តំណាងរាស្ត្របក្សប្រឆាំង និងជាអនុប្រធានគណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា នឹងចុះទៅពិនិត្យគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង បន្ទាប់ពីលោកទទួលព័ត៌មានថា គម្រោងនេះជម្លៀសពលរដ្ឋចេញពីលំនៅឋាន ហើយមិនទាន់បានដោះស្រាយសំណងសមរម្យដល់ពលរដ្ឋរងផលប៉ះពាល់នៅឡើយ។ អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា ខ្លួនកំពុងតែដោះស្រាយជូនពលរដ្ឋជាបន្តបន្ទាប់។
លោក សុន ឆ័យ អះអាងថា គម្រោងចុះសិក្សានេះ លោកនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ អាជ្ញាធរខេត្តស្ទឹងត្រែង ស្វាគមន៍ និងផ្តល់កិច្ចសហការចំពោះគម្រោងចុះមកពិនិត្យនេះ។
លោក សុន ឆ័យ ពន្យល់មូលហេតុដែលតម្រូវឲ្យគណៈកម្មការទី២ នៃរដ្ឋសភា ចុះទៅពិនិត្យការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ព្រោះលោកទទួលព័ត៌មានថា ការអភិវឌ្ឍនេះធ្វើឲ្យពលរដ្ឋនៅក្នុងគម្រោងបាត់បង់មុខរបរ ការផ្តល់សំណងរបស់ក្រុមហ៊ុនមិនត្រឹមត្រូវ ករណីកាប់ឈើក្រៅតំបន់អាងស្តុកទឹក ជាដើម។ លោកបន្តថា ដោយសារគម្រោងវារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោងវិនិយោគសាធារណៈ ដូច្នេះក្រុមការងាររបស់លោក មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យក្នុងនាមជាស្ថាប័នរដ្ឋសភា ដែលតាមដានការងាររដ្ឋាភិបាល៖ «ការផ្តល់អ្វីដែលជាការសន្យារបស់ក្រុមហ៊ុននោះ មិនបានផ្តល់ឲ្យពលរដ្ឋត្រឹមត្រូវតាមគោលការណ៍ទេ ព្រោះយើងត្រូវត្រួតមើលដែរ មិនមែនត្រួតមើលតែក្រសួងទេ ត្រួតមើលការវិនិយោគដែរ តើត្រឹមត្រូវ ឬអត់ក្នុងវិស័យនៃការអភិវឌ្ឍសាធារណៈហ្នឹង»។
លោក សុន ឆ័យ ថ្លែងថា តាមគម្រោង គណៈកម្មការទី២ នៃរដ្ឋសភា ត្រូវចុះពិនិត្យមើលគម្រោងវារីអគ្គិសនីនៅថ្ងៃទី១៨-១៩ ខែមីនា នេះ ប៉ុន្តែដោយសារមានបញ្ហាការងារ ទើបគណៈកម្មការមិនអាចចុះតាមកាលកំណត់។
លោក សុន ឆ័យ ថ្លែងដូចនេះនៅពេលបញ្ចប់វេទិកាសិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងការគ្រប់គ្រងវិនិយោគសាធារណៈ មានក្រុមសមាជិកសភាមកពីប្រទេសវៀតណាម ឡាវ និងទូតរបស់ប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ខែមីនា។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងខ្នាតធំមួយនៅប្រទេសកម្ពុជា បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៤។
មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ ឲ្យអាស៊ីសេរីដឹងថា សព្វថ្ងៃនេះ ពលរដ្ឋនៅឃុំរបស់លោកបានចាកចេញទៅភូមិថ្មីបានជាង ៤០០គ្រួសារ។ ដោយឡែកពលរដ្ឋចំនួន ៩៣គ្រួសារទៀត មិនទាន់ចាកចេញនៅឡើយ។ លោកមេឃុំឲ្យដឹងទៀតថា ពលរដ្ឋដែលចាកចេញទៅរស់នៅភូមិថ្មី ជួបប្រទះបញ្ហាចម្បងបី គឺខ្វះទឹកស្អាតប្រើប្រាស់ មិនទាន់បានដីចម្ការគ្រប់គ្រាន់ និងមិនទាន់មានការឈូសឆាយដីឲ្យបានល្អនៅឡើយ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងថា លោកមិនទាន់ទទួលបានដំណឹងផ្លូវការពីសភានៅឡើយទេ ទាក់ទងគម្រោងចុះមកពិនិត្យទំនប់វារីអគ្គិសនីសេសានក្រោម២។ ទាក់ទងការដោះស្រាយផលប៉ះពាល់ លោក ម៉ែន គុង ឲ្យដឹងថា នៅពេលនេះមានពលរដ្ឋចំនួន ៨៨ភាគរយយល់ព្រមចាកចេញពីកន្លែងប៉ះពាល់ ហើយក្រុមហ៊ុន និងអាជ្ញាធរខេត្តនៅតែបន្តដោះស្រាយជូនពលរដ្ឋតាមដំណាក់កាល និងការលំបាករបស់ពលរដ្ឋ៖ «បើសិនជាមានប្រតិភូរដ្ឋសភាអញ្ជើញមក យើងនឹងចាត់តាំងឲ្យមានតំណាងក្រុមហ៊ុនគាត់ទៅចូលរួមជាមួយ ដើម្បីបំភ្លឺជូនប្រតិភូដែលអញ្ជើញមក»។
ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោក គិត ម៉េង មានភាគហ៊ុន ៣៩ភាគរយ និងក្រុមហ៊ុន ឆាយណា ហាយដ្រូឡានឆាង អ៊ីនធឺណេសិនណល អ៊ីននើជី (China's Hydrolancang International Energy) របស់ប្រទេសចិន ភាគហ៊ុន ៥១ភាគរយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម-អន្តរជាតិ (EVN) មានភាគហ៊ុន ១០%។ គម្រោងនេះចំណាយប្រាក់ជិត ៨០០លានដុល្លារ និងគ្រោងសាងសង់រួចរាល់នៅឆ្នាំ២០១៧ ដែលអាចចាប់ផ្ដើមដំណើរការនៅចុងឆ្នាំនេះ៕