Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រូពេទ្យ យ៉ែម ជ្រិន ស្នើ​ឧទ្ធរណ៍​បន្ថយ​ទោស​ត្រឹម​១០ឆ្នាំ​ករណី​ចម្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា

$
0
0

គ្រូពេទ្យ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក យ៉ែម ជ្រិន ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បាត់ដំបង សម្រេច​ឲ្យ​ជាប់​ទោស ២៥​ឆ្នាំ ករណី​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​ចំនួន ១២២​នាក់ ស្នើ​ចៅក្រម​សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​មក​ត្រឹម ១០​ឆ្នាំ។ មេធាវី​យល់​ថា ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​ក៏​គួរ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដែរ។

ក្នុង​សវនាការ​នៃ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា គ្រូពេទ្យ យ៉ែម ជ្រិន បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ចាក់​ថ្នាំ​ដោយ​ប្រើ​ម្ជុល​រួម​គ្នា​ពី​អ្នក​ជំងឺ​ម្នាក់​ទៅ​អ្នក​ជំងឺ​ម្នាក់​ទៀត នៅ​ក្នុង​ភូមិ​រកា មែន។ គ្រូពេទ្យ យ៉ែម ជ្រិន ប្រាប់​ចៅក្រម​ស៊ើបសួរ​ថា ភូមិ​រកា នៅ​តំបន់​ដាច់ស្រយាល ពិបាក​រក​ទិញ​ម្ជុល ឬ​ស៊ីរ៉ាំង​ចាក់​ថ្នាំ។

សាលា​ដំបូង​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល​ចូល​ថវិកា​រដ្ឋ។ គ្រូពេទ្យ​រូប​នេះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ដោយ​ចេតនា និង​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​តែ​មរណភាព​នៃ​ជន​រងគ្រោះ។ បទល្មើស​ទាំងនោះ ប្រព្រឹត្ត​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង អំឡុង​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១៤។

លោក យ៉ែម ជ្រិន អះអាង​ថា គ្មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ចម្លង​ជំងឺ​អេដស៍​ដល់​អ្នក​ភូមិ​នោះ​ទេ ហើយ​ក្រៅ​ពី​អ្នក​ភូមិ​រកា មាន​ម្ដាយ ប្អូន និង​ក្មួយ​របស់​គ្រូពេទ្យ យ៉ែម ជ្រិន ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ។ លោក​ថា​ការ​ដើរ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ ដោយសារ​តែ​ការ​អាណិតអាសូរ​របស់​គាត់​ដល់​អ្នក​ភូមិ ដែល​គាត់​មាន​ចំណេះដឹង​វិស័យ​សុខាភិបាល​តិចតួច និង​មាន​ការ​ស្នើសុំ​ពី​សំណាក់​អ្នក​ភូមិ​ឲ្យ​ជួយ​ព្យាបាល ព្រោះ​ជា​ភូមិ​ដាច់ស្រយាល​ដែល​សេវា​សុខាភិបាល​ពិបាក​ទៅ​ដល់។ លោក​ស្នើ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ បន្ធូរបន្ថយ​ទោស​ដើម្បី​បាន​រស់​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក​វិញ។ ទោះ​យ៉ាង​ណា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ករណី​ឆ្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា។

តំណាង​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​ចំនួន ៥​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ចំនួន ១២២​នាក់ បាន​ស្នើ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ កាត់​ទោស​គ្រូពេទ្យ យ៉ែម ជ្រិន តាម​ច្បាប់​កំណត់ ខណៈ​ដែល​ព្រះរាជអាជ្ញា​តំណាង​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍ បាន​ស្នើ​ឲ្យ​ចៅក្រម​រក្សា​ការ​ដាក់​ទោស​ពិន័យ​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។

មេធាវី​ម្នាក់​ក្នុង​ចំណោម ២​នាក់​ដែល​ការពារ​ក្ដី​ឲ្យ​លោក យ៉ែម ជ្រិន គឺ​លោក​មេធាវី ធន សុខឃុយ ស្នើ​ឲ្យ​ចៅក្រម​ប្ដូរ​បទ​ចោទ​មក​មួយ​ករណី​វិញ គឺ​ឃាតកម្ម​ដោយ​អចេតនា។ លោក​មេធាវី​យល់​ថា ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា មិន​គួរ​ណា​ទុក​ឲ្យ​លោក យ៉ែម ជ្រិន ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ (ក្រសួង​សុខាភិបាល) និង​អាជ្ញាធរ ក៏​គួរ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដែរ។ លោក​មេធាវី​គិត​ថា លោក យ៉ែម ជ្រិន មិន​មែន​ជា​ជនល្មើស​ទេ តែ​ជាប់​ចោទ​ដោយសារ​កូន​ក្ដី​លោក​ជា​មនុស្ស​ចិត្ត​ធម៌​ជួយ​អ្នក​ភូមិ។

មេធាវី​ម្នាក់​ទៀត គឺ​លោក អ៊ុក វ៉ាន់ដេត យល់​ថា អំពើ​របស់​កូន​ក្ដី​លោក គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​សុខាភិបាល៖ «ជា​អំពើ​របស់​គាត់ (គ្រូពេទ្យ យ៉ែម ជ្រិន) ប៉ុន្តែ​ការ​ទទួលខុស​ត្រូវ គឺ​ជា​របស់​ក្រសួង​សុខាភិបាល...។ តាម​ពិត​ក្រសួង (សុខាភិបាល) ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋនៅ​ពេល​ដែល​ខ្លួន (ក្រសួង​សុខាភិបាល) មិន​មានការ​ត្រួត​ពិនិត្យ មិន​មាន​ការ​យក​ចិត្តទុក​ដាក់ បណ្ដាល​ឲ្យ​មាន​អំពើ​សោកនាដកម្ម​នេះ​ឡើង ក្រសួង​ក៏​មានការ​ទទួល​ខុស​ត្រូវ​រួម​ចំណែកនៅ​ក្នុង​អំពើ​នេះ​ដែរ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មុន​បិទ​បញ្ចប់​សវនាការ ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​សាលា​ឧទ្ធរណ៍ ប្រកាស​ថា​នឹង​ត្រូវ​ប្រកាស​សាល​ដីកា​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា វេលា​ម៉ោង ៨​ព្រឹក។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជួយ​រក​ការងារ​ឲ្យ​អ្នក​ភូមិ​រកា ធ្វើ ដោយសារ​ពួក​គេ​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បាន​ដូច​ពី​មុន និង​មិន​អាច​ចាកចេញ​ពី​ភូមិ​រកា ទៅ​រក​ការងារ​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​បើក​ថ្នាំ​ជា​រៀង​រាល់​ខែ ហើយ​ប្រសិន​បើ​លើស​ថ្ងៃ​កំណត់​នៃ​ការ​បើក​ថ្នាំ ពួក​គេ​នឹង​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​បើក​ថ្នាំ​លេប​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles