
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងដោយមិនសំដៅចំបក្សនយោបាយថា អ្នកនយោបាយតែងឆ្លៀតប្រើប្រាស់បញ្ហាព្រំដែនដើម្បីកេងចំណេញនយោបាយរបស់ខ្លួនជានិច្ច។ លោក សុខ ទូច ឲ្យដឹងថា ក្នុងនាមជាអ្នកស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅមួយក្បាលស្ដីពីទីតាំងដែលមានជម្លោះដោយយោធាជាមួយឡាវ លើទឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដើម្បីបញ្ចប់ការកេងចំណេញរបស់អ្នកនយោបាយមួយចំនួន។
អ្នកឃ្លាំមើលពីបញ្ហាសង្គមយល់ឃើញថា ការបញ្ចប់ត្រឹមឯកសារប្រវត្តិសាស្ត្រនេះ នឹងមិនអាចបិទផ្លូវអ្នកនយោបាយមិនឲ្យនឹកនាដល់ព្រំដែនបានទេ ប្រសិនបើរដ្ឋាភិបាលនៅតែមិនអាចគ្របគ្រងខ្សែបន្ទាត់ព្រំដែនឲ្យបានស្រួលបួលនោះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបតែចូលកាន់តំណែងថ្មីសន្យាថា នៅក្នុងអំឡុង ២ខែខាងមុខទៀតនេះ នឹងបោះពុម្ពឯកសារប្រវត្តិនៅត្រង់ទីតាំងដែលមានជម្លោះដោយយោធាក្នុងទឹកដីកម្ពុជា ជាមួយនឹងយោធាឡាវ ប្រយោជន៍ដើម្បីបិទមាត់អ្នកនយោបាយខ្លះដែលតែងប្រើប្រាស់វេទិកានយោបាយពីរឿងព្រំដែននេះ នាំឲ្យពុលដល់បរិយាកាសសង្គម។
ការថ្លែងដូចនេះរបស់លោក សុខ ទូច ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅរាជបណ្ឌិត្យសភា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា។ ក្នុងឋានៈជាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបចូលកាន់តួនាទីថ្មីៗនេះផង លោក សុខ ទូច យល់ឃើញថា ប្រសិនបើមិនបោះពុម្ពឯកសារប្រវត្តិទុកទេ បញ្ហាព្រំដែននេះអ្នកនយោបាយមួយចំនួននឹងនៅតែប្រើប្រាស់ទៀតដើម្បីឈ្នះចាញ់ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ៖ «»។
ផ្អែកការពិនិត្យជាក់ស្ដែង លោក សុខ ទូច អះអាងថា តំបន់អូរតាង៉ាវ ដែលស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នេះ គឺពុំមានយោធាឡាវ ឈរជើងទេ ផ្ទុយពីតំបន់អូរអាឡៃ ដែលមានកងទ័ពឡាវ ឈរជើងរហូត ១០ទីតាំង ចំនួន ៩២នាក់។ ក្រៅពីនេះទៀត ឡាវ បានបង្កើតភូមិដែលមានដំណាំចេក ការដ្ឋានចិញ្ចឹមគោ ដែលមានរដ្ឋមន្ត្រីកសិកម្មឡាវ ជាម្ចាស់ និងមានអាជីវកម្មបូមខ្សាច់ថែមទៀត។
ឆ្លើយនឹងសំណួរថា តើហេតុអ្វីបានលោក ហ៊ុន សែន ទើបចាត់វិធានការពេលនេះ ហើយប្រកាសសង្គ្រាមមុនចរចាជាមួយឡាវ ទៅវិញ? បញ្ហានេះត្រូវបានលោក សុខ ទូច ថ្លែងការពារថា នេះជាយុទ្ធសាស្ត្រយោធា ហើយបើភាគីឡាវ មិនព្រមដកថយទេ សង្គ្រាមនឹងផ្ទុះតែម្ដង។
ទាក់ទិននឹងបញ្ហាព្រំដែននេះដែរ លោក សុខ ទូច បានចោទប្រកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ថាជាអ្នកដែលចូលទៅរស់នៅលើទឹកដីវៀតណាម មិនមែនវៀតណាម លេបទឹកដីកម្ពុជាទេ។ការអះអាងដូចនេះរបស់ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច ស្របពេលលោកឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលចោទសួរថា តើមូលហេតុអ្វីបានការអន្តរាគមរបស់លោក ហ៊ុន សែន ចំពោះឡាវ ហាក់ផ្ទុយពីប្រទេសវៀតណាម ក្នុងរឿងព្រំដែនដូចគ្នានេះ។
បើទោះជាបែបណា អ្នកស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំលោក ឆាំ ប៊ុនថេត មិនមានជំនឿថា ឯកសារប្រវត្តិសាស្ត្រនេះ នឹងអាចបិទមាត់អ្នកនយោបាយបានទេ នៅពេលណាអ្នកនយោបាយមើលឃើញពីភាពចន្លោះប្រហោងនៃការគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែននេះ៖ «»។
ជុំវិញការរិះគន់ជម្លោះយោធាកម្ពុជា-ឡាវ នៅត្រង់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នេះ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវកម្លាំងនគរបាលចាប់ និងឃុំខ្លួននៅពន្ធនាគារព្រៃស តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ លោក សៀង សុខ។
ទាក់ទិនរឿងព្រំដែននេះដែរ កន្លងទៅអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ក៏ត្រូវចោទប្រកាន់តាមផ្លូវតុលាការដែរ ព្រោះតែដកតម្រុយបង្គោលព្រំដែននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ មិនត្រឹមតែប៉ុណ្ណោះ មានសកម្មជនព្រំដែន និងអ្នកនយោបាយមួយចំនួន ត្រូវរងការគំរាមកំហែង និងចាប់ដាក់គុក ព្រោះតែហ៊ានរិះគន់អំពីព្រំដែននេះ៕