Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ជំនាញ​បន្ត​រក​ឃើញ​សារធាតុ​គីមី​ក្នុង​គ្រឿង​សមុទ្រ​ស្រស់​នៅ​ខេត្ត​ព្រះសីហនុ

$
0
0

មន្ត្រី​ត្រួត​ពិនិត្យ​ចំណី​អាហារ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ស្ត្រី​មេ​ផ្ទះ ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទិញ​ទំនិញ ឬ​ទិញ​ម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ត្រី​សាច់ ជាដើម ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​មន្ត្រី​ជំនាញ​បាន​បន្ត​រក​ឃើញ​ម្ហូប​សមុទ្រ​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច ឲ្យ​ដឹង​ថា កន្លង​ទៅ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​តាម​ផ្សារ តាម​ស្តង់​អាជីវករ​លក់​ម្ហូប​សមុទ្រ​ស្រស់ និង​ទំនិញ​ច្រើន​ប្រភេទ​ទៀត​តាម​ទីផ្សារ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​ផ្សារ​លើ ផ្សារ​អូរចំណារ និង​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់ ជាដើម ដោយ​រក​ឃើញ​មាន​គេ​លួច​ដាក់​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ម្ហូប​សមុទ្រ​មួយ​ចំនួន ដើម្បី​មើល​ទៅ​ឃើញ​ស្រស់ និង​ស្តុក​ទុក​បាន​យូរ​ថ្ងៃ។

លោក ជា ប៉ិច ព្រមាន​ថា​នឹង​ចាត់​វិធានការ​ឲ្យ​ធ្ងន់ធ្ងរ​តាម​ច្បាប់ បើ​អាជីវករ​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លក់​អាហារ​សមុទ្រ​មាន​ផ្ទុក​សារធាតុ​គីមី ប៉ុន្តែ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​នោះ៖ «ការ​ប្រើ​សារធាតុ​គីមី​នៅ​លើ​ម្ហូប​អាហារ​សមុទ្រ​ស្រស់​នេះ គឺ​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទេ ឧទាហរណ៍​ដូចជា​បូរ៉ាក់ និង​ហ្វ័រម៉ាលីន ហ្នឹង គឺ​មិន​ឲ្យ​ប្រើ​នៅ​លើ​គ្រឿង​សមុទ្រ​ស្រស់​ទេ។ ចំពោះ​គ្រឿង​សមុទ្រ​ស្រស់​ដែល​ដាក់​សារធាតុ​គីមី​ទាំងនេះ បាន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ។ ហើយ​ក្នុង​ករណី​យើង​ប្រើ​លើស​ចំណុះ គឺ​វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្លាប់​ក៏​មាន​ដែរ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ​ទៅ​លើ​ម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើ​តេស្ដ​លើ​គ្រឿង​សមុទ្រ​ស្រស់ មាន​បង្គា មឹក ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ ជាដើម ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ម្ហូប​អាហារ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​លើ និង​ទីផ្សារ​ទំនើប​នានា។

លោក ជា ប៉ិច ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​រក​ឃើញ​គ្រឿង​សមុទ្រ​បង្គា​ស្រស់​ចំនួន ១៣​គីឡូក្រាម​មាន​ដាក់​លាយ​សារធាតុ​គីមី​ហ្វ័រម៉ាលីន (FORMALINE) ហាមឃាត់ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន​ធ្ងន់ធ្ងរ។

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ភ្លាមៗ​ទៅ​លើ​ក្រុម​អាជីវករ​ដែល​លក់​ម្ហូប​សមុទ្រ​ស្រស់​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​នេះ​ទេ ប៉ុន្តែ​បាន​ធ្វើ​កិច្ចសន្យា បើ​ទៅ​ថ្ងៃ​ខាង​មុខ អាជីវករ​ទាំងនោះ​មិន​រាងចាល នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់។

អាជីវករ​លក់​ម្ហូប​សមុទ្រ​មួយ​ចំនួន​នៅ​ផ្សារ​វាលរេញ ទទួល​ស្គាល់​ថា កន្លង​ទៅ​ផ្សារ​នេះ​ពិត​ជា​មាន​អាជីវករ​ខិលខូច​នៅ​តាម​ស្តង់​ខ្លះ​បាន​ដាក់​លក់​គ្រឿង​សមុទ្រ​ស្រស់ នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ថ្លឹង​មិន​គ្រប់​គីឡូក្រាម​បន្លំ​ភ្នែក​អ្នក​ទិញ ជាពិសេស​បន្លំ​ភ្ញៀវ​ទេសចរ។ អាជីវករ​រូប​នេះ​ស្នើ​ដល់​អ្នក​ទិញ​ម្ហូប​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ ត្រូវ​ពិនិត្យ​ម្ហូប​សមុទ្រ​ស្រស់​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ទិញ​យក​ទៅ​ចម្អិន​ទទួល​ទាន។ ករណី​នេះ អាជីវករ​ដែល​រក​របរ​ទទួល​ទាន​ស្មោះត្រង់ បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ ត្រូវ​បន្ត​ចុះ​ពិនិត្យ​ការ​លក់ដូរ​ម្ហូប​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ ឲ្យ​បាន​ញឹកញាប់។

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ស្ត្រី​មេ​ផ្ទះ បាន​គាំទ្រ​សកម្មភាព​ការងារ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ជា​ប្រចាំ​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាម​ទីផ្សារ​នា​មូលដ្ឋាន​នេះ។ ពួក​គេ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ម្ហូប​អាហារ ឬ​ទំនិញ​ផ្សេងៗ ត្រូវ​កសាង​សំណុំ​រឿង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​លក់​ទំនិញ​ខូច​គុណភាព និង​ផលិត​គ្មាន​បច្ចេកទេស បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ទើប​រាងចាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles