Clik here to view.

ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងកំពុងសិក្សាបញ្ហាដែលនាំអោយរដ្ឋាភិបាលបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក និងស្ថានីយវិទ្យុមួយចំនួនដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុដែលផ្សាយកម្មវិធីរបស់គណបក្សប្រឆាំង រួមនឹងគម្រោងបិទការផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
ករណីនេះអ្នកតំណាងរាស្ត្រគណបក្សកាន់អំណាចអះអាងថា គេពុំមានការសង្ស័យចំពោះការអនុវត្តច្បាប់របស់រដ្ឋាភិបាលឡើយ បើទោះបីជាករណីនេះមានការរិះគន់ពីស្ថាប័ននានារបស់ពិភពលោក រួមទាំងអង្គការសហប្រជាជាតិក្ដី។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងនឹងដាក់លិខិតទៅសួរនាំក្រសួងព័ត៌មាន នៅសប្ដាហ៍ក្រោយ ដើម្បីសួរបញ្ជាក់ព័ត៌មាននានា ទាក់ទងនឹងការបិទវិទ្យុក្នុងស្រុកមួយចំនួន។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍នៅរសៀលថ្ងៃទី២៩ ខែសីហា ថា ពេលនេះលោកកំពុងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាពិសេសគឺការបិទស្ថានីយវិទ្យុមួយចំនួនដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំឡេងប្រជាធិបតេយ្យ និងវិទ្យុដែលផ្សាយកម្មវិធីរបស់គណបក្សប្រឆាំង រួមនឹងគម្រោងបិទការផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី៖ «ប្រហែលជាសប្ដាហ៍ក្រោយនេះយើងនឹងមានលិខិតជាផ្លូវការ ដើម្បីសួរបញ្ជាក់។ នៅពេលក្រោយ យើងនឹងអាចយល់ដឹងច្បាស់លាស់ថា តើមានវិទ្យុប៉ុន្មានដែលត្រូវបិទ ហើយកិច្ចសន្យាហ្នឹងយ៉ាងដូចម្តេច?»។
លោក សុន ឆ័យ បញ្ជាក់ថា ករណីបិទអង្គការអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនេះ ពាក់ព័ន្ធនឹងក្រសួងចំនួន៣ គឺក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ។ លោកបន្តថា ការចោទសួររដ្ឋមន្ត្រីលើបញ្ហានេះ ជាធម្មតាគឺជាតួនាទីរបស់គណៈកម្មការជំនាញផ្នែកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន គឺគណៈកម្មការទី៥ របស់រដ្ឋសភា ដែលដឹកនាំដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ឈាង វុន បាននៅឡើយទេ នៅថ្ងៃទី២៩ ខែសីហា ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។
ចំពោះអ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកចាត់ទុកវិធានការរបស់រដ្ឋាភិបាលថា ជារឿងត្រឹមត្រូវ ដ្បិតនេះគឺជាការអនុវត្តច្បាប់។ លោកថា ការរិះគន់របស់មតិជាតិ និងអន្តរជាតិកន្លងទៅនេះ គឺជាសិទ្ធិក្នុងការរិះគន់៖ «ហ្នឹងគឺយើងមិនអាចនឹងបិទមាត់គេបានទេ ពីព្រោះការអ្នកវាយតម្លៃទាំងអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកវាយតម្លៃពីខាងក្រៅមក ខ្ញុំពិនិត្យមើលទៅគាត់ក្ដោបសភាពការណ៍ជាក់ស្ដែងក្នុងកម្ពុជា វាមិនបានគ្រប់ជ្រុងជ្រោយទេ។ អ៊ីចឹងការវាយតម្លៃហ្នឹងគឺវាលម្អៀងនយោបាយ ឬផ្អែកទៅលើទឡ្ហីករណ៍ផ្សេង ឬផ្អែកទៅលើព័ត៌មានណាដែលគាត់ទទួលមិនបានគ្រប់ជ្រុងជ្រោយ»។
ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានានូវសិទ្ធិពលរដ្ឋ និងនយោបាយ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយពេលរដ្ឋាភិបាលសម្រេចបណ្ដេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ចេញពីកម្ពុជា និងកំពុងធ្វើទុក្ខបុកម្នេញទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលរិះគន់រដ្ឋាភិបាល។ ចំណែកស្ថាប័នអន្តរជាតិជាច្រើនទៀតក៏បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលនេះដែរ ដោយចាត់ទុកករណីនេះធ្វើអោយប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។
ចុងក្រោយនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលសោកស្ដាយចំពោះការបិទទ្វារ NDI អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្ដូរសេចក្ដីសម្រេចរបស់ខ្លួន ដើម្បីអោយ NDI អាចបន្តការងាររបស់ខ្លួនដើម្បីធានាថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ ផ្ដល់សំឡេងស្មើៗគ្នាដល់ប្រជាជនកម្ពុជា ទាំងអស់។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មើលឃើញថា ការព្រមព្រៀងជានិច្ចតាមរដ្ឋាភិបាលដោយសមាជិកសភា គឺជាសញ្ញាបញ្ជាក់ថា រដ្ឋាភិបាលកំពុងបំពេញការងារដោយមិនខ្វល់ខ្វាយពីភាពខុសឆ្គងរបស់ខ្លួន ដែលនិយាយអោយខ្លីថា ជិះសេះលែងដៃ ហើយក៏មានន័យថា អំណាចនីតិប្រតិបត្តិ ឬរដ្ឋាភិបាលមានឥទ្ធិពលទៅលើអំណាចនីតិប្បញ្ញត្តិ ឬរដ្ឋសភា។ ម្យ៉ាងទៀតការមិនអើពើចំពោះសំណួររបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដោយរដ្ឋាភិបាលក៏ជាសញ្ញាងាកចេញពីការអនុវត្តតាមរដ្ឋធម្មនុញ្ញ ឬដើរឆ្ពោះទៅរកការគ្រប់គ្រងបែបផ្ដាច់ការដែរ៖ «បើកាលណាយើងនៅតែបន្តបែបនេះ វាធ្វើឲ្យទាំងមតិជាតិ និងអន្តរជាតិរិះគន់ថា រដ្ឋាភិបាលមួយដែលកំពុងតែដើរតាមផ្លូវហ្នឹង គឺឈានទៅផ្ដាច់ការ ព្រោះលែងស្ដាប់សភា លែងស្ដាប់ពលរដ្ឋ»។
ទាក់ទិននឹងការអនុវត្តតាមរដ្ឋធម្មនុញ្ញនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចោទសួរភ្លាមៗនៅក្រោយពេលដែលរដ្ឋាភិបាលបានបិទទ្វារវិទ្យាស្ថាន NDI ថា តើប្រទេសកម្ពុជា មានការប្ដេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? ហើយស្ថានទូតបានបើកឱកាសអោយសាធារណជនទូទៅបានឆ្លើយសំណួរនេះ ដោយប្រើប្រាស់ការសម្រេចចិត្តដោយខ្លួនឯង៕