Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​វិភាគ​ថា​នយោបាយ​ប្រឆាំង​អាមេរិក​មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​ឡើយ

Image may be NSFW.
Clik here to view.

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​សភាព​ល្អក់​កករ​ជា​ខ្លាំង ជាពិសេស​ក្នុង​ឆ្នាំ​២០១៧ នេះ ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ហាក់​កំពុង​បង្កើន​ការ​អនុវត្ត​ជា​ចំហ​នូវ​នយោបាយ​ប្រឆាំង​អាមេរិក។ ក្រុម​អ្នក​វិភាគ និង​ឃ្លាំ​មើល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា យល់​ឃើញ​ថា នេះ​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ឆ្លាត​វៃ​ឡើយ ដែល​កម្ពុជា ជ្រើសរើស​យក​មាគ៌ា​នយោបាយ​ការ​បរទេស​បែប​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មហា​អំណាច​កំពូល​មួយ​នៅ​លើ​ពិភពលោក។

ឆ្នាំ​២០១៧ នេះ មិន​មែន​ជា​ឆ្នាំ​ល្អ​ឡើយ​សម្រាប់​នយោបាយ​ទំនាក់ទំនង​ការ​បរទេស​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ មាន​សញ្ញាណ និង​ព្រឹត្តិការណ៍​ប្រឆាំង​អាមេរិក​ជាច្រើន បាន​កើត​មាន​ឡើង​នៅ​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​តាំង​ពី​យុទ្ធនាការ​ទាមទារ​ឲ្យ​អាមេរិក​លុប​ចោល​បំណុល​ដែល​កម្ពុជា ជំពាក់​ពី​សម័យ​សង្គ្រាម​ជាង ៥០៥​លាន​ដុល្លារ​អាមេរិក ការ​លុប​ចោល​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ឈ្មោះ​ឆ្មាំ​អង្គរ និង​ការ​លុប​ចោល​កម្មវិធី​ជំនួយ​មនុស្សធម៌​អាមេរិក​ឈ្មោះ «ឃ្មុំ​សមុទ្ទ» ជាដើម។

កម្តៅ​នយោបាយ​រវាង​កម្ពុជា និង​អាមេរិក ហាក់​កើន​ឡើង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​អាមេរិក និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា យ៉ាង​តក់ក្រហល់។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​តួយ៉ាង​ដូចជា​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើម ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អាមេរិក បច្ចុប្បន្ន​ក៏​កំពុង​ទទួល​រង​នូវ​សម្ពាធ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល ក្នុង​គោលដៅ​ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​ទាំងនេះ។

Image may be NSFW.
Clik here to view.

ការ​កើន​ឡើង​នូវ​សញ្ញាណ​អវិជ្ជមាន​ទាំងនេះ ស្តែង​ឲ្យ​ឃើញ​ពី​យុទ្ធនាការ​យ៉ាង​សកម្ម​ប្រឆាំង​អាមេរិក​ដោយ​ចំហ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក តាម​រយៈ​ការ​ចោទ​ប្រកាន់​ដោយ​កាយវិការ សម្ដី និង​ជា​លាយលក្ខណ៍​អក្សរ​ថា អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​ចាំ​ជួយ​ឧបត្ថម្ភ​គណបក្ស​ប្រឆាំង ដើម្បី​ធ្វើ​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ការ​សើរើ​អំពី​ប្រវត្តិសាស្ត្រ​សម័យ​សង្គ្រាម ដែល​ចោទ​ថា​អាមេរិក​ជា​អ្នក​បណ្តាល​ឲ្យ​មាន​វិនាសកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា ជាដើម។

ជាក់ស្តែង កាល​ពី​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​របាយការណ៍​ផ្លូវការ​មួយ​ក្រោម​ចំណង​ជើង​ថា «កម្ពុជា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស៖ ប្រាប់​ពី​ការពិត»។ របាយការណ៍​សរសេរ​ចោទ​ប្រកាន់​ក្រុម​ប្រទេស​បស្ចិម​លោក ជាពិសេស​សហរដ្ឋ​អាមេរិក ដោយ​ចំៗ​ថា៖ «ជាច្រើន​ឆ្នាំ​មក​ហើយ កម្ពុជា បាន​ទទួល​រង​នូវ​យុទ្ធនាការ​កាន់​តែ​ខ្លាំង​ឡើង​ដឹកនាំ​ដោយ​រដ្ឋាភិបាល និង​អង្គការ​បរទេស​មួយ​ចំនួន ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា ទោះ​បី​ការណ៍​នេះ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​ភាគច្រើន​នៅ​ប្រទេស​នេះ​ក៏ដោយ។ យុទ្ធនាការ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​មួលបង្កាច់​ការពិត ភូត​កុហក ការ​បំប៉ោង​បញ្ហា​តូចតាច​ក្នុង​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ដាក់​កំហុស​ទៅ​លើ​ស្ថាប័ន​បច្ចុប្បន្ន​ដែល​ស្រប​ច្បាប់»

ថ្មីៗ​នេះ​ទៀតសោត ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​ចំពោះ​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​មន្ត្រី​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) ដោយ​សង្កត់​ធ្ងន់​ត្រង់ៗ​ថា៖ «នៅ​ពេល​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចូលរួម និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ... កម្ពុជា មិន​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កុមារភាព​ទៀត​ទេ។ យើង​មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់​ក្នុង​ការ​ប្រឈម​ដោះស្រាយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ត្រូវការ​ប្រៀន​ប្រដៅ​គ្រប់​បែប​យ៉ាង​នោះ​ទេ»

Image may be NSFW.
Clik here to view.


ក្រុម​អ្នក​វិភាគ និង​ឃ្លាំ​មើល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា យល់​ឃើញ​ថា នយោបាយ​កម្ពុជា ប្រឆាំង​នឹង​អាមេរិក មិន​មែន​ជា​ជម្រើស​ល្អ និង​ឆ្លាត​វៃ​ដែល​កម្ពុជា គួរ​ជ្រើសរើស​យក​ឡើយ។

លោក​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) សាស្ត្រាចារ្យ​កិត្តិយស​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី នៃ​សាកលវិទ្យាល័យ New South Wales បាន​ថ្លែង​ប្រាប់​អាស៊ីសេរី​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​នា​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា មិន​គួរ​ដុត​បំផ្លាញ​ស្ពាន​ខ្លួន​ឯង​ចោល​នោះ​ឡើយ ដោយ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ត្រូវ​ទៅ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​នោះ​ឡើយ។ លោក​បណ្ឌិត ខាល ថៃយ័រ បន្ត​ថា ឥទ្ធិពល​អវិជ្ជមាន​នៃ​ការណ៍​ដែល​កម្ពុជា ពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​មាន​ចំនួន​ពីរ​ធំៗ។ ទី​មួយ គឺ​ថ្លៃ​ឱកាស​នៃ​ការ​ធ្លាក់​ចុះ​ជំនួយ និង​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​ប្រទេស​បស្ចិម​លោក។ ហើយ​ឥទ្ធិពល​ទី​ពីរ គឺ​កម្ពុជា ដែល​ពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន នឹង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​ក្រុង​ប៉េកាំង បង្គាប់​បញ្ជា ដូច​ដែល​គេ​ឯង​បាន​ឃើញ​ស្រាប់​ហើយ​ដែល​ថា លោក ហ៊ុន សែន កំពុង​តែ​សម្រប​ខ្លួន​តាម​ការ​រំពឹង​ចង់​បាន​ពី​សំណាក់​ប្រទេស​ចិន។

សម្រាប់​លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) អ្នក​កាសែត និង​ជា​អ្នក​និពន្ធ​សៀវភៅ «កម្ពុជា របស់​លោក ហ៊ុន សែន ឬ Hun Sen’s Cambodia» វិញ បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក​មិន​គាំទ្រ​នយោបាយ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ដែល​បង្ក​ទំនាស់​នឹង​សហរដ្ឋ​អាមេរិក​នេះ​ទេ។ លោក​មើល​ឃើញ​ថា នយោបាយ​ប្រឆាំង​អាមេរិក​កើត​ឡើង​ដោយសារ​តែ​មន្ត្រី​មាន​អំណាច​ចង់​រក្សា​អំណាច។ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ បន្ត​ទៀត​ថា លោក​មើល​មិន​ឃើញ​ថា ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំងនេះ នឹង​មាន​ការ​កែប្រែ​ទស្សនៈ​របស់​ពួក​គេ​នេះ​ភ្លាមៗ​នោះ​ឡើយ។

មិន​ខុស​ពី​ការ​យល់​ឃើញ​ខាង​លើ​នេះ​ដែរ សម្រាប់​អ្នក​វិភាគ​នយោបាយ និងជាអ្នក​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា​ ”ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ទន់ខ្សោយ​” (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល លោក​ក៏​យល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ។ លោក​ថា ការ​សម្រេច​ធ្វើ​ដូច្នេះ នឹង​មិន​មែន​ជា​រឿង​ប្រពៃ​នោះ​ឡើយ​សម្រាប់​កម្ពុជា។ លោក​បាន​លើក​ឡើង​ជា​ឧទាហរណ៍​ថា មេ​ដឹកនាំ​កម្ពុជា សព្វថ្ងៃ​ចង់​យក​គំរូ​តាម​របប​គ្រប់គ្រង​នៅ​ប្រទេស​សិង្ហបុរី របស់​លោក លី ក្វាងយូ (Lee Kuan Yew) ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​គ្រប់គ្រង​តាម​បែប​ផែន​របស់​ប្រទេស​នេះ ចៀសវាង​ជ្រើសរើស​យក​របប​កុម្មុយនីស្ត​ដោយ​ផ្ទាល់​តែ​ម្តង។ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល បន្ត​ថា ផលវិបាក​សម្រាប់​កម្ពុជា នឹង​មាន​ច្រើន​ឥត​គណនា ក្នុង​នោះ​រាប់​តាំង​ពី​ការ​លែង​មាន​យន្តការ​ត្រួត​ពិនិត្យ​លើ​ការ​សម្រេច​ចិត្ត កង្វះ​គណនេយ្យភាព ឬ​តម្លាភាព ជាដើម។

ពាក់ព័ន្ធ​នឹង​ហេតុ​ផល​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​និន្នាការ​ប្រឆាំង​អាមេរិក​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នេះ ក្រុម​អ្នក​វិភាគ​នយោបាយ​ការ​បរទេស​កម្ពុជា ទាំងនេះ យល់ស្រប​ព្រមៗ​គ្នា​ថា ពិត​ជា​មាន​ការ​ពាក់ព័ន្ធ​គ្នា​រវាង​យុទ្ធសាស្ត្រ​ត្រៀម​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជាមួយ​នឹង​កត្តា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា បាន​ឆ្លង​កាត់​ក្នុង​ពេល​អតីតកាល​កន្លង​ទៅ។Image may be NSFW.
Clik here to view.

លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) កត់​សម្គាល់​ថា មាន​ហេតុផល​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​និន្នាការ​ប្រឆាំង​នឹង​អាមេរិកាំង​ពី​សំណាក់​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា។ ហេតុផល​ជាក់លាក់​មួយ​នោះ គឺ​ថា​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ក៏​ពិត​មែន ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​មិន​បាន​ឈ្នះ​ឆ្នោត​ដោយ​អស្ចារ្យ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ​ទេ។ លោក ហ៊ុន សែន យល់​ថា កម្លាំង​ពី​ខាង​ក្រៅ​ដូចជា​ស្ថាប័ន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ជាដើម ដែល​ផ្តល់​ថវិកា​ដោយ​អាមេរិក កំពុង​ដើរ​តួនាទី​លម្អៀង​ប្រកាន់​បក្ខពួក។ លោក​សាស្ត្រាចារ្យ​បន្ត​ថា លោក ហ៊ុន សែន ចង់​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ឲ្យ​បាន​គួរ​ជា​ទី​ទុក​ចិត្ត​បំផុត។ ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​បញ្ចប់​ទៅ​ហើយ លោក ហ៊ុន សែន កំពុង​ប្រើ​វិធីសាស្ត្រ​បន្ទច់បង្អាក់ និង​បង្ក្រាប​ក្រុម​មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រឆាំង​ទៅ​នឹង​របប​គ្រប់គ្រង​របស់​លោក។

ហេតុផល​ទី​ពីរ​វិញ គឺ​ថា​វា​ជា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ដែល​លោក​សាស្ត្រាចារ្យ​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប អូស្ត្រាលី និង​ជប៉ុន ជាដើម តែងតែ​មាន​ការ​យល់​ឃើញ​ជា​អវិជ្ជមាន​មក​លើ​រូប​លោក ហ៊ុន សែន ដោយសារ​តែ​លោក​ធ្លាប់​ជា​អតីត​មន្ត្រី​យោធា​ក្នុង​របប​ខ្មែរ​ក្រហម។ ក្រោយ​មក​ទៀត លោក​ជា​ខ្ញុំ​កញ្ជះ​របស់​ប្រទេស​កុម្មុយនីស្ត​វៀតណាម ខណៈ​ដែល​នៅ​ក្រោយ​ឆ្នាំ​១៩៩៣ លោក​ក្លាយ​ជា​ឧបសគ្គ​ចម្បង​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ក្នុង​កម្ពុជា។ និន្នាការ និង​មនោសញ្ចេតនា​ទាំងនេះ បាន​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​រៀង​រាល់​ពេល​បោះឆ្នោត​ម្តងៗ​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការ​គាំទ្រ​ពី​ខាង​ក្រៅ​ដល់​បក្ស​ប្រឆាំង​នានា​នៅ​អំឡុង​ពេល​នោះ។

ជុំវិញ​បញ្ហា​ដដែល​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល បាន​ប្រាប់​អាស៊ីសេរី​ផង​ដែរ​ថា ហេតុផល​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឲ្យ​មាន​យុទ្ធនាការ​ប្រឆាំង​អាមេរិក​នេះ គឺ​រួម​មាន ការ​បោះឆ្នោត​ឆ្នាំ​២០១៨ និង​កត្តា​ផ្សេងៗ​ក្រៅ​ពី​នេះ។ ក្នុង​ទស្សនៈ​របស់​ក្រុម​មន្ត្រី​កាន់​អំណាច​ខ្មែរ ពួក​គេ​យល់​ថា ២៥​ឆ្នាំ​គឺ​វា​ល្មម​គ្រប់គ្រាន់​ហើយ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ហើយ​ក្រុម​មន្ត្រី​ទាំងនោះ​គិត​ថា ពួក​គេ​គួរ​តែ​អាច​បាន​គ្រប់គ្រង​កម្ពុជា បាន​ទាំងស្រុង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដែល​ថា​ពួក​គេ​គួរ​តែ​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​នោះ។ ការ​យល់​ឃើញ​ដែល​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ​នោះ គឺ​ជា​ផ្នែក​មួយ​របស់​ក្រុម​ប្រឆាំង ក៏​ព្រោះ​តែ​ក្រុម​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ដូច​តាម​ការ​ចង់​បាន​របស់​មន្ត្រី​រដ្ឋាភិបាល។ លោក​បន្ត​ថា ការណ៍​នេះ គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ ប៉ុន្តែ​អ្នក​អាច​ស្រមៃ​បាន​ថា មាន​មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​យ៉ាង​ដូច្នេះ ហើយ​ថា​វា​ល្មម​ដល់​ពេល​ហើយ​ដើម្បី​បញ្ចប់​ការ​ប្រឆាំង​ទាំងឡាយ​នៅ​ក្នុង​ស្រុក និង​ពី​សំណាក់​បស្ចិម​ប្រទេស​ទាំងអស់ ដើម្បី​ឲ្យ​ពួក​គេ​អាច​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​របៀប​ដែល​មិន​យុត្តិធម៌ និង​មិន​សេរី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ជា​យូរ​លង់​ណាស់​មក​ហើយ​ជឿ​ថា សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បស្ចិម​ប្រទេស តែង​ប្រើប្រាស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ នេះ​បើ​តាម​ទស្សនៈ​យល់​ឃើញ​របស់​លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) ដែល​អ្នក​កាសែត និង​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​កម្ពុជា។ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ លើក​ឡើង​ថា បញ្ហា​នេះ​កើត​មាន​ឡើង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៨០ មក​ម្ល៉េះ នៅ​ពេល​ដែល​កាលនោះ​មាន​សម្ពន្ធភាព​រវាង​រដ្ឋាភិបាល​បរទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ព្យាយាម​ប៉ុនប៉ង​ធ្វើ​ឲ្យ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចុះ​ទន់​ខ្សោយ។ លោក​បន្ត​ថា ដោយសារ​តែ​ហេតុ​នេះ​ហើយ ហើយ​នឹង​ការពិត​ដែរ​ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​បន្ត​គាំទ្រ​ក្រុម​ខ្មែរ​ក្រហម​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​អំឡុង​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​៨០ គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សង្ស័យ​ជា​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) និង​រាល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ដែល​បាន​បង្កើត​ឡើង​នៅ​ពេល​នោះ។ គិត​មក​ទល់​ពេល​នេះ បញ្ហា​នេះ​កើត​មាន​ឡើង​អស់​រយៈពេល ២៥​ឆ្នាំ​ហើយ។ ជំងឺ​បញ្ហា​ផ្លូវ​ចិត្ត​ដោយសារ​វិបត្តិ​មិន​ទុក​ចិត្ត​អ្នក​ដទៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ស្តែង​ឲ្យ​ឃើញ​ឡើង​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ព្យាយាម​បញ្ចុះបញ្ចូល ឬ​ឡប់ប៊ី​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដោយ​ឥត​សំចៃ​មាត់​ក្នុង​រដ្ឋសភា​អាមេរិកាំង ដោយ​បាន​ធ្វើ​ការងារ​ជា​ដៃគូ​ជាមួយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អន្តរជាតិ​នានា​ដូចជា វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​អាមេរិក ដើម្បី​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ ដែល​នេះ​មាន​ន័យ​ថា ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា។ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ ពន្យល់​ថា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ សមាជិក​សភា​មួយ​ចំនួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​និយម​របស់​អាមេរិក បាន​ថែម​ទាំង​ចេញ​មុខ​អំពាវនាវ​យ៉ាង​សកម្ម​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា ទៀត​ផង។

ឆ្លើយតប​នឹង​សំណួរ​ថា តើ​កម្ពុជា និង​សហរដ្ឋ​អាមេរិក គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កែលំអ​ភាព​មិន​ទុក​ចិត្ត​គ្នា​នេះ និង​ដើម្បី​ចៀសវាង​នូវ​ការ​ត្រឡប់​ច្រំដែល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ឡើយ​ថា ប្រទេស​ទាំង​ពីរ​នេះ​អាច​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​បាន​យ៉ាង​ពិត​ប្រាកដ​ឡើយ។ លោក​បន្ត​ថា កម្ពុជា តែងតែ​មើល​អាមេរិក ថា​មាន​ចេតនា​ពី​ខាង​ក្រៅ​ដើម្បី​ជ្រៀតជ្រែក​ប្រទេស​របស់​ខ្លួន។ ដោយឡែក​សហរដ្ឋ​អាមេរិក ហាក់​បី​ដូចជា​មើល​មក​កម្ពុជា វិញ តាម​ទិដ្ឋភាព​បែប​មនោគមវិជ្ជា​ចម្បង​ជា​ផ្នែក​មួយ​ដើម្បី​ប្រឆាំង​នឹង​របប​កុម្មុយនីស្ត ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សមរភូមិ​នៃ​ដំណើរ​វិវឌ្ឍន៍​ជា​សាកល​របស់​លទ្ធិប្រជាធិបតេយ្យ។ លោក​ស្នើ​ថា ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​អាមេរិក គួរ​ព្យាយាម​មើល​មក​កម្ពុជា ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នេះ ចៀស​ជាង​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​នយោបាយ​ដ៏​ទូលំទូលាយ​នោះ។ ចំណែក​ឯ​រដ្ឋាភិបាល​កម្ពុជា វិញ គួរ​ព្យាយាម​ហ៊ាន​ប្រឈម​មុខ​នឹង​ការពិត​ដែល​ថា មន្ត្រី​អាមេរិកាំង​ភាគច្រើន គឺ​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ពិត​ប្រាកដ​មែន​ចំពោះ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​លោក​ថា ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ដែល​បច្ចុប្បន្ន ភាគី​ទាំង​សងខាង​ហាក់​កំពុង​ប្រកាន់​យក​វិថី​ត្រូវ​តែ​រៀងៗ​ខ្លួន ហើយ​ការណ៍​នេះ​ទំនង​ជា​នឹង​បន្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត។

ចំណែក​ឯ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) វិញ លោក​បញ្ជាក់​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​ធ្លាប់​ដែល​បង្ហាញ​សញ្ញា​ឲ្យ​គេ​ឯង​ដឹង​ទេ​ថា លោក​មាន​ចំណាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា ជាពិសេស ឬ​ក្នុង​ការ​លើក​តម្កើង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជា​រួម​នោះ​ទេ។ លោក​ថា ក្រសួង​ការ​បរទេស​អាមេរិក បច្ចុប្បន្ន​នេះ​ពុំ​ទាន់​មាន​បុគ្គលិក​បម្រើ​ការងារ​គ្រប់គ្រាន់​នៅ​ឡើយ ហើយ​ទំនង​ជា​នឹង​មិន​មាន​ថវិកា​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ​ហើយ បេសកកម្ម​របស់​អាមេរិក​នៅ​កម្ពុជា មាន​ឥទ្ធិពល​តិចតួច​ជាង​មុន។ ការណ៍​ល្អ​បំផុត​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​ទៅ​បាន​នោះ គឺ​ត្រូវ​ព្យាយាម​មិន​ឲ្យ​មាន​ការ​ខូចខាត​ខ្លាំង​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ ដូច​អ្វី​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​បន្ត​គាំទ្រ​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សន្តិសុខ​មនុស្ស​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក គួរ​ធ្វើ​ការ​ឲ្យ​បាន​ជិតដិត​ជាមួយ​សហគមន៍​ប្រទេស​ម្ចាស់​ជំនួយ​ដទៃ​ទៀត ប្រសិន​ណា​បើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គាំទ្រ​ទស្សនវិស័យ​ពហុភាគី​និយម​សម្រាប់​ផែនការ​យូរ​អង្វែង​ដើម្បី​ជួយ​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​នេះ។ មិន​ថា​អ្វី​ដែល​សហរដ្ឋ​អាមេរិក ត្រូវ​ធ្វើ​នោះ​ទេ លោក​ថា​សហរដ្ឋ​អាមេរិក នឹង​នៅ​តែ​ប្រឈម​មុខ​នឹង​ជញ្ជាំង​ថ្ម​នៃ​ការ​គ្រប់គ្រង​អំណាច​ដោយ​បក្ស​តែ​មួយ​នៅ​កម្ពុជា ពី​សំណាក់​មេ​ដឹកនាំ​ផ្ដាច់ការ គឺ​លោក ហ៊ុន សែន។ កេរ​ដំណែល​ប្រវត្តិសាស្ត្រ នឹង​នៅ​តែ​បន្ត​ក្លាយ​ជា​ស្រមោល​នៅ​ពេល​អនាគត​សម្រាប់​កម្ពុជា ដដែល។

យ៉ាង​ណា​ក៏ដោយ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ផ្តល់​ចំណាប់​អារម្មណ៍​ថា លោក​មិន​ជឿ​ថា កម្ពុជា នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង​ឡើង​វិញ​ម្តង​ទៀត​នោះ​ទេ។ លោក​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ឈាន​រហូត​ដល់​ទៅ​រំឭក​ដល់​ព្រឹត្តិការណ៍​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក។ លោក​ចោទ​ជា​សំណួរ​ថា ចូរ​កុំ​ភ្លេច​ត្រូវ​ចងចាំ​ថា តើ​ការ​នាំ​ចេញ​ទំនិញ​ភាគច្រើន​របស់​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីកន្លែង​ណា ហើយ​ថា​តើ​កូន​ចៅ​របស់​វរជន​ខ្មែរ​ទាំងនោះ​ទៅ​រៀន​នៅ​ប្រទេស​ណា​ខ្លះ? ចម្លើយ គឺ​គ្មាន​អ្វី​ក្រៅ​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប នោះ​ឡើយ ដោយ​លោក​បញ្ជាក់​បន្ថែម​ថា កូន​ចៅ​របស់​មន្ត្រី​ដែល​ជា​វរជន​ទាំងនោះ​ប្រាកដ​ជា​នឹង​មិន​ទៅ​រៀនសូត្រ​នៅ​ប្រទេស​ចិន ឡើយ បើ​ទោះ​បី​ជា​មាន​អ្នក​មួយ​ចំនួន​ទៅ​ទីនោះ​មែន ប្រសិន​បើ​វា​ថោក និង​មិន​គិត​ថ្លៃ។ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​បន្ថែម​ថា តើ​ជនជាតិ​ចិន ទាំងនោះ​បញ្ជូន​កូន​ចៅ​របស់​គេ​ទៅ​រៀន​នៅ​ប្រទេស​ណា​ដែរ ប្រសិន​បើ​គេ​មាន​មធ្យោបាយ? ចម្លើយ​ប្រាកដ​ណាស់ គឺ​ពិត​ជា​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ដើម្បី​ស្នើសុំ​ប្រតិកម្ម​តប​របស់​លោក​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​នយោបាយ​ការ​បរទេស​កម្ពុជា ពី​ខាង​លើ​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

គិត​មក​ត្រឹម​ពេល​នេះ ទំនាក់ទំនង​កម្ពុជា-សហរដ្ឋ​អាមេរិក បាន​អូស​បន្លាយ​អស់​រយៈពេល ៦៧​ឆ្នាំ​ហើយ។ សហរដ្ឋ​អាមេរិក បាន​បង្កើត​ទំនាក់ទំនង​ការទូត​ដោយ​ផ្ទាល់​ជាមួយ​កម្ពុជា ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៥០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles