
ពលរដ្ឋដែលចូលរួមដាក់លិខិតតាមអនឡាញ (online) សាទរចំពោះអ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី ដែលបានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈដល់សពស្ត្រីម្នាក់ និងគ្រួសារ។
លិខិតរបស់ក្រុមពលរដ្ឋដែលចូលរួមក្នុងគេហទំព័រ ឆេង ដត អូអជី (Change.org) ផ្ញើលិខិតមួយទៀតជូនស្ថានីយទូរទស្សន៍ហង្សមាស នៅថ្ងៃទី១៧ សីហា មានខ្លឹមសារថា ការទទួលស្គាល់កំហុសផ្នែកវិជ្ជាជីវៈ និងការកែតម្រូវរបស់អ្នកទាំងពីរ។ លិខិតបញ្ជាក់ថា ការធ្វើនេះ គឺនឹងក្លាយជាគំរូដ៏ល្អសម្រាប់អ្នកអត្ថាធិប្បាយព័ត៌មាន អ្នកសរសេរព័ត៌មាន និងអ្នកកាសែតដទៃទៀត ឲ្យក្លាយជាភ្នាក់ងារក្នុងការកែប្រែសង្គមប្រកបដោយភាពវិជ្ជមាន និងចាប់ផ្ដើមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដូចដែលមានចែងនៅក្នុងសេចក្ដីប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់អ្នកព័ត៌មានអំពើហិង្សាលើស្ត្រី រវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី។
ការចេញលិខិតសាទរនេះ នៅក្រោយមួយថ្ងៃដែលពលរដ្ឋជាង ២ពាន់នាក់ ដែលបានចូលរួមតាមអនឡាញ ឈ្មោះ ឆេង ដត អូអជី (Change.org) បានគាំទ្រ និងផ្ញើលិខិតចំហដាក់ទៅស្ថាប័ន៣ ក្នុងនោះមានក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន តម្រូវឲ្យអ្នកអត្ថាធិប្បាយទាំងពីរសុំទោសជាសាធារណៈ ដែលគេយល់ថាបានប្រើពាក្យពេចន៍ប្រមាថមាក់ងាយ រើសអើងស្ត្រី ព្យាយាមស្ដីបន្ទោសដល់សពស្ត្រីរងគ្រោះ និងចាត់ទុកស្ត្រីជាកម្មវត្ថុនៃការនិយាយកំប្លែងលេងក្នុងការធ្វើអត្ថាធិប្បាយអំពីហិង្សាលើស្ត្រី ដែលរងការរំលោភផ្លូវភេទ និងសម្លាប់កាលពីដើមខែសីហា ដោយអ្នករត់តាក់ស៊ី ២នាក់ ក្នុងពេលនារីរងគ្រោះជិះរថយន្តឈ្នួលពីភ្នំពេញទៅខេត្តស្វាយរៀង៕