Clik here to view.

កម្មករជីកត្បូង ២នាក់ស្លាប់ ដោយបាក់ដីសង្កត់នៅក្នុងរណ្ដៅជម្រៅជាង ២០ម៉ែត្រ នៅខេត្តរតនគិរី។
ព័ត៌មានពីគេហទំព័រនគរបាលជាតិ នៅថ្ងៃទី២៦ ខែសីហា អោយដឹងថា បុរសជាកម្មករត្បូង ២នាក់បានស្លាប់ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥ ខែសីហា នៅពេលបាក់រណ្ដៅជីកត្បូង។
ហេតុការណ៍នោះកើតឡើងនៅពេលបុរសទាំង ២នាក់ ចុះទៅរុករកត្បូងនៅក្នុងរណ្ដៅជីកត្បូង ដែលមានជម្រៅជាង ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
គេហទំព័រនគរបាលជាតិ បានស្រង់សម្ដីប្រភពជាមន្ត្រីនគរបាលនៅក្នុងស្រុកលំផាត់ មកសរសេរថា បុរសទាំង ២នាក់មានលំនៅឋាននៅក្នុងភូមិកាណាង ឃុំកាឡែង ក្នុងនោះមានឈ្មោះ ធើង រិទ្ធ និង ញឹម ធើង ពួកគេជាជនជាតិដើមភាគតិចទំពួន។
ករណីនេះ មន្ត្រីនគរបាលពន្យល់ថា ពួកគេពិតជាស្លាប់ដោយដីបាក់សង្កត់ ដោយសារពួកគេចុះទៅជ្រៅគឺនៅក្នុងជម្រៅជាង ២០ម៉ែត្រ ស្របពេលរដូវវស្សា តែងមានភ្លៀងធ្លាក់ខ្លាំងធ្វើអោយដីងាយនឹងបាក់ដោយទឹកច្រោះ។
សពបុរសទាំង២ ត្រូវអាជ្ញាធរប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