
អង្គការសង្គមស៊ីវិលថ្លែងសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចលុបចោល និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតីរបស់ជនបរទេស ដែលកំពុងរស់នៅកម្ពុជា។ សង្គមស៊ីវិលជឿជាក់ថា បើសិនជារដ្ឋាភិបាលអាចអនុវត្តកិច្ចការនេះមានប្រសិទ្ធភាពមែននោះ កម្ពុជា នឹងអាចគ្រប់គ្រងបញ្ហាជនអន្តោប្រវេសន៍បានកាន់តែប្រសើរនៅពេលខាងមុខ។
អង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នៅក្នុងប្រទេស តាមរយៈការអនុវត្តអនុក្រឹត្យរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងនៅថ្ងៃទី២០ សីហា ថាការលុបចោល និងដកហូតឯកសារមិនប្រក្រតីដែលជនបរទេសកំពុងប្រើប្រាស់ គឺជារឿងចាំបាច់ និងមានផលប្រយោជន៍សម្រាប់កម្ពុជា។ ក៏ប៉ុន្តែប្រធានអង្គការរូបនេះនៅមានមន្ទិលថា តើរដ្ឋាភិបាលនឹងអាចអនុវត្តបានដល់កម្រិតណាចំពោះជនជាតិវៀតណាម ដែលកំពុងកាន់កាប់ឯកសារទាំងនោះ៖ «អ្វីដែលយើងនៅតែទាមទារ នៅតែចង់ឃើញនោះ គឺថាតើរដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដផ្នែកនយោបាយក្នុងការអនុវត្តលើឯកសាររដ្ឋបាលដែលចេញឲ្យទៅជនបរទេស គឺនឹងអនុវត្តបានដល់កម្រិតណា ខណៈយើងសង្ស័យថាជនជាតិវៀតណាម នៅកម្ពុជា ទំនងជាមានឯកសារទាំងនោះច្រើនជាងគេ»។
កាលពីថ្ងៃទី១៥ សីហា កន្លងទៅនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។
អនុក្រឹត្យនោះបញ្ជាក់ថា ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី សំដៅដល់ឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ដោយខុសនីតិវិធី ក៏ប៉ុន្តែអនុក្រឹត្យនោះមិនបានបញ្ជាក់ទេថា តើឯកសាររដ្ឋបាលទាំងនោះរួមមានឯកសារអ្វីខ្លះនោះទេ។
អនុក្រឹត្យដដែលកំណត់ថា ជនបរទេសណាដែលនៅតែបន្តប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ឬបុគ្គលណាឃុបឃិត លួចលាក់ ក្លែងបន្លំ ឬបន្តផ្តល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីឲ្យជនបរទេសកាន់កាប់ប្រើប្រាស់ ត្រូវផ្ដន្ទាទោសជាធរមាន។
ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ (CENTRAL) លោក មឿន តុលា ថ្លែងថា មានជនបរទេសខ្លះអាចមិនសូវយល់ដឹងអំពីច្បាប់ និងនីតិវិធីនៃការចេញឯកសាររដ្ឋបាលស្របច្បាប់នោះទេ ដូច្នេះពួកគេអាចនឹងរងគ្រោះដោយសារការអនុវត្តច្បាប់។ លោកថា បញ្ហាសំខាន់គឺភាពត្រឹមត្រូវនៃការបំពេញមុខងាររបស់មន្ត្រីអាជ្ញាធរដែលទទួលខុសត្រូវចំពោះការផ្តល់ឯកសារទាំងនោះជូនពួកគាត់៖ «អ្នកដែលត្រូវទទួលទោសពៃរ៍ខ្លាំងជាងគេនោះ គឺអ្នកដែលចេញឲ្យហ្នឹងហើយ រកឲ្យឃើញថាអ្នកណាជាអ្នកចេញឲ្យ ឧទាហរណ៍ជនជាតិវៀតណាម ដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរ ប៉ុន្តែគាត់អត់មានឈ្មោះចូលសញ្ជាតិតាមនីតិវិធីនៃច្បាប់សញ្ជាតិរបស់យើង ដូច្នេះអ្នកចេញអត្តសញ្ញាណប័ណ្ណឲ្យជនជាតិវៀតណាម ដោយខុសច្បាប់នោះ អ្នកនោះត្រូវទទួលទោស»។
កាលពីថ្ងៃទី១៩ សីហា កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក សុខ ផល បានថ្លែងក្រោយកិច្ចប្រជុំរឿងគ្រប់គ្រងជនអន្តោប្រវេសន៍ថា ជនអន្តោប្រវេសន៍ដែលកំពុងកាន់កាប់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីមានជិត ១០ម៉ឺននាក់ ហើយអ្នកទាំងនោះភាគច្រើនគឺជាជនជាតិវៀតណាម៖ «អ្នកដែលត្រូវទទួលការបដិសេធហើយ តើគេត្រូវធ្វើម៉េច? ទីមួយបើអត់មានលិខិតស្នាមទេ គេអាចស្ម័គ្រចិត្តទៅប្រទេសដើមរបស់គេវិញ។ ទីពីរ ច្បាប់អន្តោប្រវេសន៍របស់យើងរាងធាក់ថយដែរ ដោយសាររស់នៅយូរហើយ ឧទាហរណ៍ថា ៣០ឆ្នាំទៅហើយ គេអាចដាក់ពាក្យសុំជាជនអន្តោប្រវេសន៍។ បើគេដាក់ពាក្យសុំចូលសញ្ជាតិ យើងនឹងពិនិត្យតាមការស្នើសុំនោះ»។
នៅត្រង់ចំណុចនេះ អ្វីដែលអង្គការសង្គមស៊ីវិលអំពាវនាវដែរនោះ គឺការពិនិត្យឡើងវិញអំពីអចលនទ្រព្យនានា ដូចជាដីធ្លី និងផ្ទះសម្បែង ជាដើម ដែលជនអន្តោប្រវេសន៍ទាំងនោះកំពុងកាន់កាប់ ព្រោះពួកគេប្រាកដជាបានប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី ជាមធ្យោបាយក្នុងការទិញដូរទ្រព្យរបស់ទាំងនោះជាក់ជាមិនខាន៕