Clik here to view.

សហគមន៍ការពារព្រៃឈើជាំពេន នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្នឈើប្រណីតក្នុងតំបន់ការពារទំហំជាង ១.៨០០ហិកតារ កំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់ពីក្រុមមនុស្សដែលឆ្លងមកពីទឹកដីនៃខេត្តកំពង់ធំ។
ក្រុមអ្នកមកពីខេត្តផ្សេងទាំងនោះមិនត្រឹមតែចូលកាប់ឈើយកទៅជួញដូរប៉ុណ្ណោះទេ ថែមទាំងមានអាវុធកែច្នៃ ហើយគំរាមសម្លាប់ក្រុមសហគមន៍ដែលដើរល្បាត ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើទាំងនោះផង។
សហគមន៍ការពារព្រៃឈើជាំពេន អំពាវនាវឱ្យមន្ត្រីជំនាញសមត្ថកិច្ច និងអាជ្ញាធរនៃខេត្តព្រះវិហារ ចាត់វិធានការបង្ក្រាបទៅលើក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់ជាបន្ទាន់។
តំណាងសហគមន៍ការពារព្រៃឈើជាំពេន គឺលោក រស់ លីន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ថា បច្ចុប្បន្នក្រុមមនុស្សដែលឆ្លងដែនមកពីខេត្តកំពង់ធំ កំពុងនាំគ្នាកាប់ឈើប្រណិតនៅក្នុងព្រៃសហគមន៍របស់លោកជារៀងរាល់ថ្ងៃ។ ក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់ទាំងនោះ មានអាវុធច្នៃ ហើយតែងគំរាមសម្លាប់ប្រជាសហគមន៍ដែលចុះដើរល្បាត និងចាប់យកឈើទាំងនោះមកវិញ។
លោក រស់ លីន បញ្ជាក់ថា រូបលោក និងសមាជិកសហគមន៍ការពារព្រៃឈើជាច្រើនទៀត លែងចង់ហ៊ានដើរល្បាតការពារព្រៃឈើទៀតហើយ ដោយសារតែបច្ចុប្បន្នក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះសាហាវ ហើយគ្មានការបង្ក្រាបពីអាជ្ញាធរណាមួយ៖ «ជននេះពួកខ្ញុំស្គាល់មុខដដែលៗ ប្រចាំបោះជំរំ នៅកាប់ឈើជាអចិន្ត្រៃយ៍។ ប៉ុន្តែដោយសារអាជ្ញាធរអត់ឈឺឆ្អាលជាមួយពួកខ្ញុំដែលការពារ គឺជនល្មើសនៅតែកាប់ឈើរាល់ថ្ងៃ»។
តំណាងសហគមន៍ការពារព្រៃឈើជាំពេន ឱ្យដឹងថា លោកស្គាល់ឈ្មោះមេខ្លោងរបស់ក្រុមអ្នកកាប់ឈើនោះចំនួន ៤នាក់ ដូចជាឈ្មោះ ថាច់ នៅភូមិនីពេជ ឃុំនីពេជ ឈ្មោះ ម៉ុន ឈ្មោះ ខែត នៅភូមិស្រគំ និងឈ្មោះ សុខ នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក រស់ លីន បញ្ជាក់ថា លោកធ្លាប់បានយកឈ្មោះអ្នកទាំងនោះទៅប្រាប់សមត្ថកិច្ច អាជ្ញាធរស្រុករវៀង ព្រមទាំងមន្ត្រីដែនជម្រកសត្វព្រៃឱ្យជួយចាត់វិធានការបង្ក្រាប ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានចំណាត់ការអ្វីទៅលើក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះឡើយ។
នាយកដែនជម្រកសត្វព្រៃនៃឧទ្យានជាតិបឹងពែរ លោក មាស ញឹម មានប្រសាសន៍ថា កម្លាំងរបស់លោកបានចុះទៅពិនិត្យមើលតំបន់ព្រៃសហគមន៍ជាំពេន ហើយឃើញពិតជាមានស្លាកស្នាមកាប់ឈើខុសច្បាប់មែន ក៏ប៉ុន្តែលោកមិនដែលជួបក្រុមអ្នកកាប់ឈើទាំងនោះឡើយ។
មន្ត្រីដដែលបញ្ជាក់ថា លោកក៏ធ្លាប់ឮសហគមន៍ការពារព្រៃឈើរាយការណ៍ពីឈ្មោះអ្នកកាប់ឈើទាំងនោះដែរ ប៉ុន្តែលោកមិនដែលស្គាល់មុខ ព្រមទាំងនៅក្នុងសហគមន៍នោះមានជនបង្កប់របស់អ្នកកាប់ឈើផង ជាហេតុធ្វើឱ្យផែនការបង្ក្រាបជាច្រើនលើកមិនដែលជោគជ័យ៖ «យើងនឹងត្រៀមផែនការមួយសម្ងាត់បំផុត ចុះទៅទប់ស្កាត់សកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងសហគមន៍ការពារព្រៃឈើជាំពេន នោះ»។
រយៈពេលជាង ២ឆ្នាំមកហើយ ព្រៃឈើក្នុងសហគមន៍ជាំពេន ត្រូវក្រុមមនុស្សមកពីខេត្តផ្សេងចូលទៅកាប់រាប់រយដើមយកទៅជួញដូរខុសច្បាប់។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ យល់ថា មន្ត្រីជំនាញ និងសមត្ថកិច្ចនៅទីនោះមិនមានឆន្ទៈពិតប្រាកដបង្ក្រាបទៅលើក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះទេ បានជាវិធានការបង្ក្រាបជាច្រើនលើកមកហើយមិនបានជោគជ័យ។ លោក ប៉ិក សោភ័ណ សង្ស័យថា អាចមានមន្ត្រីខ្លះបានទទួលផលប្រយោជន៍ពីការកាប់ឈើខុសច្បាប់ទាំងនោះ ទើបបានជាមិនសូវខ្នះខ្នែងបង្ក្រាបឱ្យមានប្រសិទ្ធភាពទាំងស្រុងនោះ៕