Clik here to view.

អាជ្ញាធរឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងពីបញ្ហាប្រឈមមួយចំនួនក្នុងកិច្ចការរដ្ឋបាលនៅសាលាឃុំ ដោយសារគ្មានស្មៀនឃុំថ្មីមកជួយធ្វើការ។ ការលើកឡើងនេះ ដោយសារស្មៀនឃុំចាស់បានចូលនិវត្តន៍តាំងពីខែតុលា ឆ្នាំ២០១៦ ប៉ុន្តែមិនទាន់មានការសម្រេចជាផ្លូវការឲ្យស្មៀនថ្មីចូលធ្វើការនៅឃុំរបស់ពួកគេឡើយ។ អភិបាលស្រុកស្ទោង បញ្ជាក់ថា សំណើសុំស្មៀនថ្មី គឺខាងលោកបានបញ្ជូនទៅក្រសួងមហាផ្ទៃ តាមរយៈអាជ្ញាធរខេត្ត ប៉ុន្តែមិនទាន់មានសេចក្តីសម្រេចជាផ្លូវការទេ។
អាជ្ញាធរឃុំទ្រា ស្នើឲ្យក្រសួងមហាផ្ទៃ ពន្លឿននីតិវិធីដើម្បីចេញសេចក្តីសម្រេចជាផ្លូវការបញ្ជូនស្មៀនឃុំថ្មីមកជួយបំពេញការងារនៅមូលដ្ឋានរបស់ពួកគេ។
ការស្នើនេះ ដោយអាជ្ញាធរឃុំលើកឡើងថា ការងារខ្លះជាកិច្ចការរបស់ស្មៀនឃុំ ហើយមេឃុំថ្មី គឺមិនសូវយល់ច្បាស់ដូចស្មៀនទេ។
មេឃុំទ្រា មកពីគណបក្សសង្គ្រោះជាតិ លោក សាង សុត មានប្រសាសន៍ថា ក្រោយពេលស្មៀនឃុំចាស់ចូលនិវត្តន៍កាលពីខែតុលា ឆ្នាំ២០១៦ អាជ្ញាធរឃុំក៏បានស្នើសុំស្មៀនឃុំថ្មីជំនួស។ ក្រោយមកដឹងដំណឹងថា ស្មៀនឃុំមកពីឃុំពាមបាង នឹងធ្វើការជំនួស ប៉ុន្តែតាំងពីនោះមកមិនទាន់មានសេចក្តីសម្រេចជាផ្លូវការចេញពីក្រសួងមហាផ្ទៃ ឡើយ ហើយនៅពេលមេឃុំគណបក្សប្រឆាំងកាន់តំណែងការងារនេះ ក៏ស្ងាត់សូន្យទៅទៀត។ មេឃុំរូបនេះបន្តថា តាំងពីខែតុលា ស្មៀនឃុំចាស់គាត់ចេះតែជួយធ្វើការងារឃុំ ទម្រាំមានស្មៀនឃុំថ្មីចូលមកដល់ ប៉ុន្តែក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីខែមិថុនា ស្មៀនឃុំចាស់ លោកបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំគណបក្សកាន់អំណាច ហើយគាត់ក៏មិនបានជួយធ្វើការជំនួសស្មៀនទៀតឡើយ៖ «បញ្ហាធ្វើគ្រោងថវិកា បញ្ហាផែនការអភិវឌ្ឍន៍អី ព្រោះការនេះជាការងាររបស់ស្មៀន»។
មេឃុំដដែលបារម្ភថា ការងារខ្លះនៅក្នុងឃុំ នឹងមិនសូវបានរលូន ដោយសារមិនទាន់មានស្មៀនឃុំថ្មីមកជួយការងារ និងរៀបចំផែនការផ្សេងៗ ព្រមទាំងរៀបចំឯកសារ ជាដើម។
ទាក់ទងបញ្ហានេះ អភិបាលស្រុកស្ទោង លោក ព្រឹម រដ្ឋា មានប្រសាសន៍នៅថ្ងៃទី១៦ សីហា ថាខាងលោកបានធ្វើសំណើទៅក្រសួងមហាផ្ទៃ តាមរយៈអាជ្ញាធរខេត្ត ដើម្បីរៀបចំដាក់ស្មៀនថ្មីនៅឃុំទ្រា ដែរ ប៉ុន្តែសេចក្តីសម្រេចជាផ្លូវការ នៅមិនទាន់ធ្លាក់មកទេ។ យ៉ាងនេះក្តី ខាងលោកក៏បានចាត់ចែងដោះស្រាយការងារនេះជាបណ្ដោះអាសន្នដែរ៖ «អ៊ីចឹងខ្ញុំបានដាក់សំណើសុំទៅហើយ! ឥឡូវនេះមិនទាន់ធ្លាក់ មិនទាន់ធ្លាក់នេះ ខ្ញុំបានចេញលិខិតបង្គាប់ការឲ្យស្មៀនថ្មីទៅធ្វើការសិន»។
បញ្ហាមិនទាន់មានស្មៀនឃុំធ្វើការ គឺកើតឡើងនៅឃុំទ្រា ហើយតំបន់ផ្សេងទៀតមិនទាន់ចោទជាបញ្ហានៅឡើយទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា នីតិវិធីផ្លាស់ប្ដូរស្មៀននៅឃុំទ្រា នេះ គឺមានភាពយឺតយ៉ាវ។ លោកថា នេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ជាអ្នករៀបចំស្មៀនទៅកាន់ឃុំនីមួយៗដែលមិនទាន់មាន ឬផ្លាស់ប្ដូរដោយប្រការណាមួយ៖ «រឿងខ្វះស្មៀនហ្នឹងកុំថាឡើយមួយឆ្នាំ តែមួយខែហ្នឹងក៏អាចធ្វើឲ្យការងាររដ្ឋបាលសាលាឃុំ-សង្កាត់ហ្នឹងមានការប៉ះពាល់ដែរ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី១៦ សីហា។
លោកថា ស្មៀនឃុំ គឺជាធនធានមនុស្សសំខាន់មួយដើម្បីជួយបំពេញការងារដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗទៅតាមទម្រង់នៃច្បាប់។ លោកបន្ថែមថា ឃុំ-សង្កាត់ទាំងអស់មិនអាចបំពេញការងារដោយរលូនបានទេ ប្រសិនបើឃុំ-សង្កាត់នោះមិនមានស្មៀនជួយ ដូចជាត្រូវការលើកឡើងផែនការផ្សេងៗ និងរៀបចំកិច្ចការរដ្ឋបាល ជាដើម។ ជាងនេះទៀត ប្រសិនបើគ្មានការរៀបចំ ឬបែងចែកស្មៀនទៅកាន់ឃុំដែលខ្វះខាតឲ្យទាន់ពេលវេលាតាមតម្រូវការទេ នឹងប៉ះពាល់ដល់ការងារនៅក្នុងឃុំនោះ ព្រមទាំងប៉ះពាល់គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការទៀតផង៕