Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ឈ្មួញ​ឯកជន​បន្ត​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​ព្រះសីហនុ​ក្រោយ​ប្រកាស​របស់​​នាយករដ្ឋមន្ត្រី​

$
0
0

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ អះអាង​ថា បរិវេណ​ដី​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​នេះ ដែល​ត្រូវ​គេ​ចាក់​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឯកជន​​កន្លង​មក​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី មិន​ទាន់​បាន​ដក​ហូត ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ស្របតាម​បទបញ្ជា​ប្រមុខ​ដឹកនាំ​នៅ​ឡើយ​ទេ។

​មន្ត្រី​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន​បាន​កត់សម្គាល់​ថា បរិវេណ​ដី​ព្រៃ​កោងកាង មាន​ទីតាំងនៅ​តំបន់​ស្ពាន​ឆេះ ជាប់​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ រាប់​សិប​ហិកតារ និង​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ត្រូវ​កាន់កាប់​ដោយ​ឯកជន​គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ ទោះ​បី​ប្រមុខ​ដឹកនាំ​ដាក់​បទបញ្ជា​ឲ្យ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​បែប​ណា​ក្តី។ ពួកគេ​សាទរ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​បទបញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​ប្រមុខ​ដឹកនាំ​ដែល​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ និង​ជា​ប្រភព​ធនធាន​ជីវចម្រុះ​នៅ​កម្ពុជា។

​លោក សុខ សុខុម បន្ត​ថា នឹង​រង់ចាំ​មើល​ការ​ចុះ​អនុវត្ត​ការងារ​ដក​ហូត​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដែល​ត្រូវ​បុគ្គល​ឯកជន​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ កន្លង​មក​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី មាន​ប្រសិទ្ធភាព ឬ​ទេ? លោក​បន្ត​ថា ដី​ព្រៃ​កោងកាង ដែល​ត្រូវ​គេ​ដឹក​ដី​ចាក់​លុប​មាន​ទីតាំង​នៅ​តំបន់​ស្ពាន​ឆេះ ជាប់​ឆ្នេរ​អូរត្រេះ ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ និង​ព្រៃ​កោងកាង រាប់​រយ​ហិកតារ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ និង​ដី​ព្រៃ​កោងកាង នៅ​តាម​តំបន់​ខ្លះ​ទៀត​នៅ​ស្រុក​ស្ទឹងហាវ ត្រូវ​ឈ្មួញ និង​បុគ្គល​ឯកជន​កាន់កាប់​ដដែល។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បង្ហាញ​ទស្សនៈ​ថា ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​មន្ត្រី​ជំនាញ​តាម​ខេត្ត​នីមួយៗ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​កន្លង​មក រដ្ឋាភិបាល​ត្រូវ​រឹបអូស​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​កោងកាង​ទុក​សម្រាប់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត៖ «អ្នក​មាន​លុយ​មាន​អំណាច​រំលោភ​កាន់​កាប់​បរិវេណ​ដី​ព្រៃ​កោងកាង នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្រុង​ព្រះសីហនុ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ជាដើម ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​វិញ មិន​ដែល​ឃើញ​ទៅ​ទន្ទ្រាន​កាន់​កាប់​បរិវេណ​ដី​ព្រៃ​កោងកាង ចំណុច​ព្រៃ​លិច​ទឹក ឬ​តំបន់​ឆ្នេរ​សមុទ្រ​នោះ​ទេ។ ប្រការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ កន្លង​មក គឺ​មិន​បាន​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ថា ដី​តំបន់​ណា​ជា​ដី​លិច​ទឹក និង​ជា​​​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ក្នុង​វេទិកា​ស្ដីពី​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​លើក​ទី​២ រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។ លោក​បាន​រំលឹក​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ទៀត ព្រម​ទាំង​អភិបាលខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង ៤ ឲ្យ​ការពារ​តំបន់​ឆ្នេរ​សមុទ្រ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រៃ​កោងកាង ឲ្យ​បាន​គង់វង្ស។ កាល​ណោះ ប្រមុខ​ដឹកនាំ​បាន​ដាក់​បទ​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់ និង​អភិរក្ស​ការពារ​ធនធានធម្មជាតិ​នានា មាន​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ​ខុស​ច្បាប់ ពិសេស​ត្រូវ​រក្សា​តំបន់​ឆ្នេរ​សមុទ្រ និង​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​នានា នៅ​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ឲ្យ​បាន​ល្អ ឲ្យ​ស័ក្ដិសម​ប្រសិទ្ធិនាម​ថា​ជា "តារា​រះ​នា​ទិសនិរតី" និង​ជា​ឆ្នេរ​ស្រស់​ស្អាត​បំផុត​លំដាប់​ពិភពលោក។

​ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រំលឹក​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង ត្រូវ​ដកហូត ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង យក​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

លោក​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ដូច្នេះ ជា​ការ​ឆ្លើយ​តប​សំណូមពរ និង​ការ​ព្រួយ​បារម្ភ​របស់​តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ​មួយ​ចំនួន​​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា បរិវេណ​ដី​ព្រៃ​កោងកាង ដែល​ត្រូវ​បាន​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខ្លះ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​កន្លង​មក គឺ​មិន​ទាន់​មាន​ការ​ដក​ហូត​នោះ​ទេ ហើយ​ព្រៃ​កោងកាង ភាគ​ច្រើន ត្រូវ​គេ​ដឹក​ដី​ចាក់​លុប​បំបាត់​ភស្តុតាង​ថែម​ទៀត មាន​ដូចជា បរិវេណ​ព្រៃ​កោងកាង មាន​ដើម​ដុះ​ល្អៗ ដូច​ម្រាមដៃ រាប់​សិប​ហិកតារ មាន​ទីតាំង​នៅ​ជាប់​ភ្នំ​ដំណាក់​ស្ដេច​ក្បែរ​ឆ្នេរ​អូរត្រេះ ក្នុង​សង្កាត់​លេខ​៤ ត្រូវ​បុគ្គល​ឯកជន​កាន់កាប់​ទាំងស្រុង និង​ព្រៃ​កោងកាង រាប់​រយ​ហិកតារ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ត្រូវ​ឈ្មួញ និង​បុគ្គល​ឯកជន​បន្ត​កាន់​កាប់​ដដែល​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី សុធារី ហាក់​មិន​ទាន់​មាន​ជំនឿ​ថា បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ទំនង​ជា​មិន​មាន​មន្ត្រី​ក្រោម​ឱវាទ​ហ៊ាន​ចុះ​សើរើ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នេះ​នោះ​ទេ ព្រោះ​ម្ចាស់​ដី​ជា​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច៖ «ខ្ញុំ​មាន​សំណូមពរ​មួយ​សូម​ឲ្យ​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​ទាំង​អស់​មេត្តា​ពិនិត្យ​ឡើង​វិញ នូវ​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ដែល​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​ទាំង​អស់​ហ្នឹង​ឡើង​វិញ ថា​តើ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ឬ​ក៏​យ៉ាង​ណា? ហើយ​ស្ថានភាព​ដី​ជាក់ស្ដែង​នៅ​បរិវេណ​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង ដែល​មន្ត្រី​ជំនាញ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ឯកជន​នោះ តើ​ជា​ប្រភេទ​ដី​ព្រៃ​រេចរឹល ឬ​បែប​ណា? ព្រោះ​យើង​ឃើញ​ថា កន្លង​មក​ដូចជា​នៅ​ឃុំ​ទឹក​ថ្លា​ជាដើម អាជ្ញាធរ​បាន​ផ្ដល់​នូវ​ការ​វិនិយោគ​ដី​ព្រៃ​កោងកាង នៅ​តំបន់​នោះ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន និង​កំពុង​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង នៅ​ក្នុង​តំបន់​នោះ​បំផ្លាញ​ចោល​ថែម​ទៀត»

​ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នឹង​ខិតខំ​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នានា ដែល​សេសសល់​នា​មូលដ្ឋាន​នេះ​ឲ្យ​ស្របតាម​ការ​ចង្អុលបង្ហាញ​របស់​ប្រមុខ​ដឹកនាំ ដោយ​ធានា​ការពារ​មិន​ឲ្យ​មាន​អ្នក​រំលោភ​បំពាន​ខុស​ច្បាប់​ទៀត​ទេ។

​យ៉ាង​នេះ​ក្តី លោក យន្ត មីន ហាក់​មាន​ការ​រារែក​ក្នុង​ការ​សើរើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ត្រូវ​មន្ត្រី​ជំនាញ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង នៅមុន​ពេល​រូប​លោក​មក​ដឹកនាំ​ជា​អភិបាល​ខេត្ត​នេះ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​លោក​ថា នឹង​បន្ត​រួម​សហការ​ជាមួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​រលូន។

​យ៉ាង​ណា​ក៏ដោយ​ចុះ អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​តាមដាន​ទៅ​លើ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​នៅ​តាម​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស តើ​បាន​ចុះ​អនុវត្ត​ការងារ​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃ​កោងកាង និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ ព្រោះ​តាម​ការ​កត់សម្គាល់​កន្លង​ទៅ ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles