Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខ្មែរ​១៥​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ស្វែង​រក​កិច្ច​អន្តរាគមន៍

Image may be NSFW.
Clik here to view.

ក្រុម​ពលករ​ខ្មែរ ១៥​នាក់ ទៅ​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃ ត្រូវ​ប៉ូលិស​ថៃ ចាប់​ខ្លួន​នៅ​ពេល​ពួកគេ​រត់​ពី​កន្លែង​ធ្វើ​ការ​នៅ​ខេត្ត​សូរ៉ាតថានី (Surat Thani) ឆ្ពោះ​ទៅ​ក្រុង​បាងកក ដើម្បី​រក​ការងារ​ថ្មី។ ចំណែក​តំណាង​ក្រុមហ៊ុន​នាំ​ពលករ​អះអាង​ថា ពេល​នេះ​ក្រុមហ៊ុន​កំពុង​ទាក់ទង​ទៅ​មន្ត្រី​កម្ពុជា និង​អាជ្ញាធរ​ថៃ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ពលករ​ទាំង​នោះ។

ក្រុម​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ផ្នែក​សំណង់​នៅ​ប្រទេស​ថៃ ប្រាប់​ថា មូលហេតុ​ដែល​ពួកគេ​រត់​ចេញ​ពី​កន្លែង​ការងារ ព្រោះ​ពួកគេ​ធ្វើការ​បាន​ជាង ៥​ខែ​មក​នេះ មិន​គ្រប់​ចំនួន​នៃ​កិច្ច​សន្យា​ការងារ។ ពួកគេ​ថា ប្រាក់​ដែល​ទទួល​បាន​នោះ​ទូទាត់​នឹង​ថ្លៃ​ហូប​ចុក​ពួកគេ​មិន​បាន​សល់​អ្វី​ឡើយ ដូច្នេះ​ហើយ​ទើប​ក្រុម​ពលរដ្ឋ​រត់​ទៅ​កន្លែង​ថ្មី​សង្ឃឹម​ថា នឹង​បាន​ប្រាក់​ខែ​ខ្ពស់ ប៉ុន្តែ​បែរ​ជា​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​កាល​ពី​យប់​ទី​៣០ ខែ​សីហា។

ពលករ​ម្នាក់ លោកស្រី ហួន សុខគិន ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​ឈ្មោះ ស៊ី.អេស.អូ (CSO) ដែល​នាំ​ក្រុម​លោកស្រី​ទៅ​ធ្វើ​ការ​នៅ​ថៃ សន្យា​ថា ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​មួយ​ម៉ឺន​ពីរ​ពាន់​បាត (១២.០០០) ឬ​ស្នើ​នឹង​ជាង ១,២​លាន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​ថៅកែ​ផ្ដល់​ប្រាក់​ឈ្នួល​ប៉ុន្មាន​ខែ​ដំបូង ៦.០០០​បាត ឬ​ជាង ៦០​ម៉ឺន​រៀល ហើយ​ជាង​មួយ​ខែ​ចុង​ក្រោយ ពួកគាត់​បាន​ប្រាក់​ឈ្នួល​ត្រឹមតែ ៣​ពាន់​បាត​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ក្រុម​ពលករ​នាំ​គ្នា​រត់​ចេញ​ទៅ​រក​កន្លែង​ការងារ​ថ្មី។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ថៅកែ​សំណង់​ថៃ តែង​ព្រមាន​វាយ​ធ្វើ​បាប​ពលករ​ខ្មែរ ថែម​ទាំង​មាន​បង្អួត​កាំភ្លើង​ទៀត​ផង​នៅ​ពេល​ពលករ​ទាមទារ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ចំនួន​តាម​កុងត្រា​ការងារ៖ «រត់​ពី​កន្លែង​ធ្វើ​ការ​មក​បេនឡាន ប្រុង​ជិះ​ឡាន​ទៅ​ក្រុង​ថេប (ទីក្រុង​បាងកក) តែ​តម្រួត​គេ​កាក់​ចាប់ ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​អត់​ទទួល​ខុស​ត្រូវ»

​លោកស្រី ហួន សុខគិន បន្ត​ថា ទម្រាំ​បាន​មក​ធ្វើ​នៅ​ប្រទេស​ថៃ ពួកគេ​ត្រូវ​ចំណាយ​លុយ​ធ្វើ​លិខិត​ឆ្លង​ដែល​ជាង​មួយ​ម៉ឺន​បាត គិត​លុយ​ខ្មែរ​ជាង​មួយ​លាន​រៀល និង​ត្រូវ​បង់​លុយ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​នាំ​ពលករ​ម្នាក់​ពីរ​ម៉ឺន​បាត​ទៀត ទើប​ពួកគេ​អាច​មក​ធ្វើ​នៅ​ប្រទេស​ថៃ បាន។ ប៉ុន្តែ​ពេល​ពួកគេ​មាន​បញ្ហា​ត្រូវ​ថៅកែ​ធ្វើ​បាប ឬ​មិន​បើក​ប្រាក់​ខែ​មិន​គ្រប់​ចំនួន ក្រុមហ៊ុន CSO មិន​បាន​អន្តរាគមន៍​នោះ​ទេ។

ទាក់ទង​រឿង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។ រី​ឯ​តំណាង​ក្រុមហ៊ុន CSO  ដែល​នាំ​ពលករ​ខ្មែរ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ លោក ឈាង សុខា ប្រាប់​ថា លោក​បាន​ដឹង​ពី​ករណី​នេះ គឺ​បណ្ដាល​មក​ពី​ភាគី​ថៅកែ​បើក​ប្រាក់​ឈ្នួល​មិន​គ្រប់​ចំនួន។ លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ ក្រុមហ៊ុន​បាន​ទាក់ទង​ទៅ​តំណាង​ស្ថានទូត​ខ្មែរ​នៅ​ខេត្ត​សូរ៉ាតថានី របស់​ថៃ និង​សមត្ថកិច្ច​នៅ​ទី​នោះ ហើយ​សមត្ថកិច្ច​ថៃ បាន​យល់​ព្រម​ដោះលែង​ពលរដ្ឋ​វិញ​ហើយ៖ «គាត់​បាន​ទៅ​ដល់​កន្លែង​ស្នាក់នៅ​វិញ​ហើយ ខ្ញុំ​បាន​ណាត់​ទូត ណាត់​ក្រសួង​ការងារ​ថៃ ថ្ងៃ​ច័ន្ទ ខ្ញុំ​នឹង​ចូល​ទៅ​ដោយសារ​ទូត​គាត់​ចូល​ទៅ​ថ្ងៃ​សុក្រ​នេះ​អត់​ទាន់»

​តំណាង​ក្រុមហ៊ុន​នេះ​អះអាង​ថា នៅ​ពេល​ពលករ​ទាំង​នោះ​កំពុង​សម្រាក​នៅ​កន្លែង​ពួកគេ​កំពុង​ធ្វើ​ការ​សំណង់ ហើយ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ក្រុមហ៊ុន​នឹង​បញ្ជូន​ពលករ​មក​កម្ពុជា វិញ តាម​ការ​ចង់​បាន​របស់​ពលករ។  ប៉ុន្តែ​ក្រុម​ពលករ​ថា ពួកគេ​មិន​សូវ​មាន​ជំនឿ​លើ​ការ​សន្យា​របស់​តំណាង​ក្រុមហ៊ុន CSO ពេក​នោះ​ទេ ព្រោះ​មុន​កាល​ពី ១០​ថ្ងៃ ពួកគេ​សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឆ្លើយ​តប​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles