Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ឲ្យ​សមាគម​របស់​ចក្រភព​អង់គ្លេស​គ្រប់គ្រង​វិហារ​ចាម​មួយ​កន្លែង

$
0
0

ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដី និង​វិហារ​ឥស្លាម​មួយ​កន្លែង​ឋិត​នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប ស្រុក​កំពង់ត្រឡាច ទៅ​ភាគី​សមាគម​អាម៉ាឌីយ៉ាស់ ដែល​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស។ ភាគី​តំណាង​ឲ្យ​សាសនិក​ឥស្លាម​ចំនួន ៥១០​គ្រួសារ ប្រតិកម្ម​នឹង​ការ​សម្រេច​នេះ ហើយ​ថា នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ទាមទារ​ដី និង​វិហារ​ឲ្យ​ពលរដ្ឋ​គ្រប់គ្រង​វិញ។

ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ថ្វាយបង្គំ​តាម​បែប​សាសនា​ឥស្លាម បាន​ធ្វើ​ឲ្យ​សាសនិក​ឥស្លាម ពីរ​ក្រុម​ប្ដឹងផ្ដល់​គ្នា​ឡើង​តុលាការ ដើម្បី​សុំ​សិទ្ធិ​គ្រប់គ្រង​វិហារ និង​ដី​ជុំវិញ​វិហារ​ទំហំ​ជិត ១​ហិកតារ។សាសនិក​ឥស្លាម​ពីរ​នាក់ អម​ដំណើរ​ដោយ​ជនជាតិ​ចាម​ប្រមាណ ៣០​នាក់​ផ្សេង​ទៀត​នាំ​គ្នា​ឡើង​ជិះ​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​មិន​អស់​ចិត្ត នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ក្រោយ​ដឹង​ថា ពួកគេ​ចាញ់​ក្ដី​ភាគី​សមាគម។

ប្រធាន​គណៈកម្មការ​ទ្រទ្រង់​វិហារ​ឥស្លាម ភូមិ​ខ្នាយកកោះ លោក លី កុប មាន​ប្រសាសន៍​ថា ចៅក្រម​អ្នកស្រី ខៀវ ផាន់ណា មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​រូប​លោក និង​សាសនិក​ជាង ៥០០​គ្រួសារ​ផ្សេង​ទៀត​ដែល​ធ្លាប់​គ្រប់គ្រង និង​ចូល​ថ្វាយ​បង្គំ​ក្នុង​វិហារ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨ នោះ​មក​ឡើយ។ បន្ទាប់​ពី​ស្នើ​សុំ​សម្រង់​សាលក្រម​បាន លោក​នឹង​ប្ដឹង​ជំទាស់​ការ​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍៖ «ពួក​ខ្ញុំ​ទាំង​អស់​គ្នា​នេះ ត្រូវ​ពឹង​ពាក់​ខាង​ច្បាប់ ដើម្បី​រក​ដំណោះស្រាយ​នេះ​ជូន​ប្រជាពលរដ្ឋ​ខ្ញុំ​វិញ។ ព្រោះ​ហេតុផល​ដែល​ខ្ញុំ​ធ្វើ​ការ​កន្លង​មក​នេះ​មិន​មែន​ធ្វើ​ដោយ​នឹក​ឃើញ​ណា ព្រោះ​ធ្វើ​នេះ​ជា​ការ​ជាក់​ស្ដែង ព្រោះ​ដី​នេះ​មុន​នឹង​បាន​មក​ដោយសារ​កម្លាំង​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ ហើយ​គាត់​កំពុង​តែ​បាត់បង់​ដី​នេះ​មិន​សុខ​ចិត្ដ​ឲ្យ​អាម៉ាឌីយ៉ា​យក​ទេ។ វិហារ​នេះ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ឲ្យ​សាសនិក​ឥស្លាម នៅ​ភូមិ​ខ្នាយកកោះ​ប្រតិបត្តិ»

លោក​រំលឹក​ថា ដី និង​វិហារ គឺ​ជា​កម្មសិទ្ធិ​របស់​សាសនិក​ឥស្លាម​ក្នុង​ឃុំ​សែប បាន​កាប់​គាស់​ដី និង​សាងសង់​ដោយ​ខ្លួន​ឯង ប៉ុន្តែ​សមាគម​អាម៉ាឌីយ៉ា ជួយ​ធ្វើ​ពិតាន​ផ្នែក​ខាង​លើ​វិហារ​បាន​បន្តិចបន្តួច​បែរ​ជា​ចង់​បាន​សិទ្ធិ​គ្រប់គ្រង។ មក​ដល់​ឆ្នាំ​២០១៦ ភាព​មិន​ចុះ​សម្រុង​គ្នា​កើត​មាន​កាន់​តែ​ខ្លាំង ព្រោះ​ភាគី​ទាំង​ពីរ​ប្រតិបត្តិការ​ថ្វាយ​បង្គំ​ខុស​គ្នា ហើយ​ពុំ​មាន​ភាគី​ណា​មួយ​ធ្វើ​តាម​ភាគី​ណា​មួយ​នោះ​ទេ។

ចំណែក​សាសនិក​ឥស្លាម​ម្នាក់​ទៀត លោក ក្រឹម សា ថា​តំណាង​សមាគម​អាម៉ាឌីយ៉ា លោក ម៉ាន ម៉ាត់ ក៏​ធ្លាប់​ប្ដឹង​រូប​លោក និង​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​វិហារ លោក លី កុប ទៅ​តុលាការ​ពី​បទ​អុកឡុក​ការ​ថ្វាយ​បង្គំ​ក្រុម​អាម៉ាឌីយ៉ា​ដែរ ប៉ុន្តែ​ពួក​លោក​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ឡើយ។

លោក​ថា អ្នក​ភូមិ​រាប់​រយ​នាក់ កំពុង​ជួប​ការ​លំបាក​ដោយ​មិន​អាច​ចូល​វិហារ​ធ្វើ​បុណ្យ ឬ​ថ្វាយបង្គំ​បាន៖ «ខាង​អាម៉ាឌីយ៉ា អត់​ឲ្យ​ខាង​ខ្ញុំ​ចូល​ថ្វាយបង្គំ ឬ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ក្នុង​នោះ។ (សំណួរ៖ ចុះ​ថា​មាន​ការ​ថ្វាយ​បង្គំ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ម៉េច?) ថ្វាយ​បង្គំ​ហ្នឹង បើ​ខាង​ខ្ញុំ​ធ្វើ​អ៊ីម៉ាំ​ខាង​គាត់​អត់​ធ្វើ​តាម​ទេ បើ​សិន​ជា​ខាង​គាត់​ធ្វើ​អ៊ីម៉ាំ​ខាង​ខ្ញុំ​អាច​តាម​បាន មូលហេតុ​ហ្នឹង​ហើយ​ដែល​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក​រូប​ខ្ញុំ​ផ្ទាល់​នេះ។ និយាយ​រួម​ទៅ​ខ្ញុំ​អត់​ទៅ​អុកឡុក​ទេ តាម​ធម្មតា​អ្នក​ទៅ​ថ្វាយបង្គំ​អត់​ទៅ​អុកឡុក ឬ​រក​រឿង​គ្នា​ទេ អ្នក​ថ្វាយបង្គំ​គឺ​អ្នក​ទៅ​ធ្វើ​បុណ្យ​ដើម្បី​សន្សំ​កុសល»

ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដែល​ជំនុំជម្រះ​សំណុំ​រឿង​នេះ អ្នកស្រី ខៀវ ផាន់ណា បដិសេធ​មិន​អត្ថាធិប្បាយ​ជាមួយ​អាស៊ីសេរី​ឡើយ ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឈួន ស៊ីវិន មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ខណៈ​ដែល​តំណាង​សមាគម​អាម៉ាឌីយ៉ា លោក ម៉ាន ម៉ាត់ មិន​ទាន់​អាច​រក​ប្រភព​ទាក់​ទង​ដើម្បី​ឆ្លើយ​បំភ្លឺ។

ទោះ​ជា​យ៉ាង​ណា​តំណាង​សាសនិក​ឥស្លាម លោក លី កុប ថា ចៅក្រម​បាន​ប្រាប់​លោក​ថា តុលាការ​កាត់​ក្ដី​ឲ្យ​ភាគី​សមាគម​ឈ្នះ ដោយសារ​សមាគម​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​នោះ​ត្រឹមត្រូវ។ លោក​សង្ស័យ​ថា ភាគី​សមាគម​លួច​ធ្វើ​ប្លង់​កាន់កាប់​ក្រោយ​ឆ្នាំ​២០១២ ព្រោះ​កាល​ណោះ​ភាគី​ទាំង​ពីរ​ធ្លាប់​មាន​បញ្ហា​ម្ដង​ហើយ ប៉ុន្តែ​រឿងរ៉ាវ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ទើប​កក្រើក​ឡើង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៦៖ «អាម៉ាឌីយ៉ា​នេះ​ថា គាត់​ឥស្លាម​ដែរ ប៉ុន្តែ​គាត់​មិន​ថ្វាយ​បង្គំ​តាម​ឥស្លាម​នៅ​ក្រោម​ការ​គ្រប់គ្រង​ចាងហ្វាង។ អ៊ីចឹង​ការ​យក​ដី​នៅ​ខ្នាយកកោះ នេះ គោលបំណង​របស់​គាត់​កំពុង​តែ​ទន្ទ្រាន​យក​ដី​របស់​ពលរដ្ឋ​ហើយ មិន​មែន​អភិវឌ្ឍ​ជួយ​ប្រជា​ពលរដ្ឋ​ទេ»

ក្រៅ​ពី​មាន​លិខិត​អនុញ្ញាត​សាងសង់​វិហារ​ពី​អាជ្ញាធរ សាសនិក​ឥស្លាម​នៅ​ភូមិ​ខ្នាយកកោះ ក៏​មាន​លិខិត​ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​១៩៩៩ របស់​អាជ្ញាធរ​ឃុំ​សែប​បញ្ជាក់​ថា ដី​វិហារ​នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប ស្រុក​កំពង់ត្រឡាច ដែល​មាន​ទំហំ​ទទឹង ៩០​ម៉ែត្រ និង​បណ្ដោយ ១៥០​ម៉ែត្រ គឺ​ជា​ដី​កម្មសិទ្ធិ​របស់​វិហារ​ឥស្លាម ក្នុង​ភូមិ​ខ្នាយកកោះ ពិតប្រាកដ​មែន មិន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បុគ្គល​ណា​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ យល់​ថា សាសនិក​ឥស្លាម ដែល​គាំទ្រ​ដោយ​សមាគម​អាម៉ាឌីយ៉ា របស់​ចក្រភព​អង់គ្លេស ដែល​មាន​សំឡេង​ភាគ​តិច ឬ​មាន​អ្នក​ថ្វាយបង្គំ និង​ធ្វើ​បុណ្យ​តិច​ជាង​ភាគី​ម្ខាង​ទៀត ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ភាគី​ដែល​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​វិហារ ដើម្បី​អាច​ធ្វើ​បុណ្យ ឬ​ថ្វាយ​បង្គំ​រួម​គ្នា៖ «ដោយសារ​វិហារ​នេះ​ប្រជា​ពលរដ្ឋ​ជាង ៥០០​គ្រួសារ ជា​អ្នក​សាងសង់​ពី​ដំបូង​មក ហើយ​បើ​សិន​ជា​ខ្លួន​តាងនាម​ជា​សមាគម ហើយ​ជា​ឥស្លាម​ដូច​គ្នា គួរ​តែ​គោរព​តាម​និកាយ​របស់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន កុំ​យក​និកាយ​ខ្លួន​ឯង​ភាគ​តិច​នោះ​ធ្វើ​តាម​អំពើ​ចិត្ត»

ក្រុម​សាសនិក​ឥស្លាម នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប អះអាង​ថា សព្វថ្ងៃ​មាន​អ្នក​គាំទ្រ ឬ​ថ្វាយ​បង្គំ​តាម​លំនាំ​របស់​សមាគម​អាម៉ាឌីយ៉ា ប្រមាណ ៥០​នាក់​ប៉ុណ្ណោះ។ ចំណែក​អ្នក​គាំទ្រ​ការ​ថ្វាយ​បង្គំ​តាម​របៀប​ដើម​ដែល​អ្នក​ភូមិ​ខ្នាយកកោះ ធ្លាប់​ប្រតិបត្តិ​មាន​លើស​ពី ៥០០​នាក់។ ក្រុម​អ្នក​ភូមិ​ខ្នាយកកោះ នៅ​តែ​ប្រកាស​ដាច់​ខាត​ថា នឹង​យក​វិហារ និង​ដី​បរិវេណ​ក្បែរ​នោះ​មក​គ្រប់គ្រង និង​ថ្វាយ​បង្គំ​ដូច​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174