Clik here to view.

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចាត់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមួយចំនួនឲ្យចុះពិនិត្យព្រៃឈើ និងដីរបស់សហគមន៍អណ្ដូងបរ តើកំពុងស្ថិតក្នុងស្ថានភាពបែបណាក្នុងពេលបច្ចុប្បន្ន។
ការបញ្ជូនមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចុះទៅពិនិត្យ និងធ្វើរបាយការណ៍នេះ បន្ទាប់ពីមន្ទីរកសិកម្ម បានទទួលបណ្ដឹងរបស់សហគមន៍ព្រៃឈើអណ្ដូងបរ ដែលស្នើសុំឲ្យជួយដោះស្រាយរឿងបញ្ហាទាហានរំលោភយកដីព្រៃលើសពីតម្រូវការរបស់អង្គភាពកងទ័ព។
តំណាងសហគមន៍ការពារព្រៃឈើអណ្ដូងបរ ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ចោទប្រកាន់ថា មន្ត្រីយោធាខ្លះនៃអង្គភាពកងពលតូចថ្មើរជើងលេខ៤ កំពុងឈូសឆាយដីព្រៃក្នុងតំបន់ដែលសហគមន៍ការពារ យកទៅធ្វើជាកម្មសិទ្ធិឯកជនលើសពីតម្រូវការអង្គភាព ដែលយកដីខ្លះធ្វើជាទីតាំងឈរជើងទីនោះ។
អនុប្រធានសហគមន៍ការពារព្រៃឈើអណ្ដូងបរ គឺលោក កើត ម៉ាប់។ លោកអះអាងនៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែសីហា ថា ពេលបច្ចុប្បន្ន មន្ត្រីយោធាខ្លះក្នុងអង្គភាពយោធានៃកងពលតូចថ្មើរជើងលេខ៤ បានឈូសរំលោភចូលដីព្រៃសហគមន៍កាន់តែធំឡើងៗ។ លោក កើត ម៉ាប់ យល់ថាការឈូសដីព្រៃសហគមន៍នេះ មិនមែនអង្គភាពយោធាត្រូវការយកទៅធ្វើជាទីតាំងការពារព្រំដែនទេ ប៉ុន្តែអាចជាការរំលោភយកដីទៅធ្វើជាកម្មសិទ្ធិឯកជន។
លោក កើត ម៉ាប់ បញ្ជាក់ថា មូលហេតុដែលលោកអះអាងដូច្នេះ ពីព្រោះតែលោកឃើញថាដីដែលទាហានឈូសឆាយរួចហើយខ្លះ ត្រូវគេយកទៅធ្វើស្ថានីយប្រេងឥន្ធនៈ កន្លែងស្តង់ទទួលទិញដំឡូងមី និងដីចម្ការដាំដំឡូងមី ជាដើម៖ «គេយកដីព្រៃសហគមន៍ទៅធ្វើជាស្តង់ទទួលទិញដំឡូង ធ្វើស្ថានីយលក់ប្រេងឥន្ធនៈ។ ខ្ញុំមិនដឹងថាគោលការណ៍គេយ៉ាងណាទេ ប៉ុន្តែដីនោះគឺជាដីរបស់សហគមន៍ គួរតែឲ្យសហគមន៍ដឹង មុននឹងធ្វើអ្វីៗ»។
កាលពីថ្ងៃទី២១ ខែសីហា សហគមន៍អណ្ដូងបរ បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ដោយស្នើសុំឲ្យជួយដោះស្រាយបញ្ហាកងទ័ពដែលមិនត្រឹមតែយកដីសហគមន៍ធ្វើជាទីតាំងអង្គភាពប៉ុណ្ណោះទេ គឺថែមទាំងកាប់បំផ្លាញព្រៃសហគមន៍យ៉ាងធ្ងន់ធ្ងរ។
ពាក្យបណ្ដឹងចុះថ្ងៃដដែល បានរៀបរាប់ថាចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ អង្គភាពយោធានៃកងពលតូចថ្មើរជើងលេខ៤ បានចូលទៅបោះទីតាំងដោយយកដីព្រៃសហគមន៍អស់ប្រហែល ១.