ប្អូន​ត្រូវ​ទៅ​ចុះ​ឈ្មោះ ហើយ​ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ ឯ​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​តាម​សាលា​ឃុំ-សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន។ រយៈពេល ៤​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត (ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​៤ កញ្ញា) អ្នក​ទៅ​ចុះ​ឈ្មោះ​មាន​ចំនួន​ជាង ២៥.៨០០​នាក់។ តួលេខ​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ គ..ប លោក​បណ្ឌិត ហង្ស ពុទ្ធា។

លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា តួលេខ​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​រយៈពេល ៤​ថ្ងៃ​ដំបូង​មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន (កាល​ពី​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់) ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​សម្រុក​ទៅ​ចុះ​ឈ្មោះ​លើក​មុន​រួច​រាល់។ ចំពោះ​ការ​ព្រួយ​បារម្ភ ឬ​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ណា​នោះ គ..ប យល់​ថា គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ ហើយ គ..ប មិន​ធ្វើ​អត្ថាធិប្បាយ​ណា​ដែល​ទាក់ទង​នឹង​រឿង​នយោបាយ​នោះ​ទេ៖ «..ប ទទួល​ខុស​ត្រូវ​ទៅ​លើ​បញ្ហា​ពីរ។ ទី​មួយ គឺ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ទី​២ អនុវត្ត និង​រិះរក​បច្ចេកទេស​បោះឆ្នោត ដើម្បី​សម្រួល​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បាន​អញ្ជើញ​ទៅ​បោះឆ្នោត ហើយ​បើ​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ថា​មិន​ទៅ​ចុះ​ឈ្មោះ ឬ​មិន​ទៅ​បោះឆ្នោត អា​ហ្នឹង​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់»

យ៉ាង​នេះ​ក្ដី គ..ប និង​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​មាន​តួលេខ​ណា​មួយ​បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​នាក់ ហើយ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​រយៈពេល ៤​ថ្ងៃ​ដំបូង​នេះ​នៅ​ឡើយ​ទេ ខណៈ​ដែល​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពលករ​បាន​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស នៅ​មិន​ទាន់​ត្រូវ​រដ្ឋសភា​លើក​យក​ទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​នៅ​ឡើយ។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៣៣​រូប កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា បាន​ដាក់​សេចក្តី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​ដើម្បី​បើក​ផ្លូវ​អាច​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​បំពេញ​បេសកកម្ម ធ្វើ​ការ និង​កំពុង​សិក្សា ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ-សង្កាត់ និង​តាម​ភូមិ​ក្នុង​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង នៅ​មិន​ទាន់​ដឹង​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ថា រដ្ឋសភា​នឹង​ប្រជុំ​ពិនិត្យ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ​នៅ​ពេល​ណា​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ដឹង​ថា បច្ចុប្បន្ន សំណើ​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​សិក្សា​របស់​គណៈកម្មការ​ជំនាញ​នីតិកម្ម និង​យុត្តិធម៌។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​៦ នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា បាន​ទេ​នៅ​ថ្ងៃ​ទី​៥ កញ្ញា។ ប៉ុន្តែ​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​គណបក្ស ធ្លាប់​បង្ហើប​ថា ច្បាប់​នេះ​ទំនង​ជា​មិន​មាន​សង្ឃឹម​អាច​វិសោធនកម្ម​តាម​ការ​ចង់​បាន​ពី​ក្រុម​តំណាងរាស្ត្រ​ទាំង ៣៣​នាក់​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល និង គ..ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាន់​ពេលវេលា ឲ្យ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles