Clik here to view.

ប្រជាកសិករដាំដំណាំម្រេច នៅឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភខ្លាចម្រេចរបស់ពួកគាត់បន្តងាប់ថែមទៀត។ ក្តីបារម្ភនេះ ក្រោយពេលដំណាំម្រេចរបស់អ្នកភូមិងាប់ជាបន្តបន្ទាប់ ដោយមិនទាន់មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឡើយ។ ចំណែកអាជ្ញាធរមូលដ្ឋានថា នឹងធ្វើរបាយការណ៍នេះបញ្ជូនទៅអាជ្ញាធរខេត្ត និងមន្ត្រីជំនាញដើម្បីចាត់វិធានការជូនកសិករ។
កសិករលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដោយសារដំណាំម្រេចចេះតែបន្តងាប់ ដូចជាចំណូលត្រូវធ្លាក់ចុះ ហើយត្រូវជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ និងមានកសិករខ្លះសម្រេចឈប់ដាំដំណាំប្រភេទនេះទៀតផង។ កសិករដែលបានដាំម្រេចឡើងវិញមួយចំនួន ចេះតែព្រួយបារម្ភខ្លាចម្រេចពួកគាត់នឹងឆ្លងរាលដាលងាប់ទៀត ព្រោះកសិករមិនទាន់មានវិធានការទប់ស្កាត់បានទាំងស្រុងទេ។
កសិករនៅឃុំទ្រាក លោក មុំ រ៉ុម មានប្រសាសន៍ថា ក្នុងចំណោមម្រេចរបស់លោកចំនួនជិត ១ពាន់ជន្លង់ គឺងាប់អស់ជាងពាក់កណ្ដាលហើយ ដោយសារជំងឺម្យ៉ាងដែលកសិករហៅថា ជំងឺផ្សិត។ លោកថា រយៈពេលចាប់ផ្ដើមងាប់តាំងពីខែមេសា មក ហើយពួកគាត់រិះរកវិធីផ្សេងៗ ដើម្បីទប់ស្កាត់ និងការពារដែរ ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ គួបផ្សំនឹងកសិករមិនសូវមានបច្ចេកទេសច្បាស់លាស់ផង ហើយជំងឺប្រភេទនេះឆ្លងយ៉ាងរហ័សទៀតផង។ កសិករដដែលបញ្ជាក់ថា បើទោះបីជាម្រេចពួកគាត់ងាប់ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែមិនដែលមានមន្ត្រីជំនាញណាចុះណែនាំពីវិធីបង្ការដល់កសិករទេ៖ «ចង់ឱ្យគេអ្នកចេះដឹងខាងកសិកម្មហ្នឹង ចុះមកពន្យល់កសិករហ្នឹងឱ្យបានចេះដឹងគ្រប់ៗគ្នា»។
មិនខុសគ្នានេះ សមាជិកភូមិ និងជាប្រធានសហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រាក មេមត់ លោក ញឹម សេងហាន បញ្ជាក់ថា ដំណាំម្រេចរបស់កសិករនៅឃុំទ្រាក ងាប់ជាបន្តបន្ទាប់ប្រាកដមែន។ បញ្ហានេះលោកបារម្ភខ្លាចឆ្លងរាលដាលមកប៉ះលើចម្ការរបស់លោកម្ដងទៀត ដោយលោកអះអាងថា ម្រេចរបស់លោកងាប់ជាប់គ្នាពីរឆ្នាំ គឺឆ្នាំ២០១៥ និង២០១៦ អស់ជាង ២ពាន់ជន្លង់។
លោកមើលឃើញថា នៅពេលដំណាំម្រេចខូចខាត កសិករខ្លះត្រូវប្រឈមបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ពីព្រោះពួកគាត់មួយចំនួនបានខ្ចីបុលប្រាក់ពីគ្រឹះស្ថានដើម្បីពង្រីកមុខរបររបស់ខ្លួន។ ដើម្បីការពារម្រេចរបស់ខ្លួនដែលដាំលើកក្រោយ កសិកររូបនេះក៏បានអនុវត្តវិធីបែបធម្មជាតិមួយចំនួនដែរ៖ «ខ្ញុំបញ្ចៀសទឹក ហើយមិនសូវប្រើប្រាស់ថ្នាំ ជី ប៉ុន្មានទេ ដោយមើលឃើញថា វាជួបប្រទះបែបហ្នឹង»។