៦០០ហិកតារ សម្រាប់ឈរជើងការពារព្រំដែន ប៉ុន្តែជាបន្តបន្ទាប់ ក្រៅពីយកដីព្រៃសហគមន៍ធ្វើជាបន្ទាយ គឺមន្ត្រីយោធាខ្លះបានឈូសឆាយព្រៃពង្រីកយកដីថែមទៀតសម្រាប់ដាំដំឡូងមី ហើយដីផ្នែកខ្លះទៀតត្រូវគេសាងសង់ស្ថានីយប្រេងឥន្ធនៈ ព្រមទាំងមានដីលក់ និងជួលទៅឲ្យអ្នកមកពីខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋខ្លះទៀតនៅក្នុងឃុំបេង ផង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុឃាង មានប្រសាសន៍ថា លោកបានទទួលបណ្ដឹងរបស់សហគមន៍ការពារព្រៃឈើអណ្ដូងបរនោះហើយ។ មន្ត្រីដដែលបញ្ជាក់ថា លោកបានចាត់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើឲ្យចុះពិនិត្យស្ថានភាពតំបន់ព្រៃសហគមន៍នោះហើយ ដើម្បីឲ្យប្រាកដថា តើវាពិតដូចជាសហគមន៍ប្ដឹងមែន ឬក៏យ៉ាងណា? លោក សូត្រ ស៊ីសុឃាង បញ្ជាក់ថា គោលការណ៍របស់រដ្ឋាភិបាល គឺគាំទ្រដល់កងយោធាដែលចូលទៅតំបន់ព្រៃសហគមន៍នោះ ត្រឹមតែយកដីធ្វើជាទីតាំងកងទ័ពទេ មិនអាចយកដីព្រៃសហគមន៍ទៅធ្វើជាតំបន់អភិវឌ្ឍន៍កសិកម្មអ្វីទៀតបានឡើយ៖ «យើងបានចាត់ខណ្ឌរដ្ឋបាលព្រៃឲ្យទៅពិនិត្យនៅកន្លែងនោះហើយ។ ចំពោះមុខ គឺយើងនឹងរាយការណ៍ទៅគណៈអភិបាលខេត្តឧត្តរមានជ័យ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យជ្រាបពីរឿងនេះ»។
ទោះជាយ៉ាងណា អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានទទួលពាក្យបណ្ដឹងរបស់សហគមន៍ការពារព្រៃឈើអណ្ដូងបរ ដែលចោទប្រកាន់ទាហានរឿងកាប់ព្រៃពង្រីកយកដីសហគមន៍នោះនៅឡើយទេ។ លោក ស ថាវី បញ្ជាក់ថា អាជ្ញាធរខេត្តគាំទ្រអង្គភាពយោធាដែលកំពុងឈរជើងនៅក្នុងតំបន់ព្រៃសហគមន៍នោះ ចំពោះការយកដីទៅធ្វើជាទីតាំង ក៏ប៉ុន្តែប្រសិនបើមន្ត្រីយោធាខ្លះយកដីសហគមន៍លើសពីតម្រូវការរបស់អង្គភាព ទៅធ្វើជាកម្មសិទ្ធិ គឺអាជ្ញាធរមិនគាំទ្រឡើយ៖ «អ្វីដែលមិនតម្រូវលើវិស័យការពារជាតិ យើងមិនគាំទ្រទេ។ តែបើសិនជាមានគោលការណ៍ពីរាជរដ្ឋាភិបាល គឺអាជ្ញាធរត្រូវតែអនុវត្ត»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា រយៈពេល ៦ឆ្នាំហើយដែលសហគមន៍ការពារព្រៃឈើអណ្ដូងបរ ប្រឈមមុខនឹងការបាត់បង់ព្រៃឈើក្នុងតំបន់ដែលពួកគេការពារ។ លោក ស្រី ណារ៉េន យល់ស្របជាមួយនឹងអាជ្ញាធរខេត្តដែលថា បញ្ហាអង្គភាពយោធាចូលទៅយកដីព្រៃសហគមន៍ ដើម្បីធ្វើជាទីតាំងកងទ័ពការពារព្រំដែន គឺជារឿងចាំបាច់ ក៏ប៉ុន្តែលោកជំរុញឲ្យអាជ្ញាធរត្រូវតែចាត់វិធានការទប់ស្កាត់ទៅលើមន្ត្រីយោធាខ្លះដែលកាប់បំផ្លាញព្រៃឈើ ហើយយកដីសហគមន៍ទៅធ្វើជាកម្មសិទ្ធិ ព្រមទាំងលក់ដូរខុសពីតម្រូវការរបស់អង្គភាពយោធា៖ «អាហ្នឹងត្រូវតែមន្ទីរកសិកម្ម ធ្វើការងារនោះឡើងវិញឲ្យច្បាស់លាស់ កុំឲ្យពន្យារពេលពីមួយឆ្នាំទៅមួយឆ្នាំ»។
អ្នកគ្រប់គ្រងសហគមន៍អណ្ដូងបរ ឲ្យដឹងថា កាលពីឆ្នាំ២០០៩ គេបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីការពារព្រៃឈើលើផ្ទៃដីទំហំជាង ៦.១០០ហិកតារ ប៉ុន្តែបច្ចុប្បន្ន ដីព្រៃទាំងនោះបានបាត់បង់ភាគច្រើន ដោយសារទាហានឈូសយក គឺនៅសល់តែតិចតួចប៉ុណ្ណោះ៕