Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​អប់រំ​ប្រើប្រាស់​មន្ត្រី​ជាង​២​ម៉ឺន​នាក់​ដើម្បី​រៀបចំ​ដំណើរការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៧

$
0
0

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​មន្ត្រី​ជាង ២​ម៉ឺន​នាក់ ដើម្បី​រៀបចំ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ សីហា។ មន្ត្រី​ក្រសួង​អប់រំ ថ្លែង​ថា ក្នុង​រយៈពេល ២​ថ្ងៃ​នៃ​ការ​ប្រឡង​នេះ គឺ​ក្រសួង​ប្រើប្រាស់​ទាំង​ច្បាប់​អប់រំ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​ច្បាប់​ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រឡង​របស់​បេក្ខជន​ទាំងអស់ ធ្វើ​ឡើង​ដោយ​ការ​ប្រើប្រាស់​សមត្ថភាព​ពិត និង​គ្មាន​អំពើ​ហិង្សា​ផ្សេងៗ។

ក្នុង​ចំណោម​មន្ត្រី​ជាង ២​ម៉ឺន​នាក់​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រើប្រាស់​សម្រាប់​រៀបចំ​ដំណើរការ​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​២០១៧ នេះ មាន​ដូចជា​មន្ត្រី​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រធាន​មណ្ឌល​ប្រឡង មន្ត្រី​សមាជិក​គ្រប់គ្រង​មណ្ឌល មន្ត្រី​អនុរក្ស​ចំនួន ២​នាក់​ក្នុង​មួយ​បន្ទប់​ប្រឡង មន្ត្រី​ត្រួត​ពិនិត្យ​កិច្ច​ការងារ​របស់​អនុរក្ស និង​មន្ត្រី​ទទួល​បន្ទុក​តំណាង​អគារ​ប្រឡង​ដែរ។

មន្ត្រី​ក្រសួង​អប់រំ បញ្ជាក់​ថា ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ មាន​ដូចជា​ការ​បញ្ជូន​មន្ត្រី​ទៅ​កាន់​តាម​គោលដៅ​ក្នុង​ខេត្ត​នីមួយៗ ការ​បិទ​បញ្ជី​ឲ្យ​បេក្ខជន​ពិនិត្យ​មើល​ឈ្មោះ និង​ការ​ប្រជុំ​ត្រៀម​លក្ខណៈ​តាម​ខេត្ត និង​តាម​មណ្ឌល គឺ​ត្រូវ​បាន​រៀបចំ​រួច​រាល់​ហើយ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ការ​រឹត​បន្តឹង​ក្នុង​ពេល​ប្រឡង​នេះ​ឈាន​ដល់​ឆ្នាំ​ទី​៤ គឺ​ក្រសួង​នៅ​តែ​ប្រកាន់​យក​គោលការណ៍ "អ្នក​ចេះ​គឺ​ជាប់" ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​បេក្ខជន​ទាំងនោះ​អាច​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់ និង​ទទួល​បាន​មូលដ្ឋាន​រឹងមាំ​ទាំង​ចំណេះ​ជំនាញ​រាល់​មុខវិជ្ជា​នីមួយៗ។ លោក​បន្ត​ថា ចំពោះ​បទបញ្ញត្តិ និង​ការ​ដាក់​បម្រាម​នានា ដូចជា​ការ​មិន​អនុញ្ញាត​ឲ្យ​យក​ទូរស័ព្ទ ព្រុយយ៉ុង និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ចូល​ក្នុង​បន្ទប់​ប្រឡង ក៏​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​បាន​គ្រប់​ទីកន្លែង​ដែរ៖ «បេក្ខជន​បាន​ជ្រាប​អស់​ហើយ ដោយសារ​ក្រសួង​បាន​បញ្ជូន​ព័ត៌មាន​ទៅ​តាម​សាលារៀន បិទ​ស្លាក​នៅ​តាម​មុខ​មណ្ឌល និង​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ក្រសួង»

លោក​បន្ត​ថា បទបញ្ញត្តិ​ក្នុង​ពេល​ប្រឡង គឺ​មាន​ទាំង​ការ​ប្រើប្រាស់​ច្បាប់​អប់រំ​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ចំពោះ​ការ​លួច​ចម្លង​ឯកសារ ឬ​ព្រុយយ៉ុង ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចំពោះ​ការ​សូកប៉ាន់​រវាង​អនុរក្ស និង​បេក្ខជន និង​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​ការ​ប្រើប្រាស់​ហិង្សា​ក្នុង​ពេល​ប្រឡង។ លោក រស់ សាលីន បញ្ជាក់​ទៀត​ថា ការ​ឆែកឆេរ​រក​ឯកសារ​យោង ឬ​ព្រុយយ៉ុង និង​ឧបករណ៍​ហាមឃាត់ ត្រូវ​ធ្វើ​ឡើង​ចំនួន ៣​ដំណាក់កាល គឺ​មុន​ការ​ចូល​មណ្ឌល​ប្រឡង​ម្ដង មុន​ចូល​បន្ទប់​ប្រឡង​ម្ដង និង​ម្ដង​ទៀត​មុន​ចែក​វិញ្ញាសា​ដល់​បេក្ខជន។ ផ្ទុយ​ទៅ​វិញ លោក​ថា​ប្រសិន​បើ​រក​ឃើញ​ព្រុយយ៉ុង​បន្ទាប់​ពី​ចែក​វិញ្ញាសា និង​ការ​ចម្លង​គ្នា​ក្នុង​ពេល​សំណេរ បេក្ខជន​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ រីឯ​បេក្ខជន​ផ្លាស់​ទីកន្លែង ឬ​ដូរ​លេខ​តុ ក៏​ត្រូវ​ធ្លាក់ និង​ព្យួរ​ការ​ប្រឡង​មួយ​ឆ្នាំ ហើយ​ការ​ប្រព្រឹត្ត​ឲ្យ​មាន​អំពើ​ហិង្សា​លើ​បេក្ខជន​ដទៃ ឬ​ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស និង​ធ្លាក់​ស្វ័យប្រវត្តិ ព្រម​ទាំង​ព្យួរ​ការ​ប្រឡង​រយៈពេល ២​ឆ្នាំ៖ «ឆ្នាំ​ចុង​ក្រោយកន្លង​ទៅ​នេះ សឹងតែ​មិន​មាន​ទាំងស្រុង​តែ​ម្ដង​នូវ​ការ​នាំ​ចូល​ព្រុយយ៉ុង ឧបករណ៍​ហាមឃាត់​ផ្សេងៗ ប៉ុន្តែ​បើ​គាត់​យក​ចូល និង​រក​ឃើញនៅ​ពេល​ប្រឡង ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ»

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​នៅ​ឆ្នាំ​២០១៧ នេះ មាន​បេក្ខជន​សរុប​ចំនួន​ជាង ១​សែន​នាក់ (១០១.៤១០​នាក់) ដោយ​ចែក​ចេញ​ជា ១៧៨​មណ្ឌល ត្រូវ​ជា ៤.០៩៣​បន្ទប់។

ជាមួយ​គ្នា​នេះ សមាជិក​អង្គការ​សង្គម​ស៊ីវិល សមាគម និង​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ទៀត​ដែល​បាន​ដាក់​ពាក្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្នើសុំ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ប្រឡង មាន​ជាង ៤​ពាន់​នាក់។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ អះអាង​ថា ក្នុង​មួយ​មណ្ឌល​ក៏​មាន​មន្ត្រី​ប៉ូលិស និង​ប៉េអិម​ជាង ១០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ និង​ការពារ​ការ​ដឹក​ជញ្ជូន​វិញ្ញាសា​ទៅ​តាម​មណ្ឌល​ផង​ដែរ។

បន្ទាប់​ពី​ធ្វើ​កំណែ និង​បូក​សរុប​ពិន្ទុ​រួច​រាល់ ក្រសួង​អប់រំ គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ រីឯ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles