Clik here to view.

គណបក្សសង្គ្រោះជាតិ ប្រតិកម្មប្រឆាំងការចោទប្រកាន់ថា មានជនបរទេសកំពុងសហការជាមួយបក្សប្រឆាំងរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល។ ការបញ្ជាក់ពីជំហរដូចនេះ ស្របពេលសារព័ត៌មានមួយចំនួនដែលគាំទ្ររដ្ឋាភិបាល ចុះផ្សាយដោយចោទប្រកាន់ថា មានជនបរទេសកំពុងបង្កប់ខ្លួននៅក្នុងបក្សប្រឆាំង និងនៅកៀកនឹងកូនស្រីលោក កឹម សុខា ដើម្បីរៀបចំយុទ្ធសាស្ត្រផ្ដួលរំលំរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងការពារពីភាពស្អាតស្អំរបស់បក្សប្រឆាំងថា ជាគណបក្សដែលធ្វើនយោបាយដោយស្មោះត្រង់ ហើយការផ្លាស់ប្ដូរដែលបក្សប្រឆាំងចង់បាននោះ គឺតាមរបៀបនៃការបោះឆ្នោតតែមួយមុខប៉ុណ្ណោះ។
ប្រតិកម្មរបស់លោក យឹម សុវណ្ណ នៅថ្ងៃទី២៦ ខែសីហា ធ្វើឡើងស្របពេលបណ្ដាញព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បន្តវាយប្រហារផ្ទួនៗ ដោយចោទប្រកាន់ថា មានចារកម្មបរទេសឈ្មោះ ចេហ្វហ្រេ ខេន (Jeoffrey Cain) ជ្រកក្រោមស្លាកអ្នកអ្នកកាសែតបរទេសឯករាជ្យ កំពុងបង្កប់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិ។
បណ្ដាញព័ត៌មានក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាល បានចុះផ្សាយបន្តពីគណនីហ្វេសប៊ុក ឈ្មោះ "កូនខ្មែរ" ថា ចារកម្មម្នាក់នេះ មានបទពិសោធន៍ឆ្អិនឆ្អៅក្នុងការរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល។លោក ចេហ្វហ្រេ្វ ខេន នេះ ក៏ធ្លាប់ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយបក្សប្រឆាំងរបស់កូរ៉េខាងត្បូង រួចបន្ទាប់មករៀបចំយុទ្ធសាស្ត្ររហូតផ្ដួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី ប៉ាក់ ហ្គន់ហេ (Park Geun Hye) ទទួលបានជោគជ័យ។
ប្រភពបន្តថា ឥឡូវនេះ លោក ចេហ្វហ្រ្វេ ខេន ក៏មានទំនាក់ទំនងយ៉ាងជិតដិតជាមួយកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា នៅទីក្រុងភ្នំពេញ ដែរ។ ក្រៅពីនេះនៅមានកញ្ញា កឹម មនោវិទ្យា ក៏ធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយភ្នាក់ងារសម្ងាត់ (CIA) របស់អាមេរិក ថែមទៀតផង។ ក្រៅពីនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាល បានចុះផ្សាយដែរថា អង្គការ CANVAS ដែលទទួលលុយជំនួយពីសហរដ្ឋអាមេរិក ហើយជ្រកក្រោមស្លាក នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅកាត់ថា IRI បានផ្ដល់មធ្យោបាយមួយចំនួនជួយបក្សប្រឆាំងដើម្បីរៀបចំឲ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់រឿងនេះបានទេ ពីកូនស្រីទាំងពីររបស់លោក កឹម សុខា នៅថ្ងៃទី២៦ ខែសីហា ខណៈអង្គការ CANVAS ក៏ពុំអាចសុំប្រតិកម្មតបបានដែរ។ នៅពេលនេះ វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា NDI ដែលមានលុយជំនួយពីសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលបិទទ្វារ ហើយបណ្ដេញបុគ្គលិកចេញពីកម្ពុជា និងមានស្ថាប័នមួយចំនួនទៀត រងការគំរាមកំហែង។
បើទោះជាបែបណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ អះអាងថា គណបក្សប្រឆាំងមានគោលការណ៍ច្បាស់លាស់ និងត្រឹមត្រូវ ជាពិសេសពុំដែលមានគំនិតធ្វើនយោបាយស្មោកគ្រោកដូចការចោទប្រកាន់នេះឡើយ។ លោកបន្តថា អ្វីដែលគណបក្សត្រូវគិត និងធ្វើដំណើរទៅមុខនោះ គឺតាមរយៈការបោះឆ្នោតមួយប៉ុណ្ណោះ៖ «យើងធ្វើនយោបាយដោយសុចរិត ធ្វើនយោបាយដោយអហិង្សា គឺយើងចង់បានសេចក្ដីជូនប្រជាពលរដ្ឋហើយនិងម្ចាស់ឆ្នោត។ ដូច្នេះគ្មានគោលការណ៍ណាមួយក្រៅពីគោលការណ៍ដែលធ្វើដំណើរទៅរកការបោះឆ្នោតដោយសេរី និងយុត្តិទេ»។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ជនជាតិអូស្ត្រាលី ម្នាក់ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយរងការចោទថា ជាចារកម្មដែលមានបទពិសោធន៍ដ៏សំខាន់របស់គណបក្សប្រឆាំង។ សព្វថ្ងៃនេះ លោក ជេមស៍ រីកឃិតសាន់ កំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។ សមត្ថកិច្ចឲ្យដឹងថា គេមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកប្រឆាំងជនបរទេសម្នាក់នេះ។ ការចាប់ខ្លួនជនជាតិអូស្ត្រាលី រូបនេះ អំឡុងពេលកំពុងថតរូបក្នុងយុទ្ធនាការហែក្បួនគណបក្សប្រឆាំង ដោយប្រើប្រាស់ឧបករណ៍ភ្ជាប់ម៉ាស៊ីនថតរូបពីលើអាកាស ហៅថា ដ្រូន (Drone)។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធថា លោកនៅពុំទាន់បានដឹងពីព័ត៌មានដែលបានចុះផ្សាយថា មានចារកម្មបន្ថែមទៀត កំពុងបង្កប់នៅក្នុងបក្សប្រឆាំងនៅឡើយទេ។ បើទោះជាបែបណា ឧត្ដមសេនីយ៍រូបនេះព្រមានថា នឹងមិនឲ្យមានព្រឹត្តិការណ៍ដូចការបោះឆ្នោតឆ្នាំ២០១៣ វិលត្រឡប់មកម្ដងទៀតទេ៖ «សភាពការណ៍ឆ្នាំ២០១៣ ហាមដាច់ខាតមិនឲ្យកើតមានជាដាចខាត។ អត់មានទៀតទេ»។
ដោយឡែក អ្នកវិភាគសង្គម និងនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ វិញយល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងដំណាក់កាលចុងក្រោយនេះ គឺជាមធ្យោបាយធ្វើឲ្យដៃគូប្រកួតប្រជែងត្រូវចុះខ្សោយ៖ «ជាបណ្ដើរៗមកគឺឆ្លុះបញ្ចាំងនូវប៉ុនប៉ងសម្អាតឥទ្ធិពលពីខាងក្រៅមកលើប្រទេសកម្ពុជា ជាអាទិ៍គឺទៅដល់ប្រជាប្រិយភាព ហើយនិងសកម្មភាពរបស់សកម្មជនអ្នកនយោបាយ»។
វិធានការថ្មីបំផុតរបស់រដ្ឋាភិបាលចុងក្រោយនេះ គឺបានឈានទៅបិទអង្គការ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលតែងរិះគន់ពីភាពអសកម្មក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានភាពចន្លោះប្រហោងផង។ វិធានការក្ដៅរបស់រដ្ឋាភិបាលនេះ ត្រូវរងការរិះគន់ថា មិនខុសពីរបៀបដឹកនាំតាមបែបផ្ដាច់ការ។
ស្របពេលស្ថានការណ៍នៃប្រទេសកម្ពុជា កំពុងវិវត្តន៍ទៅរកភាពប្រេះស្រាំនេះ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី២៥ ខែសីហា បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវធានានូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាពិសេសសេរីភាពសារព័ត៌មាននៅកម្ពុជា ឲ្យមានភាពប្រសើរដូចការប្ដេជ្ញាចិត្តរបស់ខ្លួន៕