ពលរដ្ឋនៅឃុំទ្រាក មានចំនួនជាង ១ពាន់គ្រួសារ ហើយមានពលរដ្ឋប្រមាណ ៧០ភាគរយ នាំគ្នាប្រកបមុខរបរដាំដំណាំម្រេច។
មេឃុំទ្រាក លោក ស៊ូ យ៉េន មានប្រសាសន៍ថា ខាងលោកនឹងចុះស្រង់ទិន្នន័យពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ខេត្តតាមរយៈអាជ្ញាធរស្រុក និងដើម្បីស្នើសុំមន្ត្រីជំនាញជួយអន្តរាគមន៍ដល់កសិករជុំវិញករណីនេះ។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសេដ្ឋ បានទេ នៅថ្ងៃទី៣១ សីហា។
សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាអ្នកដាំម្រេចផងនោះ លោក ស៊ូ យាន បញ្ជាក់ថា ម្រេចរបស់លោកប្រមាណ ២ពាន់ជន្លង់ងាប់ជាហូរហែ ចាប់តាំងពីឆ្នាំ២០១៦ អស់ជាងពាក់កណ្ដាលហើយ។ លោកធ្លាប់បានលើកឡើងអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយទទួលបានចម្លើយតបវិញថា មូលហេតុម្រេចងាប់ព្រោះកសិករដាំខុសបច្ចេកទេស ប៉ុន្តែពួកគេមិនធ្លាប់ណែនាំកសិករថា ត្រូវដាំរបៀបណាទើបត្រូវតាមបច្ចេកទេសនោះទេ៖ «ភាគច្រើនពួកគាត់មានទុនធ្វើម្រេចហ្នឹងគឺដោយសារខ្ចីធនាគារយកមកប្រើប្រាស់ ប៉ុន្តែមកទល់ពេលនេះ ខ្ចីធនាគារដាំមិនទាន់បានផលផងពួកគាត់ជួបគ្រោះដោយសារម្រេចងាប់»។
កសិករដាំម្រេចនៅស្រុកមេមត់ ក្រៅពីប្រឈមបញ្ហាម្រេចងាប់ហើយ ពួកគេត្រូវប្រឈមចំពោះបញ្ហាតម្លៃម្រេចចុះថោកថែមទៀត។ កាលពីឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ តម្លៃម្រេចក្នុងមួយគីឡូក្រាម កសិករលក់បានជាង ៤ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នតម្លៃម្រេចធ្លាក់ចុះមកនៅត្រឹមតម្លៃ ១.៥០០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន កត់សម្គាល់ថា នៅពេលម្រេចងាប់ច្រើន កសិករនាំគ្នាប្រើថ្នាំផ្សេងៗ ដើម្បីទប់ទល់ ប៉ុន្តែភាគច្រើនជាការធ្វើតាមគ្នា គ្មានបច្ចេកទេសត្រឹមត្រូវឡើយ។ លោកស្នើឱ្យមន្ត្រីកសិកម្ម គប្បីចុះសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងផ្ដល់ជាដំណោះស្រាយជូនកសិករ។ លោកមើលឃើញថា កសិករនៅស្រុកមេមត់ ជួបបញ្ហាប្រឈមច្រើនដូចជាបញ្ហាតម្លៃកសិផលថោក ជំពាក់បំណុលធនាគារ ដំណាំរងការខូចខាតជាបន្តបន្ទាប់។ បញ្ហាទាំងនេះ ប្រសិនបើរាជរដ្ឋាភិបាល ពិសេសមន្ត្រីជំនាញមិនអាចជួយដោះស្រាយបាន កសិករអាចនឹងបោះបង់ចោលរបរកសិកម្ម ហើយចំណាកស្រុកតែម្ដង៕