
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយកម្ទេចកងកម្លាំងរបស់ប្រទេសឡាវ ដែលចូលទឹកដីកម្ពុជា តំបន់អូរអាលៃ ក្នុងខេត្តស្ទឹងត្រែង ប្រសិនបើ រដ្ឋាភិបាលនេះមិនព្រមដកទ័ពចេញពីទឹកដីកម្ពុជាជាប់ព្រំដែន យ៉ាងយូរថ្ងៃទី១៧ សីហា។
លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីប្រកាស និងផ្ទេរភារកិច្ចថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែសីហា។
លោក ហ៊ុន សែន ថា ប៉ុន្មានថ្ងៃនេះ លោកបានផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីឡាវហើយ ពីករណីដែលកងកម្លាំងរបស់ឡាវឆ្លងទន្លេសេកុង ចូលទឹកដីកម្ពុជា ក្នុងហេតុផលទប់ស្កាត់កម្ពុជាធ្វើផ្លូវ ខណៈទីដែលសង់ផ្លូវទាំងនេះជាទឹកដីរបស់កម្ពុជា ប៉ុន្តែរហូតមកពេលនេះ លោកថា ភាគីឡាវមិនតបលិខិតលោកវិញនៅឡើយ។
ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ថា លោកគ្រោងទៅជួបនាយករដ្ឋមន្ត្រីឡាវភ្លាមៗ បើសិនឡាវព្រមជួបជជែកគ្នាពីការដកកម្លាំងចេញពីទឹកដីកម្ពុជា។ លោកថា លោកធ្លាប់ហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីឡាវរួចហើយពីករណីនេះ ប៉ុន្តែលោកថា ខាងលើនិយាយគ្នាត្រូវ តែខាងក្រោមនិយាយគ្នាមិនត្រូវសោះ រហូតដល់លោកចង់ទៅជួបមេដឹកនាំឡាវតែម្ដង ដើម្បីសួរឲ្យច្បាស់ថា ដក ឬមិនដក មុននឹងកម្ពុជាសម្រេចប្រើកម្លាំង។
លោកបន្តថា បើសិនឡាវអះអាងថា ទីតាំងដែលកងកម្លាំងខ្លួនកំពុងឈរជើងនោះជាទឹកដីរបស់ឡាវ លោក ហ៊ុន សែន ស្នើប្រទេសឡាវប្ដឹងទៅតុលាការអន្តរជាតិឡាអេទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហានេះ។
លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនចង់បង្កសង្គ្រាម ឬវាយប្រហារប្រទេសណាទេ តែដើម្បីការពារទឹកដីកម្ពុជា នោះលោកត្រូវតែធ្វើ។
លោកបន្តថា កងកម្លាំងឡាវទើបឆ្លងចូលទឹកដីកម្ពុជា ចាប់ពីខែមេសា ឆ្នាំ២០១៧ ដើម្បីទប់ស្កាត់កម្ពុជាធ្វើផ្លូវ ហើយភ្លាមៗកម្ពុជាក៏ព្រមផ្អាកសកម្មភាពធ្វើផ្លូវនោះដើម្បីបញ្ចៀសបញ្ហាជាបណ្ដោះអាសន្ន។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋាភិបាលឡាវ បានចាប់ផ្ដើមបញ្ជូនកងកម្លាំងយោធាប្រដាប់អាវុធរបស់ខ្លួន មករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាងាវ និងអូរអាល័យ លើកោះឫស្សី នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បន្តមកទៀត យោធាឡាវក៏បន្តឈរជើងលើទឹកដីខ្មែរនៅកោះឫស្សីដដែល ពុំមានអ្វីប្រែប្រួលទេ បំណងរារាំងកងកម្លាំងវិស្វកម្មកម្ពុជា មិនឲ្យស្ថាបនាផ្លូវនៅតំបន់នោះ និងចង់គ្រប់គ្រងទីនោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារបន្តទៀត...