Clik here to view.

ជនជាតិដើមភាគតិចរស់នៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ជាង ២៣០គ្រួសារ ទាមទារឲ្យក្រសួងកសិកម្ម កាត់ដីពីរចំណុចនៅក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ៧ មករា ផារី ទុកសម្រាប់ពលរដ្ឋប្រើប្រាស់ និងទុកជាព្រៃអភិរក្សសហគមន៍។
ការទាមទារនេះ ធ្វើឡើងតាមរយៈលិខិតរបស់អ្នកភូមិតាំងសេ ដាក់ជូនអាជ្ញាធរឃុំញ៉ាង ស្រុកអណ្ដូងមាស ដើម្បីឆ្លើយតបទៅនឹងឱសានវាទរបស់មន្ទីរកសិកម្ម ខេត្តរតនគិរី ដែលកំណត់រយៈពេលមួយខែឲ្យអ្នកភូមិធ្វើរបាយការណ៍ពីផលប៉ះពាល់ទាក់ទិនគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ៧មករា ផារី (7 MAKARA PHARY)។
មន្ទីរកសិកម្មខេត្តរតនគិរី កាលពីដើមខែសីហា បានបិទប្រកាសនៅសាលាឃុំញ៉ាង ឲ្យពលរដ្ឋភូមិចំនួន៤ ក្នុងឃុំញ៉ាង ទៅពិនិត្យមើលផែនទីដែលមន្ត្រីជំនាញពាក់ព័ន្ធបានសិក្សាគូសកំណត់ដីដែលត្រូវផ្ដល់សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន និងកាត់ដីមានផលប៉ះពាល់ពលរដ្ឋចេញពីគម្រោងសម្បទាន។ លិខិតជូនដំណឹងនោះកំណត់ពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ជាឱសានវាទឲ្យអ្នកភូមិតវ៉ា។
តំណាងអ្នកភូមិ លោក កាឡាន ហ្លាង ឲ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ថា លិខិតតវ៉ារបស់ពលរដ្ឋដាក់ជូនអាជ្ញាធរឃុំកាលពីថ្ងៃទី៣០ ខែសីហា ក្នុងនោះអ្នកភូមិទាមទារឲ្យកាត់ចេញដីប្រមាណ ២ពាន់ហិកតារនៅចំណុចច្រកផ្លូវទៅប៉ុស្តិ៍ការពារព្រំដែនផាតាម និងនៅចំណុចវាលសុន។ លោកកត់សំគាល់ថា ដីទាំងពីរចំណុចនេះមួយភាគធំជាដីចម្ការពលរដ្ឋដាំដុះជាក់ស្ដែង និងដីមួយផ្នែកទៀត ជាដីព្រៃឈើដែលអ្នកភូមិគ្រោងស្នើសុំរក្សាទុកចុះបញ្ជីជាព្រៃអភិរក្សសហគមន៍៖ «ដីទាំងពីរចំណុច បើសិនខាងរដ្ឋាភិបាលសម្បទានទៅឲ្យក្រុមហ៊ុន ហើយក្រុមហ៊ុនឈូសឆាយគេសម្រេចចិត្តថានឹងធ្វើបាតុកម្មតែម្ដង»។
កាលពីខែតុលា ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានសម្រេចធ្វើអនុប្បយោគដីជាង ៦.៨០០ហិកតារ (៦.៨៥៥) នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រែក្លាយដីតំបន់នោះជាដីឯកជនរបស់រដ្ឋតាមសំណើក្រសួងកសិកម្ម ដើម្បីវិនិយោគដំណាំកសិឧស្សាហកម្ម។ នៅឆ្នាំ២០១៣ ក្រុមហ៊ុន ៧ មករា ផារី បានសុំចុះបញ្ជីដីនោះជាសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែរហូតបច្ចុប្បន្នការដោះស្រាយផលប៉ះពាល់ទាក់ទិនដីតំបន់នោះនៅមិនទាន់ធ្វើរួចរាល់នៅឡើយ។
មេឃុំញ៉ាង លោក រម៉ាម ហិន ទទួលស្គាល់ថា ក្រុមហ៊ុនបានហ៊ុមព័ទ្ធដីស្ទើរទាំងអស់នៅតំបន់នោះ នៅសល់ដីតិចតួចដែលអ្នកភូមិតាំងលំនៅឋាន។ លោកបន្តថា អ្នកភូមិតវ៉ាតាំងពីឆ្នាំ២០១៦ ដើម្បីទាមទារដីត្រៀមបម្រុង និងព្រៃឈើសម្រាប់អភិរក្សតាមប្រពៃណីជនជាតិដើមភាគតិចទើបអាជ្ញាធរគូសផែនទីកាត់ផលប៉ះពាល់ឲ្យប្រជាពលរដ្ឋពិនិត្យ និងតវ៉ាជាថ្មី៖ «អត់ខុសទេសហគមន៍គាត់ស្រឡាញ់តែព្រៃគាត់វិញ វាអត់មានព្រៃមែនកន្លែងនោះ អស់រលីង។ ក្នុងផែនទីក្រុមហ៊ុននៅជុំវិញភូមិគាត់នៅសល់តិចតួច គាត់តវ៉ាតាំងពីឆ្នាំមុននោះ»។
ដូចគ្នានេះ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បញ្ជាក់ថា មន្ត្រីជំនាញបានសិក្សា និងគូសផែនទីកាត់ចេញដីតំបន់មានផលប៉ះពាល់ប្រជាពលរដ្ឋរួចហើយមុននឹងដាក់ជូនពលរដ្ឋពិនិត្យឡើងវិញនេះ។ លោកថា មន្ត្រីជំនាញ និងចុះផ្សព្វផ្សាយពន្យល់លំអិតដល់ពលរដ្ឋទាក់ទិនផែនទីកាត់ចេញដីមានផលប៉ះពាល់ជូនពលរដ្ឋចៀសវាងអ្នកភូមិមានការភ័ន្តច្រឡំ៖ «គេបានប្រជុំកាត់ឲ្យគាត់អស់រលីង ហើយកាលគេចុះទៅធ្វើណាដីហ្នឹងដូចជានៅសល់ ២ពាន់ហិកតារហ្នឹង»។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងពលរដ្ឋ លោក កាឡាន ហ្លាង បញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតបច្ចុប្បន្ន អ្នកភូមិនាំគ្នាបាញ់ថ្នាំពណ៌កំណត់ព្រំដីដែលអ្នកភូមិតវ៉ានៅតំបន់ទាំងពីរទុកជាសម្គាល់ជូនក្រុមសមត្ថកិច្ចសម្រេចកាត់ដីនោះទុកឲ្យពលរដ្ឋប្រើប្រាស់វិញ៕