
ព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាប់នឹងភូមិសាស្ត្រភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រាប់សិបហិកតារបន្ថែមទៀត ត្រូវគេកាប់រានជាលើកទីបី ខណៈដែលសហគមន៍ជនជាតិដើមភាគតិចនៅតំបន់នោះ បានដាក់ពាក្យប្ដឹងសុំឲ្យសមត្ថកិច្ច និងស្ថាប័នតុលាការចាត់វិធានការស្វែងរកអ្នកប្រព្រឹត្ត និងជនពាក់ព័ន្ធទិញលក់ដីតំបន់នោះក្ដី។
ជនជាតិដើមភាគតិចភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ព្រៃឈើរាប់សិបហិកតារនៅខាងត្បូងភ្នំអាត ក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវគេអាររំលំបន្ថែមទៀតដើម្បីរានយកដី។
កាលពីថ្ងៃទី៩ ខែសីហា ពលរដ្ឋភូមិសមុទ្រក្រោម ដែលចូលព្រៃរកគោបានប្រទះឃើញមនុស្សមួយក្រុមមានម៉ាស៊ីនកាត់ឈើបីគ្រឿង កំពុងអាររំលំឈើអស់រាប់សិបហិកតារនៅចម្ងាយប្រមាណ ៥០០ម៉ែត្រពីជើងភ្នំអាត បន្តពីកន្លែងអាររំលំដើមឈើដែលសហគមន៍ប្រទះឃើញពីរលើកកាលពីខែមិថុនា និងខែកក្កដា កន្លងទៅ។
ពលរដ្ឋភូមិសមុទ្រក្រោម លោក អូច ខាណា បញ្ជាក់ថា ម៉ាស៊ីនកាត់ឈើលាន់ទ្រហឹងពេញព្រៃ ខណៈព្រៃឈើស្រស់ៗបានដួលរលំលើផ្ទៃដីប្រវែង ២០០ ទៅ ៣០០ម៉ែត្រ តាមបណ្ដោយព្រំដីដែលគេបាញ់ថ្នាំពណ៌កាលពីខែមិថុនា។ លោកថា បានផ្ដល់ព័ត៌មាននេះជូនអាជ្ញាធរភូមិឃុំភ្លាមៗដើម្បីចាត់វិធានការទប់ស្កាត់ការកាប់រាននេះ៖ «កាប់រំលំពីត្បូងទៅជើង ឥឡូវគេរំលំច្រើនទៀត អាធំ! ២០០ម៉ែត្រ ឃើញតែដើមឈើដួល។ ខ្ញុំឃើញម្សិលមិញទៅរកគោក្នុងព្រៃ ខ្ញុំឮត្រង់ស៊ីន័របីគ្រឿង»។
នេះជាលើកទីបីហើយដែលពលរដ្ឋភូមិសមុទ្រក្រោម បានប្រទះឃើញសកម្មភាពកាប់រានព្រៃក្នុងដែនជម្រកសត្វ តាំងពីចុងខែមិថុនា មកទល់នឹងពេលនេះ។ តាមការប៉ាន់ប្រមាណព្រៃឈើរាប់រយហិកតារឋិតនៅខាងត្បូងភ្នំអាត ត្រូវគេអាររលំ ប៉ុន្តែមិនទាន់ដុតរាននៅឡើយ។
នាយករងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី លោក សាន សានី ទទួលស្គាល់ថា មន្ត្រីអនុរក្ស និងសមត្ថកិច្ចមូលដ្ឋានមួយក្រុមបានចុះទៅកាន់តំបន់នោះហើយ បន្ទាប់ពីទទួលព័ត៌មានទាក់ទិនបទល្មើសព្រៃឈើនេះ។ លោកថា កន្លងទៅនេះ មន្ត្រីអនុរក្សបានរៀបចំរបាយការណ៍ទាក់ទិនសកម្មភាពលួចកាប់រានព្រៃនេះជូនអាជ្ញាធរពាក់ព័ន្ធរួចហើយ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពិស្ដារពីរបាយការណ៍នោះទេ៖ «ខ្ញុំសហការជាមួយអាជ្ញាធរដែនដីទាំងអស់ ចាំមើលក្រុមការងារខ្ញុំនៅធ្វើការ»។
កាលពីចុងខែមិថុនា ព្រៃឈើនៅតំបន់ភ្នំអាត ត្រូវគេយកថ្នាំពណ៌បាញ់នៅលើដើមឈើធ្វើជាព្រំ ហើយចាប់ពីចំណុចបាញ់ថ្នាំពណ៌នោះ ដើមឈើត្រូវគេអាររំលំទំហំទទឹងប្រមាណ ១០ម៉ែត្រ និងបណ្ដោយជាង ៣គីឡូម៉ែត្រ រហូតទល់នឹងជើងភ្នំអាត សំគាល់ជាព្រំដី។ ក្នុងតំបន់ហ៊ុមព័ទ្ធនោះដើមឈើប្រមាណ ៣០ ទៅ ៤០ហិកតារ ត្រូវគេអាររំលំថ្មីៗ។ បន្ទាប់មកនៅជាងពាក់កណ្ដាលខែកក្កដា ព្រៃឈើរាប់រយហិកតារថ្មីទៀត ត្រូវគេលួចអារបន្តនៅតំបន់នោះ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខុន្នី ចាត់ទុកករណីនេះថា ជាឧក្រិដ្ឋកម្មព្រៃឈើ ខណៈសមត្ថកិច្ចមិនអាចទប់ស្កាត់ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវបាន។ លោកកត់សំគាល់ថា បទល្មើសព្រៃឈើនេះសហគមន៍បានស្គាល់អត្តសញ្ញាណអ្នកស៊ីឈ្នួលអារំលំព្រៃឈើចំនួនពីរនាក់ ហេតុនេះការស្វែងរកជនពាក់ព័ន្ធអាចធ្វើទៅបាន ប្រសិនអាជ្ញាធរមានឆន្ទៈបង្ក្រាប៖ «នៅតែកាប់ទន្ទ្រានដដែលៗសហគមន៍គាត់រាយការណ៍ជាបន្តបន្ទាប់ ហើយមិនបានទប់ស្កាត់ព្រៃឈើដែលកំពុងកើតឡើង អាហ្នឹងជាកំហុសធំ»។
រហូតមកទល់នឹងម៉ោង ៣រសៀល ថ្ងៃទី១០ ខែសីហា ក្រុមសមត្ថកិច្ចចម្រុះដែលចុះទៅបង្ក្រាបទីតាំងកាប់រានដី បានទៅដល់ភ្នំអាត និងបានរកឃើញកន្លែងកាប់រានថ្មីនោះហើយ។ តាមការវាយតម្លៃជំហានដំបូង ព្រៃឈើជាង ៥ហិកតារត្រូវបានគេលួចអាររំលំថ្មីនេះ៕