
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅវេលាប្រមាណម៉ោង ៣រសៀលនៅថ្ងៃទី១៣ សីហា ដោយសារប្រធានបក្សរូបនេះបានសរសេរលើទំព័រហ្វេកប៊ុក (facebook) របស់ខ្លួនរិះគន់ទៅលើកងយោធពលខេមរភូមិន្ទ។
លោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១២ សីហា ថា បើសង្គ្រាមកើតឡើងជាមួយប្រទេសឡាវ មែននោះ លទ្ធផលមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយសៀម ឬប្រទេសថៃ ទេ គឺកូនខ្មែរកងទ័ពជាតិនឹងស្លាប់ក្នុងសមរភូមិ ហើយមេទ័ពចោរ នឹងឡើងបុណ្យស័ក្ដិ បានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។ លោក សួន សេរីរដ្ឋា បានសរសេរបែបចំអកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាល្បិច «សាមកុក» របស់លោក ហ៊ុន សែន គឺកំពុង «បែកកុក» ដោយសារទើបបញ្ជាទ័ពឲ្យត្រៀមប្រយុទ្ធ និងដាក់ឱសានវាទឲ្យសត្រូវ តែឱនក្បាលចូលបន្ទាយសត្រូវសុំចរចា ជាដើម។
លោក ខៀវ សុភ័គ ហៅការរិះគន់របស់លោក សួន សេរីរដ្ឋា នេះ ថាមិនមែនជាសិទ្ធិបញ្ចេញមតិឡើយ គឺជាការប្រមាថមាក់ងាយមកលើកងយោធពលខេមរភូមិន្ទ។
លោក សួន សេរីរដ្ឋា ក៏ធ្លាប់រិះគន់រដ្ឋាភិបាលដែរកាលពីកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ នៅតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។
សូមរង់ចាំស្ដាប់ព័ត៌មានពិស្ដារ...