Quantcast
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​បាត់ដំបង​​​​​រំដោះ​ទឹក​ចេញ​ពី​​ផ្លូវ​ជាតិ​លេខ​៥​នៅ​ស្រុក​ថ្មគោល​ក្រោយ​​ពី​​ជំនន់​ទឹក​ភ្លៀង

Image may be NSFW.
Clik here to view.

ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា នៅ​តែ​បន្ត​ឡើង​លិច​ផ្លូវ​ជាតិ​លេខ​៥ នៅ​ឃុំ​អូរតាគី ​ស្រុក​ថ្មគោល នៅ​ឡើយ ខណៈ​​អាជ្ញាធរ​ខេត្ត​នេះ​បើក​ប្រឡាយ​រំដោះ​ទឹក​ចេញ​ខ្លះ​​ក៏ដោយ។ អភិបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ថា ស្ថានភាព​ទឹក​នឹង​បាន​ស្រុក​ដូច​ប្រក្រតី​វិញ​ក្នុង​ពេល​ឆាប់ៗ។

​​​​​​​​​​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរតាគី ស្រុក​ថ្មគោល​ លើក​ឡើង​ថា ស្ថានភាព​ទឹក​ជំនន់​ដែល​លិច​ផ្លូវ​ជាតិ​លេខ​៥ បាន​ស្រក​វិញ​ខ្លះ​ហើយ ក្រោយ​ពី​អាជ្ញាធរ​​ធ្វើ​ប្រឡាយ​រំដោះ​​ទឹក​​ចេញ​ទៅ​តំបន់​ផ្សេង​នោះ៖ «»។

ពលរដ្ឋ​រស់​នៅ​ភូមិ​វាលទ្រា ឃុំ​អូរតាគី លោក​ ឥន ញ៉ក់ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី ខណៈ​ឈរ​មើល​ទឹក​នៅ​ចិញ្ចើម​ផ្លូវ​​ថា ចាប់​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ បាន​កាយ​​ប្រឡាយ​បង្ហូរ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា មក ស្ថានភាព​ទឹក​លិច​ផ្លូវ​ជាតិ​លេខ​៥ បាន​ស្រក​វិញ​ ប្រសើរ​ជាង​ថ្ងៃ​ដំបូង៖ «រាល់​ឆ្នាំ​ទឹក​អត់​លិច​ទេ​ ទើប​ឆ្នាំ​នេះ​គេ​ធ្វើ​ប្រឡាយ​ធំ​ ធ្វើ​ឲ្យ​ទឹក​ហូរ​មក​ច្រើន​ ចំណែក​​រន្ធ​លូ​តូច​ធ្វើ​ឲ្យ​ស្ទះ​ទឹក​ហូរ​មិន​ទាន់​​​ ក៏​លើង​លិច​ផ្លូវ​ជាតិ​តែម្ដង»

Image may be NSFW.
Clik here to view.

ចំណែក​ពលរដ្ឋ​នៅ​ឃុំ​អូរតាគី ម្នាក់​ទៀត​ លោក វង់ សាត អះអាង​ថា​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ជំនន់​ទឹក​ភ្លៀង​ឡើង​លិច​ផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​វាលទ្រា ដោយ​កន្លែង​ខ្លះ​ទឹក​ត្រឹម​ក្បាល​ជង្គង់ ​ធ្វើ​ឲ្យ​រថយន្ត​ស្ទះ​ចរាចរណ៍​ប្រមាណ ៥​គីឡូម៉ែត្រ។ លោក​ថា​ ស្ថានភាព​ទឹក​ហាក់​មិន​ទាន់​ធូរ​ស្រាល​ទេ ប្រសិន​បើ​មាន​ភ្លៀង​បន្ត​ទៀត​នោះ៖ «ខ្ញុំ​ព្រួយ​ខ្លាច​ទឹក​លិច​ស្រូវ​អស់ ព្រោះ​ឥឡូវ​ទឹក​លិច​ស្រូវ​នៅ​សល់​ចុង​ប្រុយៗ​ ហើយ​នៅ​ខាង​លិច​ណោះ​ទឹក​ឡើង​ស​រហាច​តាម​ស្រែ។ ឥឡូវ​នេះ​អ្នក​ធ្វើ​ស្រូវ​ប្រាំង​ថ្ងូរ​គ្រប់​គ្នា ព្រោះ​ទឹក​លិច​ខ្លាំង​ពេក​ម្ល៉ោះ​ហើយ​បូម​​ក៏​បូម​មិន​រីង​ដែរ ព្រោះ​ទឹក​វា​ច្រើន​ពេក»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ចាន់ សុផល​ ដែល​បាន​ចុះ​ទៅ​មើល​ស្ថានភាព​ទឹក​ដល់​ទី​កន្លែង មាន​ប្រសាសន៍​ថា​ លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​ប្រឡាយ​បង្ហូរ​ទឹក​នៅ​ខាង​លិច​ផ្លូវ​ជាតិ​ ដើម្បី​រំដោះ​ទឹក​មួយ​ចំនួន​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ ឲ្យ​បាន​ឆាប់​​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក​ ចាន់ សុផល​ បន្ថែម​ថា​ អាជ្ញាធរ​ស្រុក​បាន​ដាក់​សមត្ថកិច្ច​តាម​ដាន​ស្ថានភាព​ទឹក​ប្រចាំ​នៅ​កន្លែង​ទឹក​លិច​ ព្រមទាំង​ប៉ូលិស​មួយ​ចំនួន​ផង​ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​អ្នក​ដំណើរ៖ «ឥឡូវ​នេះ ជា​រួម​មេឃ​ស្រឡះ​គ្រាន់​ហើយ ទឹក​ក៏​បាន​ស្រក​ខ្លះ​ហើយ​នៅ​ចំពោះ​ទឹក​ដែល​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ ៥​នេះ​ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​មេឃ​ស្រឡះ ដូច្នេះ​យើង​អាច​ធាន​បាន​នូវ​ការ​បញ្ចៀស​​ទឹក ធ្វើ​ឲ្យ​មិន​ហូរ​បុក​ខ្លាំង​មក​លើ​ផ្លូវ​ជាតិ​លេខ​៥ ទេ ហើយ​ទឹក​ចេះ​តែ​ស្រុក​ជា​បន្តបន្ទាប់»

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ដដែល​ ទឹក​នៅ​តែ​បន្ត​​ហូរ​ឆ្លង​ផ្លូវ​ប្រវែង​​ប្រមាណ ២០​ម៉ែត្រ ចំណែក​ឯ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​​វិញ​ស្ទះ​ម្ដងម្កាល​ គឺ​នៅ​ពេល​ដែល​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ​ឆ្លង​កាត់​ច្រើន។ រី​ឯ​ទឹក​ដែល​អាជ្ញាធរ​រំដោះ​ចេញ​ពី​ផ្លូវ​ជាតិ​​នោះ​ បាន​ហូរ​ចូល​ទៅ​​​វាល​ស្រែ និង​ភូមិ​របស់​អ្នក​ស្រុក​នៅ​តំបន់​នោះ​ ​ប៉ុន្តែ​ពុំ​​មាន​ការ​លិច​ផ្ទះ និង​ស្រូវ​​នោះ​ទេ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា​ ទឹក​ដែល​ឡើង​​​នេះ​ជា​ជំនន់​ទឹក​ភ្លៀង បន្ទាប់​ពី​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​បាត់ដំបង ចំនួន ៣​ថ្ងៃ​ជាប់ៗ​គ្នា​ ដោយ​ហូរ​មក​ពី​ស្ទឹង​បវេល​ចូល​មក​ប្រឡាយ​ក្នុង​ឃុំ​អូរតាគី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles