Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ស្នើ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ

Image may be NSFW.
Clik here to view.

ជនជាតិ​ដើម​ភាគតិច​ព្នង ប្រមាណ ១០​នាក់​មក​ពី​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​នេះ​ជួយ​ដល់​ពលរដ្ឋ​ចំនួន ១៤៣​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បិទ​ទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ មន្ត្រី​ស្ថាប័ន​ទាំង​ពីរ​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា​នឹង​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ជនជាតិ​ដើម​ភាគតិច​ព្នង ប្រមាណ ១០​នាក់​នាំ​ញត្តិ​ដែល​ភ្ជាប់​មក​ជាមួយ​ស្នាម​មេដៃ​ពលរដ្ឋ​ប្រមាណ ២០០​នាក់​ផ្សេង​ទៀត សុំ​អន្តរាគមន៍​ពី​លោក ស ខេង និង​លោក ហ៊ុន សែន ឲ្យ​ជួយ​ដល់​ពលរដ្ឋ​ចំនួន ១៤៣​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ​ពី​លំនៅឋាន​ចាស់​របស់​ខ្លួន ដែល​កំពុង​ខូចខាត​ដោយសារ​ការ​បិទ​ទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ក្បាលរមាស គឺ​កញ្ញា ជឿន ស្រីមុំ ថ្លែង​បន្ទាប់​ពី​ជួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ ថា ពលរដ្ឋ​ទាមទារ​ឲ្យ​ចុះ​បញ្ជី​ដី​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ស្នើ​ឲ្យ​ដក​កង​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ពង្រាយ​នៅ​តំបន់​ពួក​គេ​រស់នៅ ដែល​ពលរដ្ឋ​ចាត់​ទុក​ថា​ជា​ការ​រំខាន​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ«ផ្តាច់​គាត់​ទាំងស្រុង​ទាំង​ផ្លូវ​ដើរ ផ្តាច់​ផ្លូវ​ដើរ​ហើយ​ថែម​ទាំង​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ ដាក់​អ៊ីចឹង​សម​ដែរ? ពួក​គាត់​អត់​មាន​អី​តតាំង​ជាមួយ​យើង​ទេ ក្រៅ​តែ​ពី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ អត់​មាន​អី​ក្រៅ​ពី​ហ្នឹង​ទេ។ ហើយ​ការ​រស់នៅ​របស់​គាត់ គឺ​គាត់​ទាមទារ​រស់នៅ​កន្លែង​ចាស់ ព្រោះ​កន្លែង​ចាស់​គាត់​មាន​ដី​ស្រែ​ស្រេច​ហើយ អ៊ីចឹង​ហើយ​ពួក​គាត់​អត់​ចង់​ទៅ​រស់នៅ​កន្លែង​ថ្មី​ដែល​គេ​កំណត់​ឲ្យ​នោះ​ទេ។ អ្នក​ដែល​មិន​រងគ្រោះ​ផ្ទាល់ ខ្ញុំ​គិត​ថា​អត់​ឈឺ​ទេ ទាល់​តែ​អ្នក​ប៉ះពាល់​ខ្លួន​ឯង ទើប​ដឹង​ថា គឺ​ធ្វើ​អ៊ីចឹង​ឈឺ​ណាស់»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទ​ទ្វារ​ទឹក​ចំនួន​៤ ដើម្បី​សាកល្បង បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ស្រែគរ នៅ​តំបន់​ទំនាប​កម្ពស់​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ។

ខណៈ​ទឹក​បន្ត​ជន់​លិច ពលរដ្ឋ​ទាំង​ពីរ​ភូមិ គឺ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ជាច្រើន​នៅ​តែ​ប្ដេជ្ញា​ថា​នឹង​បន្ត​រស់នៅ​ទីនោះ​ជា​បន្ត​ទៀត មិន​ព្រម​ចាកចេញ​ឡើយ។

ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ក្បាលរមាស គឺ​លោក ឡាត់ វិបុល ថ្លែង​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​មិន​មែន​ជា​ការ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​អាច​រស់នៅ​តំបន់​ចាស់​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​ត​ពី​ដូនតា​ច្រើន​ជំនាន់​មក​ហើយ​នោះ«យើង​អត់​អាច​ចាកចេញ​ចោល​ទេ ជាពិសេស​ផ្នូរ​ដូនតា​របស់​យើង។ យើង​អត់​អាច​គាស់​ពួក​គាត់​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​នោះ គឺ​មិន​អាច​ទេ។ ជនជាតិ​ពួក​ខ្ញុំ​គឺ​មាន​អប្បិយ​ជំនឿ​បែប​ហ្នឹង! យើង​សុំ​ឲ្យ​ពួក​គាត់​ធ្វើ​យ៉ាង​ណា​នៅ​ក្រោយ​ពេល​ដែល​បិទ​ទំនប់​ហ្នឹង បិទ​ប៉ុន្តែ​សូម​កុំ​ឲ្យ​លិច​ដល់​កន្លែង​ហ្នឹង​ខ្លាំង​ពេក ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​រស់នៅ​បាន​នៅ​កន្លែង​ចាស់​របស់​ពួក​គាត់​ដដែល​ហ្នឹង»

តំណាង​ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ក៏ប៉ុន្តែ​មិន​ទាន់​សន្យា​ថា​នឹង​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ការ​ស្នើ​អន្តរាគមន៍​នេះ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ក្រុម​ពលរដ្ឋ​ក៏​បាន​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សុំ​អន្តរាគមន៍​ផង​ដែរ។ តំណាង​ក្រសួង​រ៉ែ និង​ថាមពល ដែល​ចេញ​មក​ទទួល​ញត្តិ​ពលរដ្ឋ​បញ្ជាក់​ថា នឹង​យក​ញត្តិ​ដាក់​ជូន​ទៅ​ថ្នាក់​ដឹកនាំ​ដើម្បី​ឆ្លង​យោបល់ និង​សម្រេច។

ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​បិទ​ទ្វារ​ទឹក​ជា​ផ្លូវការ​ទាំងអស់​ចំនួន ១០​ទ្វារ ដើម្បី​ទប់​ទឹក​បញ្ចូល​អាង​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ហើយ​ពេល​នោះ​ទឹក​នឹង​ឡើង​ខ្លាំង ដែល​នឹង​ជន់​លិច​ភូមិ​ស្រែគរ ទាំងស្រុង។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ចុះ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ ប្រុង​ប្រយ័ត្ន និង​សម្រេច​ចិត្ត​ជា​ថ្មី​ទាក់ទិន​គម្រោង​ទទួល​យក​សំណង ហើយ​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២។

គម្រោង​នេះ​មាន​ការ​ចូលរួម​រវាង​ក្រុមហ៊ុន​ចំនួន​៣ មាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ១០​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles