
អ្នកវិភាគបញ្ហានយោបាយ និងអ្នកជំនាញផ្នែកកិច្ចការបោះឆ្នោត មានសុទិដ្ឋិនិយមថា បក្សប្រឆាំងនឹងមិនអាចត្រូវបិទទ្វារបានទេ ដរាបណាបក្សនេះមិនបានប្រព្រឹត្តបទល្មើសផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយនោះ។ ការវិវត្តន៍នៃស្ថានការណ៍នយោបាយក្នុងដំណាក់កាលចុងក្រោយនេះ បានបង្ខំឲ្យគណបក្សប្រឆាំងត្រូវបង្ហាញពីតម្លាភាពទាំងផ្នែកហិរញ្ញវត្ថុ និងគោលនយោបាយរបស់ខ្លួន នៅចំពោះមុខការធ្វើសវនកម្មដោយអាជ្ញាធររដ្ឋ។
ការត្រួតពិនិត្យថវិការបស់បក្សប្រឆាំងដែលត្រូវគេសង្ស័យថាមានភាពមិនប្រក្រតី រហូតមកដល់ពេលនេះ មិនត្រូវបានអាជ្ញាធរជំនាញនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា មានដំណើរការយ៉ាងណានោះទេ។
អ្នកវិភាគនយោបាយយល់ឃើញថា ការត្រួតពិនិត្យពីលុយជំនួយ និងចោទថា បក្សប្រឆាំងរៀនពីរបៀបមុខវិជ្ជាខ្មៅងងឹត តាមរយៈវិធីសាស្ត្របដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល អាជ្ញាធររដ្ឋ និងស្ថាប័នជំនាញរបស់រដ្ឋាភិបាល គួរអនុវត្តឲ្យបានគ្រប់គណបក្សនយោបាយ ដោយមិនត្រូវផ្ដោតតែលើគណបក្សប្រឆាំងតែមួយគឺនៅមិនទាន់គ្រប់គ្រាន់ទេ។
ការអះអាងដូចនេះរបស់អ្នកវិភាគបញ្ហាសង្គម និងនយោបាយ ស្របពេលសវនករអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ កំពុងចុះពិនិត្យទៅលើភាពស្របច្បាប់នៃហិរញ្ញប្បទានរបស់បក្សប្រឆាំង។ គណបក្សនេះ ក្រៅពីត្រូវរងសម្ពាធដោយចោទប្រកាន់ថា អាចមានប្រភពលុយពីបរទេសដែលអនុវត្តផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយហើយ គណបក្សសង្គ្រោះជាតិ ក៏កំពុងទទួលថ្មបាក់មួយចំណែកទៀត គឺរងការចោទថា បានរៀនពីរបៀបធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថែមទៀតផង។ ប៉ុន្តែបញ្ហានេះ ត្រូវបានអ្នកវិភាគបញ្ហានយោបាយ និងសង្គមយល់ឃើញថា នេះជាស្នៀតដែលដៃគូប្រកួតផ្នែកនយោបាយ ប្រើប្រាស់ដើម្បីធ្វើឲ្យជីវិតនយោបាយរបស់បក្សប្រឆាំងត្រូវចប់នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកដល់។
នៅពេលនេះ គណបក្សប្រឆាំងកំពុងដោះស្រាយបញ្ហាចំពោះមុខទាំងការវាយលុកផ្នែកថវិកា នយោបាយបដិវត្តន៍ពណ៌ និងការសំអាតបញ្ជីសារពើពន្ធ ក្រោមហេតុផលថាជាការពង្រឹងច្បាប់។ ការអនុវត្តដូចនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ហាក់មិនខុសពីគ្នាប៉ុន្មានឡើយពីជោគវាសនាដូចទៅនឹងវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) និងការបិទវិទ្យុក្នុងស្រុកមួយចំនួនដែលទទួលផ្សាយកម្មវិធីព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក។
មន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ព្រមានថា ប្រសិនបើរកឃើញថា បក្សប្រឆាំងពិតជាមានលុយមិនត្រឹមត្រូវ និងបទល្មើសដទៃទៀត ដូចការចុះផ្សាយរបស់កាសែតក្នុងស្រុក ដែលគាំទ្ររដ្ឋាភិបាលមែន គណបក្សនេះអាចនឹងត្រូវបិទទ្វារ។
បើទោះជាបែបណា លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកថា ការព្យាយាមប្រើប្រាស់មធ្យោបាយក្ដិចត្រួយនេះ ប្រហែលមិនអាចធ្វើឲ្យបក្សប្រឆាំង ត្រូវរលាយខ្លួននៅមុនការបោះឆ្នោតមកដល់បាននោះទេ។ លោកបន្តថា ថ្វីបើច្បាប់ស្ដីពីគណបក្សនយោបាយអាចជាឧបសគ្គសម្រាប់បក្សសង្គ្រោះជាតិ ប្រសិនបើប្រភពថវិកាបក្សនេះ អនុលោមតាមច្បាប់ មានន័យថា បក្សប្រឆាំងនៅតែអាចបន្តសកម្មភាពនយោបាយបាន៖ «គេត្រូវតែពិនិត្យមើលជាទូទៅ ហើយផ្ទៀងផ្ទាត់ច្បាប់ដែលមានជាធរមាន។ ខ្ញុំមិនជឿថា មានការលំបាកអីទាល់តែសោះ រហូតត្រូវរំលាយគណបក្សនោះទេ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ប្រភពថវិការបស់បក្សប្រឆាំង គឺតែងទទួលបានពីសមាជិកនៅក្នុងបក្ស។ ក្រៅពីនេះ របាយការណ៍ចំណាយពីហិរញ្ញវត្ថុដូចដែលក្រសួងបានទាមទារ ខាងគណបក្សបានដាក់ជូនទៅក្រសួងមហាផ្ទៃ ជាទៀងទាត់រួចហើយដែរ។
ទាក់ទិនរឿងនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) ឲ្យដឹងថា គណបក្សនយោបាយនីមួយៗតែងមានប្រភពថវិការបស់ខ្លួន ដូចជាវិភាគទានពីសមាជិកក្នុងបក្សជាដើម។ លើសពីនេះទៀត ចំណូលថវិកាដែលបានពីសមាជិកដែលរស់នៅក្រៅប្រទេសក៏មិនចាត់ទុកថា ជាប្រភពចំណូលដែលផ្ទុយពីច្បាប់ដែរ លើកលែងតែប្រភពចំណូលបានពីស្ថាប័នអង្គការបរទេសផ្សេងប៉ុណ្ណោះ៖ «លើកលែងតែអង្គការដែលខុសច្បាប់ណាមួយនៅក្រៅប្រទេសបានពាក់ព័ន្ធថា វាមានបញ្ហា បើគ្រាន់តែសមាជិកខ្លួនក្នុងក៏ដោយ ក្រៅក៏ដោយ វាមិនបញ្ហាអីទេ សម្រាប់ច្បាប់គណបក្សនយោបាយ»។
ច្បាប់ស្ដីពីវិសោធនច្បាប់គណបក្សនយោបាយមាត្រា ២៩ ថ្មី កថាខណ្ឌទី២ ចែងថា គណបក្សនយោបាយត្រូវហាមឃាត់មិនឲ្យទទួលលុយជំនួយ ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័ន ក្រុមហ៊ុន និងជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស៕