Clik here to view.

អ្នកនាំពាក្យសហភាពអឺរ៉ុប រំពឹងថា អាជ្ញាធររដ្ឋាភិបាលកម្ពុជា នឹងអនុវត្តច្បាប់ដោយស្មើភាព និងមានហេតុផលត្រឹមត្រូវ និងថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ក្នុងការទ្រទ្រង់ប្រជាធិបតេយ្យ។ ស្របគ្នានេះ ការបើកទូលាយអោយមានការពិភាក្សាគ្នាគឺជាការគាំទ្រទៅដល់ការធ្វើគោលនយោបាយដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសហភាពអឺរ៉ុប ដែលចេញកាលពីយប់ថ្ងៃទី២៥ ខែសីហា ថា សំខាន់ណាស់ដែលនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មកដល់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទីស្របច្បាប់របស់ពួកគេដោយពុំមានការគំរាមកំហែង និងរឹតបន្តឹងហួសហេតុ។
សេចក្ដីថ្លែងការណ៍នេះគឺជាការឆ្លើយតបនឹងស្ថានភាពថ្មីៗចុងក្រោយនៅកម្ពុជា គឺបន្ទាប់ពីមានការបិទទ្វារវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) និងបណ្ដេញបុគ្គលិកបរទេសរបស់អង្គការនេះពីកម្ពុជា និងការព្រមានបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រួមទាំងដំណឹងនៃការបិទស្ថានីយវិទ្យុក្នុងស្រុកមួយចំនួនដែលបានផ្សាយកម្មវិធីវិទ្យុរបស់គណបក្សប្រឆាំង។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យដដែលលើកឡើងថា បញ្ហាទាំងនេះកើតឡើងភ្លាមៗបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានបង្ហាញក្ដីបារម្ភពីការប្រើប្រាស់ច្បាប់មួយចំនួនដើម្បីរឹតបន្តឹងលំហនៃសេរីភាពរិះគន់ និងបង្ក្រាបការពិភាក្សាលើបញ្ហានយោបាយ។
បើទោះជាយ៉ាងណា អ្នកនាំពាក្យសហភាពអឺរ៉ុប ក៏លើកឡើងដែរថា អង្គការសង្គមស៊ីវិលនៅកម្ពុជា ត្រូវតែគោរពតាមច្បាប់កម្ពុជា។
អង្គការធំៗរបស់ពិភពលោក និងស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលទៅលើអង្គការសង្គមស៊ីវិល និងប្រពន័ន្ធផ្សាយនៅកម្ពុជា ដែរ ដោយចាត់ទុកចំណាត់ការនេះថា កំពុងធ្វើអោយប៉ះពាល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងអាចប៉ះពាល់ដល់ការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ។
ប្រតិកម្មចំពោះការរិះគន់ផ្ទួនៗគ្នានេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកទាំងអស់នេះ កំពុងបង្ហាញនូវសញ្ញាពីការជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតនៅកម្ពុជា។ លោកថា ការរិះគន់របស់សហរដ្ឋអាមេរិក មកលើកម្ពុជា វាគ្មានអ្វីប្លែកនោះឡើយ៕